A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 31 July 2015

បក្ស​ប្រឆាំង​ស្នើ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ត្រួត​ពិនិត្យ​ធម្មនុញ្ញភាព​នៃ​ខ្លឹមសារ​ច្បាប់​អង្គការ

ដោយ ម៉ម មុនីរតន៍
2015-07-30 rfa

លោក សុន ឆ័យ តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នៅ​មុខ​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Morm Moniroth


នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ស្នើ​សុំ​ឲ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ត្រួត​ពិនិត្យ​មើល​ពី​ធម្មនុញ្ញភាព​នៃ​ខ្លឹមសារ​ច្បាប់​អង្គការ និង​សមាគម ដែល​បាន​បញ្ជូន​ដល់​ដៃ​ស្ថាប័ន​កំពូល​នេះ​ហើយ។ ច្បាប់​ស្ដីពី​អង្គការ និង​សមាគម​ដែល​ត្រូវ​បាន​រដ្ឋសភា និង​ព្រឹទ្ធសភា អនុម័ត​ដ៏​ចម្រូងចម្រាស​កាល​ពី​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ថា គឺ​ជា​ច្បាប់​ដែល​មិន​បាន​បម្រើ​ឲ្យ​ផល​ប្រយោជន៍​​សាធារណៈ​ទេ។

ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ខាង​ក្រៅ​របង​ព្រឹទ្ធសភា តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ដែល​បាន​បញ្ជូន​លិខិត​ស្នើ​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​លើ​ធម្មនុញ្ញភាព​នៃ​ច្បាប់​នេះ អះអាង​ថា បើ​ទោះ​ជា​ពុំ​មាន​សង្ឃឹម​ថា ស្ថាប័ន​កំពូល​ដែល​ត្រូវ​បាន​គេ​ដឹង​ជា​ទូទៅ​ហើយ​ថា ធ្វើ​ការ​ភាគ​ច្រើន​ការពារ​ផលប្រយោជន៍​ឲ្យ​គណបក្ស​កាន់​អំណាច​ក៏​ដោយ​ចុះ ក៏​គណបក្ស​ជំទាស់​នៅ​តែ​តស៊ូ​មតិ ដើម្បី​ឲ្យ​មាន​ការ​កែទម្រង់​លើ​ខ្លឹមសារ​ដែល​មាន​លក្ខណៈ​រឹតត្បិត​ដ៏​ចង្អៀត​មួយ​នេះ។

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក សុន ឆ័យ និង​សមាជិក​ព្រឹទ្ធ​សភា ២​រូប​ទៀត បង្ខំ​ចិត្ត​ធ្វើ​សន្និសីទ​កាសែត​នៅ​ខាង​មុខ​របង​ចូល​វិមាន​ព្រឹទ្ធសភា​វិញ​ម្ដង បន្ទាប់​ពី​ត្រូវ​គេ​ហាមឃាត់​មិន​អោយ​ជួបជុំ​ផ្ដល់​បទសម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុង​បរិវេណ​ខាង​ក្នុង​ព្រឹទ្ធ​សភា។ លោក សុន ឆ័យ ថ្លែង​ថា ច្បាប់​អង្គការ និង​សមាគម​នេះ ពិត​ជា​មាន​ស្ថានភាព​រឹត​ត្បិត​ហួសហេតុ៖ «ប្រែប្រួល​តិចតួច​មែន​ទែន គ្រាន់​តែ​កែ​ចំនួន​សមាជិក​ដែល​ត្រូវ​បង្កើត​អង្គការ​ពី ៥ ទៅ ៣។ អត់​មាន​នឹង​កែ គឺ​គ្រាន់​តែ​ពាក្យពេចន៍​តិចតួច។ ដូច្នេះ​ខ្លឹមសារ​ធំៗ​ដែល​មាន​មាន​ការ​តវ៉ា មាន​ការ​ព្រួយ​បារម្ភ​ពំ​សំណាក់​អង្គការ​អន្តរជាតិ និង​ប្រជាពលរដ្ឋ ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក គឺ​អត់​មាន​ឃើញ​មាន​ការ​កែប្រែ​ទេ»។



