គណៈរដ្ឋមន្ត្រីចាត់ទុកការរកឃើញផែនទីថ្មីរបស់លោក អ៊ុំ សំអាន ថាញុះញង់បង្កអសន្តិសុខ
ដោយ ម៉ម មុនីរតន៍
2015-10-08
2015-10-08
(((
School of Vice: Believe nothing until it's been officially denied by this VC regime ...
)))
មន្ត្រីជំនាញកិច្ចការព្រំដែនរបស់រដ្ឋាភិបាល នៅបន្តស្ងប់ស្ងាត់នៅឡើយចំពោះការរកឃើញថា ផែនទីបោនខ្នាត ១/១០០.០០០ របស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅអង្គការសហប្រជាជាតិ (អ.ស.ប)។ ស្របពេលមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន បន្តស្ងប់ស្ងាត់នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រីវិញ ចាត់ទុកថា នេះគឺជាការបង្កឧបាយកលទុច្ចរិត និងបំពុលបរិយាកាសរបស់ លោក អ៊ុំ សំអាន។
មន្ត្រីរដ្ឋាភិបាល នៅបន្តឆ្លើយដាក់គ្នាទៅវិញទៅមកនៅឡើយ និងពុំទាន់មានសញ្ញាណាមួយ ថានឹងចាត់វិធានការបែបណាចំពោះការអះអាងរបស់អ្នកតំណាងរាស្ត្រគណបក្សជំទាស់ ដែលប្រកាសជំហរថា បានរកឃើញផែនទីដែលអះអាងថា ខុសគ្នាពីអ្វីដែលរដ្ឋាភិបាលធ្លាប់ផ្ទៀងផ្ទាត់កន្លងទៅ។
កាលពីថ្ងៃទី៧ ខែតុលា លោក អ៊ុំ សំអាន ថ្លែងប្រាប់វិទ្យុអាស៊ីសេរី ថា លោករកឃើញផែនទីបោនខ្នាត ១/១០០.០០០ ខុសពីអ្វីដែលរដ្ឋាភិបាលធ្លាប់ផ្ទៀងផ្ទាត់ គឺខ្នាត យូ.ធី.អឹម (UTM) ១/១០០.០០០ ដែលធ្លាប់សុំខ្ចីពីអង្គការសហប្រជាជាតិ។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា ទម្លាក់ការទទួលខុសត្រូវរឿងនេះ ឲ្យទៅទាក់ទងក្រសួងការបរទេស វិញ។ ម្យ៉ាងវិញទៀត លោកក៏នឹងពុំទាន់មានអ្វីដែលត្រូវឆ្លើយតបការអះអាងនេះនៅឡើយដែរ។
ចំណែកមន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បដិសេធថា លោកនៅពុំទាន់ទទួលបានព័ត៌មាននេះច្បាស់លាស់នៅឡើយ។ ហេតុនេះ លោកពុំអាចធ្វើអត្ថាធិប្បាយបានទេ។
ក្រុមស្រាវជ្រាវបញ្ហាព្រំដែន នៃរាជបណ្ឌិត្យសភាកម្ពុជា បង្ហាញផែនទីដែលបានពីភាគីពាក់ព័ន្ធដល់អ្នកសារព័ត៌មាន នារាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥។ RFA/Tin Zakariya
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលកំពុងមានវត្តមាននៅសហរដ្ឋអាមេរិក ឲ្យដឹងតាមរយៈបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៧ តុលា ថា លោកបានរកឃើញផែនទីបោនខ្នាត ១/១០០.០០០ ដែលកំពុងតម្កល់នៅអង្គការសហប្រជាជាតិ។ លោកអះអាងថា ផែនទីដែលរកឃើញនេះ ប្រហែលជាមិនដូចផែនទីដែលរដ្ឋាភិបាលផ្ទៀងផ្ទាត់នោះទេ។ លោក អ៊ុំ សំអាន ទទូចឲ្យរដ្ឋាភិបាលកម្ពុជា ដាក់សំណើជាថ្មីឡើងវិញ ដើម្បីសុំខ្ចីផែនទីពីអង្គការសហប្រជាជាតិ ដើម្បីពិនិត្យ។ ជាងនេះទៀត លោកយល់ឃើញថា ផែនទីដែលលោកទើបតែរកឃើញនេះ គឺស៊ីគ្នាទៅនឹងរដ្ឋធម្មនុញ្ញត្រង់មាត្រា២ ដែលធានាពីអធិបតេយ្យភាពរបស់កម្ពុជា។ លោកបន្តថា «ខ្ញុំសូមអំពាវនាវទៅរដ្ឋាភិបាល សុំស្នើទៅ លោក បាន គីមូន (Ban Ki-moon) ម្ដងទៀត ដើម្បីសុំខ្ចីផែនទីផ្ទៀងផ្ទាត់ជាមួយផែនទីរដ្ឋាភិបាល ហើយប្រើផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិ ទោះបីដូច ឬមិនដូចគ្នាអី»។
មាត្រា២ នៃរដ្ឋធម្មនុញ្ញចែងថា បូរណភាពទឹកដីរបស់កម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៣៥ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩។
កាលពីថ្ងៃទី២០ សីហា រដ្ឋាភិបាលកម្ពុជា បានផ្ទៀងផ្ទាត់ផែនទីភ្លាមៗបន្ទាប់ពីទទួលបានពីអង្គការសហប្រជាជាតិ ចំនួន ១៨ផ្ទាំង ដើម្បីពិនិត្យជាមួយផែនទីដែលរដ្ឋាភិបាលមាន និងកំពុងប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែនជាមួយវៀតណាម។ បើទោះបែបណា លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ បានពន្យល់ថា ផែនទីដែលបានបញ្ជូនមកនេះ គឺពុំដូចផែនទីដែលរដ្ឋាភិបាលចង់បាននោះទេ។
លោកបណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ប្រសិនបើផែនទីដែល លោក អ៊ុំ សំអាន រកឃើញនោះ គឺជាផែនទីពិត ហើយអ្នកដែលមានកំហុស គឺអង្គការសហប្រជាជាតិ។ ផ្ទុយទៅវិញ ក្នុងករណីអ្នកតំណាងរាស្ត្របក្សជំទាស់និយាយមិនពិតទេ គឺប្រហែលជាអាចបង្កទៅជាជម្លោះទៅវិញក្នុងរឿងព្រំដែននេះ។ លោកបន្តថា «អ៊ីចឹងបើសិនជាអង្គការសហប្រជាជាតិ យើងសុំ ហើយគេឲ្យ អាហ្នឹងហើយមានអានោះទៀត អ៊ីចឹងអ្នកខុស គឺអង្គការសហប្រជាជាតិ។ នៅត្រង់ចំណុចនេះ យើងគិតចេញជាពីរទៀត ទីមួយ បើឯកឧត្ដម អ៊ុំ សំអាន ពិតជារកឃើញមែន អង្គការសហប្រជាជាតិ ជាអ្នកទទួលខុសមែនទែន ប៉ុន្តែបើឥតមានមែន ខ្ញុំជឿជាក់ថា ឯកឧត្ដម អ៊ុំ សំអាន ភូតប្រជាពលរដ្ឋ ក៏ដូចជាធ្វើឲ្យអង្គការសហប្រជាជាតិ ក្លាយជាដៃគូសត្រូវនឹងគ្នា»។
សកម្មភាពបង្ហាញពីការផ្ទៀងផ្ទាត់ផែនទី របស់អង្គការសហប្រជាជាតិ និងផែនទីរាជរដ្ឋាភិបាល ដោយមន្ត្រីរដ្ឋាភិបាល នាវិមានសន្តិភាព នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥។ RFA/Brach Chev
លោក អ៊ុំ សំអាន អះអាងថា ការពិត ផែនទីបោនខ្នាត ១/១០០.០០០ គឺមានតម្កល់នៅអង្គការសហប្រជាជាតិ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលដែលទៅសុំខ្ចីនោះ បែរជាយកផែនទីខ្នាត យូ.ធី.អឹម ១/១០០.០០០ វិញ។ លោកបន្តថា មន្ត្រីប្រចាំបណ្ណាល័យអង្គការសហប្រជាជាតិ អះអាងថា ផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិ មានច្រើនទាក់ទងជាមួយវៀតណាម ប៉ុន្តែគេមិនដឹងថា តើកម្ពុជា នឹងសុំខ្ចីខ្នាតណាមួយ? លោកបន្តថា «ខ្ញុំសួរថា ហេតុអីបានជារដ្ឋាភិបាលមិនចង្អុលយកផែនទីបោនខ្នាត ១/១០០.០០០ ដែលខ្ញុំរកឃើញ។ គាត់ថា ធ្វើម៉េចខ្ញុំដឹង បើខ្ញុំបង្ហាញគេដែរ។ ហេតុដូច្នេះ បន្ទាប់ពីហ្នឹងមក រដ្ឋាភិបាលចង្អុលបង្ហាញផែនទី យូ.ធី.អឹម ខ្នាត ១/១០០.០០០ ហ្នឹងហើយ បន្ទាប់មកបាន លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ហ្នឹង សរសេរលិខិតទៅ លោក ហ៊ុន សែន ហើយយកផែនទីហ្នឹងយកទៅស្រុកខ្មែរ»។
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី ប្រតិកម្មនៅថ្ងៃទី៨ តុលា ដោយចាត់ទុកថា នេះជាទង្វើដ៏គឃ្លើនឥតឈប់របស់ លោក អ៊ុំ សំអាន ដែលញុះញង់បង្កនូវអស្ថិរភាពសង្គម និងអសន្តិសុខ។ លើសពីនេះទៀត ការបំបែកបំបាក់ឯកភាពជាតិតាមរយៈការបំពានច្បាប់យ៉ាងកំរោល ហើយរដ្ឋាភិបាលមានកាតព្វកិច្ចយ៉ាងម៉ឺងម៉ាត់នូវវិធានការច្បាប់ ដើម្បីការពាររដ្ឋធម្មនុញ្ញ។
លោក អ៊ុំ សំអាន បញ្ជាក់ថា លោកបានរកឃើញផែនទីបោនខ្នាត ១/១០០.០០០ ដែលត្រូវបានដាក់តម្កល់នៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៥៤ គឺរយៈពេលជិតបីខែ ក្រោយពីសន្និសីទក្រុងហ្សឺណែវ (Geneva) កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំដដែលស្តីអំពីឯករាជភាព និងបូរណភាពទឹកដីឥណ្ឌូចិន ដែលមានកម្ពុជា វៀតណាម និងឡាវ។
ជុំវិញរឿងនេះ លោក អ៊ុំ សំអាន លើកឡើងថា លោកនឹងមិនបញ្ជូនឯកសារផែនទីដែលលោករកឃើញពីបណ្ណាល័យអង្គការសហប្រជាជាតិ ដោយផ្ទាល់ទេ ព្រោះដើម្បីចៀសវាងការចោទប្រកាន់ថា បង្កបញ្ហា។ បន្ថែមពីលើនេះ លោកស្នើឲ្យរដ្ឋាភិបាលសុំខ្ចីដោយផ្ទាល់ពីអង្គការសហប្រជាជាតិ វិញ៕
No comments:
Post a Comment