2015-05-30 rfa
ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោក ស្កត់ បឺសប៊ី (Scott Busby)។
Photo courtesy of state.gov
|
ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោក ស្កត់ បឺសប៊ី (Scott Busby) នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិថុនា ខាងមុខ។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៩ ឧសភា ឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក ស្កត់ បឺសប៊ី នឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីពិភាក្សាអំពីបញ្ហាមួយចំនួនមានដូចជា អំពីសេចក្តីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល អំពីសិទ្ធិការងារ និងអំពីប្រធានបទផ្សេងទៀត ទាក់ទងនឹងសិទ្ធិមនុស្ស។
ដំណើរទស្សនកិច្ចរបស់ លោក ស្កត់ បឺសប៊ី ធ្វើឡើងចំពេលដែលអង្គការសង្គមស៊ីវិល កំពុងរិះគន់ទៅលើដំណើរការធ្វើសេចក្តីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល។ ដំណើរទស្សនកិច្ចនេះ ក៏ធ្វើឡើងនៅក្រោយពេលដែលក្រសួងការបរទេសកម្ពុជា បានព្រមានទៅលើទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា មិនឲ្យរិះគន់ទៅលើសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាល។ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក វីល្លៀម ថត (William Todd) ក៏ត្រូវបានក្រសួងការបរទេស ចាត់ទុកថា ព្រហើនខ្លាំង ដោយសារតែលោកបានរិះគន់សេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាលនៅលើបណ្ដាញសារព័ត៌មាន។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ឲ្យដឹងដែរថា នៅថ្ងៃបញ្ចប់នៃដំណើរទស្សនកិច្ច លោក ស្កត់ បឺសប៊ី លោកក៏នឹងធ្វើសន្និសីទសារព័ត៌មាននៅស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ផងដែរ៕
No comments:
Post a Comment