ច្បាប់​អង្គការ និង​សមាគម​ដែល​ស្ថិត​ក្រោម​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ដ៏​ចម្រូងចម្រាស​នេះ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ​ដោយ​សមាជិក​សភា​របស់​គណបក្ស​កាន់​អំណាច​បោះ​ឆ្នោត​យល់ព្រម ដោយ​ពុំ​មាន​ការ​ដេញ​ដោយ​អ្វី​ច្រើន​ឡើយ។ គណបក្ស​ប្រឆាំង​យល់​ឃើញ​ថា មូលហេតុ​ដែល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី មិន​ចូល​រួម​អនុម័ត​ច្បាប់​នេះ ព្រោះ​តំណាងរាស្ត្រ​ និង​សមាជិក​ព្រឹទ្ធសភា​មក​ពីគណបក្ស​កាន់​អំណាច មិន​ព្រម​ទទួល​យក​ការ​ពិគ្រោះ​យោបល់​ចាប់​តាំង​ពី​ក្នុង​គណៈកម្មការ​ជំនាញ​ឡើង​ទៅ។

លិខិត​ចំនួន ១២​ទំព័រ ដែល​មាន​ចុះ​ហត្ថលេខា​របស់​តំណាងរាស្ត្រ​របស់​គណបក្ស​ជំទាស់ ១៣​រូប​ដែល​ស្នើ​សុំ​ឲ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​លើ​ធម្មនុញ្ញភាព​នៃ​អង្គការ និង​សមាគម​នេះ ខ្លឹមសារ​សំខាន់​ៗ ដែល​ត្រូវ​ធ្វើ​វិសោធនកម្ម​ឡើង​វិញ ដូចជា​ការ​ចុះ​បញ្ជី​អង្គការ សមាគម ការ​កំណត់​អាយុ​ចាប់​ពី ១៨​ឆ្នាំ ឡើង​ទៅ របស់​ស្ថាបនិក។ ដាក់​កម្រិត​ឲ្យ​ធ្វើ​សកម្មភាព​របស់​អង្គការ សមាគម​ក្នុង​ស្រុក ត្រូវ​ធ្វើ​ក្នុង​ទិសដៅ​មួយ​ចំនួន និង​តម្រូវ​ឲ្យ​អង្គការ​សមាគម​ត្រូវ​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ ព្រម​ទាំង​ឯកសារ​ពាក់ព័ន្ធ​ទៅ​ក្រសួង​មហាផ្ទៃ ជាដើម។

លោក អំ សំអាត មន្ត្រី​ជាន់ខ្ពស់​អង្គការ​លីកាដូ (Licadho) យល់​ឃើញ​ថា ការ​មិន​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​យក​ព័ត៌មាន​នៅ​ខាង​ក្នុង​បរិវេណ​នៃ​វិមាន​ព្រឹទ្ធសភា ឆ្លុះ​បញ្ចាំង​កាន់​តែ​ច្បាស់​ថា ជា​ការ​រឹត​ត្បិត​សេរីភាព​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។ មួយ​វិញ​ទៀត បើ​ប្រទេស​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​ពិត​មែន ច្បាប់​មួយ​ដែល​អនុម័ត​រួច​ហើយ​មាន​ភាព​ចម្រូងចម្រាស​របៀប​នេះ រដ្ឋសភា​គឺ​គេ​ត្រូវ​លើក​ទៅ​ពិនិត្យ និង​ពិគ្រោះ​យោបល់​ឡើង​វិញ​ហើយ៖ «ជា​ធម្មតា​យើង​ឃើញ​បណ្ដា​ប្រទេស​គេ កាល​ណា​ច្បាប់​ដែល​ចម្រូងចម្រាស​ដូច្នេះ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នេះ​ដើរ​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ពិនិត្យ​ ដោយ​ឯករាជ្យ​នៃ​ច្បាប់​ហ្នឹង»។

លោក សុន ឆ័យ ថ្លែង​ក្រោយ​បិទ​បញ្ចប់​សន្និសីទ​កាសែត​ថា លិខិត​ស្នើ​សុំ​របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ជំទាស់ ត្រូវ​បាន​លេខា​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទទួល​យក​រួច​ហើយ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​កក្កដា។

ជាមួយ​គ្នា​នេះ សមាគម​ការពារ​សិទ្ធិ​មនុស្ស (Adhoc) និង​អង្គការ​លីកាដូ ក៏​បាន​ចេញ​លិខិត​អំពាវនាវ​រួម​គ្នា​មួយ ដោយ​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បដិសេធ​ច្បាប់​នេះ ដែល​ត្រូវ​បាន​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​គ្រប់គ្រង​អំណាច អនុម័ត​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ជា​ឯកច្ឆន្ទ៕​

No comments: