A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Saturday, 30 May 2015
ពលរដ្ឋនៅត្បូងឃ្មុំស្នើអាជ្ញាធរចាត់វិធានការលើក្រុមហ៊ុននាំពលករទៅជប៉ុន
ដោយ សូត សុខប្រាថ្នា
2015-05-30 rfa
ពលរដ្ឋនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាំគ្នាមកដាក់ពាក្យបណ្ដឹងនៅសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) និងស្នើឲ្យអាជ្ញាធរ ជួយអន្តរាគមន៍ជុំវិញករណីក្រុមហ៊ុននាំពលករទៅធ្វើការប្រទេសជប៉ុន ឈ្មោះ រ៉ាយ ណេតធ្យូរ៉ល់ (Rice Natural) មិនបានគោរពតាមកិច្ចសន្យា។ ពលរដ្ឋចោទប្រកាន់ក្រុមហ៊ុនថា បានប្រមូលប្រាក់ពួកគាត់ ប៉ុន្តែមិនបាននាំពួកគាត់ទៅធ្វើការនៅប្រទេសជប៉ុន ដូចការផ្សព្វផ្សាយឡើយ។
ពលរដ្ឋនៅស្រុកក្រូចឆ្មារ ហៅក្រុមហ៊ុននាំពលករទៅធ្វើការនៅប្រទេសជប៉ុន ឈ្មោះ រ៉ាយ ណេតធ្យូរ៉ល់ ថាជាក្រុមហ៊ុនបោកប្រាស់ប្រជាពលរដ្ឋ។ ការអះអាងដូចនេះ បន្ទាប់ពីពួកគាត់បានបង់ប្រាក់ឲ្យក្រុមហ៊ុននេះជាច្រើនរយដុល្លារ កាលពីឆ្នាំ២០១៤ ដោយខាងក្រុមហ៊ុនសន្យាថានឹងនាំទៅធ្វើការនៅប្រទេសជប៉ុន នៅឆ្នាំ២០១៥ ក៏ប៉ុន្តែរហូតពេលនេះ គ្មានដំណឹងពីក្រុមហ៊ុនឡើយ។ លើសពីនេះទៀត អាសយដ្ឋាន និងលេខទំនាក់ទំនងក្រុមហ៊ុន គឺមិនអាចទាក់ទងបានទៀត។
ពលរដ្ឋម្នាក់នៅភូមិទ្រា ឃុំក្រូចឆ្មារ លោក ស្មាអែល ប៉ារ៉ានី ឲ្យដឹងថា ចាប់តាំងពីដាក់ពាក្យនៅក្រុមហ៊ុននាំពលករទៅប្រទេសជប៉ុន ឈ្មោះ រ៉ាយ ណេតធ្យូរ៉ល់ អស់ប្រាក់ជាង ៣០០ដុល្លារ លោកតែងតែព្យាយាមសាកសួរទៅភាគីក្រុមហ៊ុន ថាតើពួកគាត់នឹងត្រូវចូលរៀនពេលណា ហើយនឹងអាចបានចេញទៅធ្វើការងារនៅប្រទេសជប៉ុន ពេលណា? លោកបន្តថា ខាងក្រុមហ៊ុនបានសន្យាមួយខែជាពីរខែ ថានឹងនាំពួកគាត់ទៅធ្វើការប្រទេសជប៉ុន។ ចុងក្រោយសន្យាថានៅពេលបុណ្យចូលឆ្នាំខ្មែររួច នឹងនាំពួកគាត់ចេញទៅ ប៉ុន្តែការសន្យា គឺមិនពិតទេ៖ «ខ្ញុំនឹងឃើញថា ក្រុមហ៊ុនហ្នឹងជាក្រុមហ៊ុនបោកប្រាស់អ៊ីចឹង នៅពេលដល់ផ្ទះពេលឃើញវិក្កយបត្រហ្នឹងអត់មានឈ្មោះក្រុមហ៊ុន អត់មានអី»។
ក្រុមហ៊ុននាំពលករទៅធ្វើការនៅប្រទេសជប៉ុន មួយនេះ មានទីតាំងនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ពលរដ្ឋនៅស្រុកក្រូចឆ្មារ ប្រមាណជាង ១០នាក់ នាំគ្នាទៅដាក់ពាក្យ និងបង់ប្រាក់ចំនួនចាប់ពីជាង ៣០០ដុល្លារ ទៅ ៤០០ដុល្លារ អាស្រ័យលើពួកគេមានលិខិតឆ្លងដែនឬអត់។ ពលរដ្ឋទាំងនោះ ទទួលបានព័ត៌មានតាមវិទ្យុផ្សព្វផ្សាយ និងទទួលដំណឹងតគ្នាតាមរយៈមិត្តភក្ដិផង ដោយក្រុមហ៊ុន រ៉ាយ ណេតធ្យូរ៉ល់ ថានឹងរកការងារនៅប្រទេសជប៉ុន ឲ្យធ្វើ ដោយទទួលបានប្រាក់ខែខ្ពស់ចាប់ពី ១.៥០០ដុល្លារ ទៅ ២ពាន់ដុល្លារក្នុងមួយខែ។
ទោះជាយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងភាគីក្រុមហ៊ុនបានទេនៅថ្ងៃទី៣០ ឧសភា ដោយទូរស័ព្ទរបស់ក្រុមហ៊ុនបានបិទទៅហើយ។
យ៉ាងណា ពលរដ្ឋម្នាក់ទៀតនៅឃុំក្រូចឆ្មារ លោក ស្លេះ សុក្រគ្រី ស្នើឲ្យក្រសួងពាក់ព័ន្ធ ចាត់វិធានការលើក្រុមហ៊ុននេះ និងទាមទារប្រាក់ដែលបង់ឲ្យក្រុមហ៊ុនត្រឡប់មកវិញ ព្រោះប្រាក់ដែលលោកយកទៅបង់ឲ្យក្រុមហ៊ុនកាលពីខែធ្នូ ឆ្នាំ២០១៤ គឺជាប្រាក់ចងការពីគេទេ៖ «អ្នកខ្លះដូចជាខ្ញុំអីចងការប្រាក់គេ ដើម្បីបានទៅធ្វើការនៅក្រៅប្រទេស ដើម្បីបានលុយជួយគ្រួសារ។ ហើយប្រាំប្រាំមួយខែមកបែរបោកគ្នាអ៊ីចឹង។ គ្នាបង់ការប្រាក់រហូត»។
ទាក់ទងបញ្ហានេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នាង សុវ៉ាត មានប្រសាសន៍ថា ខាងលោកនឹងដាក់លិខិតអន្តរាគមន៍ទៅខាងមន្ទីរការងារខេត្ត រួមនឹងក្រសួងពាក់ព័ន្ធផង ដើម្បីឲ្យចាត់វិធានការលើក្រុមហ៊ុននេះ ទាមទារទៅតាមការស្នើសុំរបស់ពលរដ្ឋទាំងនោះ។ លោកបន្ថែមថា បញ្ហានេះតែងកើតមានជារឿយៗ ដែលបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ។ លោកឲ្យដឹងទៀតថា ក្រសួងពាក់ព័ន្ធក៏មានចំណែកទទួលខុសត្រូវចំពោះការខាតបង់ និងភាពរងគ្រោះរបស់ពលរដ្ឋដែរ៖ «រឿងនេះរាជរដ្ឋាភិបាលយើងបង្កើនការយកចិត្តទុកដាក់ ប៉ុន្តែខ្វះការទទួលខុសត្រូវ។ ភាគច្រើន គឺពលករគាត់ទទួលខុសត្រូវខ្លួនឯង»។
មន្ត្រីសម្របសម្រួលដដែលឲ្យដឹងទៀតថា កន្លងទៅមានក្រុមហ៊ុននាំពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសមួយចំនួន ខិតខំផ្សព្វផ្សាយហួសពីព្រំដែន ធ្វើយ៉ាងណាឲ្យតែគេជឿ ចុងក្រោយបែរបិទទីតាំង ផ្ដាច់ទំនាក់ទំនងជាមួយអ្នកដាក់ពាក្យ និងមិនបានបំពេញតួនាទីនាំពលករទាំងនោះទៅរកការងារធ្វើដូចការសន្យាទេ។
ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋនៅឃុំក្រូចឆ្មារ អំពាវនាវឲ្យពលរដ្ឋនៅទូទាំងប្រទេស គប្បីប្រុងប្រយ័ត្នចំពោះក្រុមហ៊ុននាំពលករទៅក្រៅប្រទេស។ ពលរដ្ឋទាំងនោះថា ប្រសិនបើចង់ទៅធ្វើការនៅប្រទេសក្រៅ ត្រូវសិក្សាពីក្រុមហ៊ុនឲ្យបានច្បាស់លាស់ ដូចជានិរន្តរភាពក្រុមហ៊ុន។ បន្ថែមពីនេះ ថាតើក្រុមហ៊ុននោះមានការទទួលស្គាល់ពីក្រសួងការងារ ឬក៏អត់? និងគប្បីសិក្សាពីទីកន្លែងដែលគេគ្រោងនឹងបញ្ជូនទៅឲ្យបានច្បាស់លាស់ជាមុនសិន ជៀសវាងមានបញ្ហាដូចពួកគេ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment