ដោយ រដ្ឋា វិសាល
2015-05-30 rfa
សន្និសីទកាសែតស្ដីពីការរកឃើញរ៉ែមាស ដោយរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ម៉េង សក្កិធារ៉ា នៅសាលាខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥។
Photo Adhoc
|
ក្រុមហ៊ុនស្រាវជ្រាវរ៉ែលោហៈឈ្មោះ អង្គរហ្គោល (Angkor Gold) កំពុងជួបបញ្ហារាំងស្ទះដោយសារប្រជាពលរដ្ឋសហគមន៍ជនជាតិដើមមួយក្រុមនៅខេត្តរតនគិរី មិនយល់ព្រមឲ្យក្រុមហ៊ុននេះធ្វើការស្រាវជ្រាវនៅតំបន់អ្នកភូមិអភិរក្ស បើទោះរាជរដ្ឋាភិបាលចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុននេះធ្វើប្រតិបត្តិការយ៉ាងណាក្តី។
តើមូលហេតុអ្វី បានជាអ្នកភូមិប្រឆាំងនឹងអាជ្ញាប័ណ្ណស្រាវជ្រាវ? តើក្រុមហ៊ុនបន្តធ្វើការដោះស្រាយដោយវិធីណា?
តំណាងក្រុមហ៊ុនស្រាវជ្រាវរ៉ែលោហៈ អង្គរហ្គោល អះអាងថា ពួកគេកំពុងស្វែងរកលទ្ធភាពធ្វើយ៉ាងណាឲ្យពលរដ្ឋសហគមន៍ យល់ដឹងពីការអភិវឌ្ឍផ្នែកស្រាវជ្រាវរ៉ែ ដែលអនុលោមទៅលើអាជ្ញាប័ណ្ណអនុញ្ញាតដោយក្រសួងរ៉ែ និងថាមពល និងគោរពពេញលេញត្រឹមត្រូវទៅលើលក្ខខណ្ឌដែលក្រសួងជំនាញ បានកំណត់ក្នុងអាជ្ញាប័ណ្ណសម្រាប់ប្រតិបត្តិការរបស់ក្រុមហ៊ុន។
ការអះអាងនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាគ្នារវាងតំណាងក្រុមហ៊ុន និងអង្គការសង្គមស៊ីវិលនៅការិយាល័យសមាគមខ្មែរលើក្នុងក្រុងបានលុង ខេត្តរតនគិរី នៅថ្ងៃទី២៩ ខែឧសភា។
តំណាងក្រុមហ៊ុន អង្គរហ្គោល លោក ម៉ា សំអាត រៀបរាប់ថា ប្រជាពលរដ្ឋភូមិតាំងម្លូ ឃុំញ៉ាង ស្រុកអណ្ដូងមាស មិនយល់ព្រមឲ្យក្រុមហ៊ុនចូលស្រាវជ្រាវនៅតំបន់ប្រតិបត្តិការដែលក្រសួងរ៉ែ បានអនុញ្ញាតនោះទេ បើទោះបីក្រុមហ៊ុនបានអនុវត្តគោលនយោបាយផ្សព្វផ្សាយណែនាំពីគោលការណ៍អភិវឌ្ឍន៍ រួមទាំងលក្ខណៈបច្ចេកទេស និងការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋយ៉ាងណាក្តី។ លោកកត់សម្គាល់ថា ក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន បានព្យាយាមជាច្រើនលើកជួបប្រជុំពន្យល់ និងធានាជុំវិញការព្រួយបារម្ភរបស់អ្នកភូមិ ក៏ប៉ុន្តែពួកគាត់នៅតែបដិសេធ៖ «អ្វីដែលគាត់បានបដិសេធ គឺគាត់មានការភ័យបារម្ភបទពិសោធន៍របស់គាត់កន្លងមក មានក្រុមហ៊ុនចម្ការកៅស៊ូខ្លះចុះមកសន្យាផ្សេងៗ ចុងបញ្ចប់គេឈូសឆាយដីគាត់ដូចគ្នា។ ខាងក្រុមហ៊ុនយើងទទួលយកអ្វីដែលគាត់បានលើកឡើង អ៊ីចឹងយើងខំធ្វើម្តងហើយម្តងទៀត ដើម្បីបញ្ជ្រាបចូលកន្លែងហ្នឹង»។
ក្រសួងរ៉ែ និងថាមពល កាលពីខែកញ្ញា ឆ្នាំ២០១៤ បានចេញអាជ្ញាប័ណ្ណអនុញ្ញាតឲ្យក្រុមហ៊ុន អង្គរហ្គោល សិក្សាស្រាវជ្រាវរ៉ែលោហៈបន្ត និងសិក្សាសមិទ្ធិលទ្ធភាពសេដ្ឋកិច្ចជម្រករ៉ែនៅលើផ្ទៃដីទំហំជិត ២០០គីឡូម៉ែត្រក្រឡា (១៨៧គីឡូម៉ែត្រការ៉េ) នៅតំបន់បរខាំ ស្រុកអណ្ដូងមាស ស្រុកបរកែវ និងស្រុកអូរយ៉ាដាវ ចាប់ពីថ្ងៃចេញអាជ្ញាប័ណ្ណរហូតដល់ចុងខែធ្នូ ឆ្នាំ២០១៦។
បុគ្គលិកផ្នែកបច្ចេកទេសក្រុមហ៊ុន អង្គរហ្គោល លោក កែវ ពិសិដ្ឋ រៀបរាប់ថា ការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន គឺគោរពពេញលេញទៅលើបទដ្ឋានបច្ចេកទេសដែលក្រសួងបានកំណត់ ដូចជាការខួងយកសំណាករ៉ែក្នុងដី សកម្មភាពប្រតិបត្តិការលម្អិត ប្រភេទសំណាកដីរ៉ែត្រូវខួងយក ចំនួនអ្នកបច្ចេកទេស កម្មករ និងមធ្យោបាយក្នុងការប្រតិបត្តិការស្រាវជ្រាវនេះ។ លោកបន្តថា ក្រុមហ៊ុនបានគោរពសិទ្ធិរស់នៅរបស់ពលរដ្ឋជនជាតិដើមភាគតិច។ ហេតុនេះ ទើបក្រុមហ៊ុនធ្វើការពិគ្រោះយោបល់ជាមួយពលរដ្ឋ សុំការឯកភាពមុននឹងបើកប្រតិបត្តិការស្រាវជ្រាវ៖ «មិនត្រូវបានកាប់គាស់ឆ្ការ ឬឈូសឆាយអ្វីទាំងអស់ គ្រាន់តែដើររកដី ឬថ្ម ហើយមានអ្នកជំនាញធ្វើផែនទីថា តំបន់នេះជាប្រភេទថ្មអ្វី? ការសិក្សាស្រាវជ្រាវនេះមានតែជួយប្រជាពលរដ្ឋមានការងារធ្វើ បានប្រាក់ចំណូល។ ពេលខ្លះអ្នកភូមិឈឺថ្កាត់ អត់មានឡាន ក្រុមហ៊ុនជួយឡានដឹកជញ្ជូន»។
ក្រសួងឧស្សាហកម្ម បានកំណត់ឲ្យក្រុមហ៊ុន អង្គរហ្គោល សិក្សាស្រាវជ្រាវរ៉ែលោហៈលើផ្ទៃដីកំណត់បានចប់សព្វគ្រប់ក្នុងអំឡុងពេលសុពលភាព នៃអាជ្ញាប័ណ្ណ ហាមឃាត់ដាច់ខាតការស្រាវជ្រាវទៅលើដីកម្មសិទ្ធិរបស់រដ្ឋ ដែលកំណត់ថាជាតំបន់វប្បធម៌ ទីតាំងប្រវត្តិសាស្ត្រ និងតំបន់បេតិកភណ្ឌជាតិ។ ដោយឡែកក្នុងការស្រាវជ្រាវទៅលើផ្ទៃដីជាកម្មសិទ្ធិឯកជន ក្រុមហ៊ុនត្រូវមានកិច្ចព្រមព្រៀងជាមួយម្ចាស់កម្មសិទ្ធិស្ដីពីមិនជ្រៀតជ្រែក និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ ព្រមទាំងធ្វើការទូទាត់សំណងការខូចខាតទាំងឡាយ ដែលបណ្ដាលមកពីសកម្មភាពរបស់ក្រុមហ៊ុន។
ប្រធានសមាគមខ្មែរលើដែលបានចូលរួមកិច្ចប្រជុំបញ្ហានេះ គឺលោកស្រី ដាំ ចន្ធី កត់សម្គាល់ថា កន្លងទៅនេះ ប្រជាពលរដ្ឋជនជាតិដើមភាគតិចស្ទើរគ្រប់សហគមន៍ បានរងគ្រោះទៅនឹងគោលនយោបាយផ្តល់ដីសម្បទាន ឬផែនការវិនិយោគរបស់រាជរដ្ឋាភិបាល តាមរយៈក្រុមហ៊ុនមួយចំនួនដែលបានរំលោភឈូសឆាយកាប់បំផ្លាញព្រៃឈើ បង្កផលប៉ះពាល់ជីវភាពរស់នៅសហគមន៍ និងជាពិសេស បានបំពានទៅលើតំបន់វប្បធម៌ប្រពៃណីអ្នកភូមិ ដោយគ្មានពិគ្រោះយោបល់ជាមួយសហគមន៍ជាមុន។ លោកស្រីកត់សម្គាល់ទៀតថា ការយល់ដឹងមានកម្រិត រួមទាំងផលវិបាកដែលសហគមន៍បានរងគ្រោះ គឺជាកត្តាសំខាន់ដែលធ្វើឲ្យអ្នកភូមិមិនយល់ព្រមឲ្យក្រុមហ៊ុន ចុះស្រាវជ្រាវទៅតំបន់ពួកគាត់អភិរក្ស៖ «ក្នុងព្រៃហ្នឹងធនធានធម្មជាតិជាទីផ្សាររបស់ពួកគាត់ បើសិនណាគេយកធនធានធម្មជាតិពួកគាត់អស់គាត់ទៅពឹងលើស្អី? មានក្រុមហ៊ុនជាច្រើនធ្វើកន្លងមកប៉ះពាល់លើពួកគាត់ បានគាត់បារម្ភ។ បើសិនណាក្រុមហ៊ុននិយាយជាមួយគាត់ជាក់លាក់ ស្មោះត្រង់ ខ្ញុំថាអត់ស្អីទេ»។
ដូចគ្នានេះដែរ សមាជិកសហគមន៍ជនជាតិដើមភាគតិចទំពួន លោក ញ៉ាន់ នា មានប្រសាសន៍ថា អ្នកភូមិបារម្ភពីផលប៉ះពាល់ទាំងពេលបច្ចុប្បន្ន និងថ្ងៃអនាគត ប្រសិនក្រុមហ៊ុនធ្វើប្រតិបត្តិការនៅក្នុងតំបន់ពួកគាត់រស់នៅ។ លោកថា ក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធ ត្រូវមានយន្តការជាក់លាក់ណាមួយដែលធានាសិទ្ធិរស់នៅ ជំនឿប្រពៃណី បញ្ហាដីធ្លី ព្រៃឈើសហគមន៍ ថាមិនត្រូវបានរំលោភបំពាន៖ «អ្នកភូមិគាត់យល់ដឹងតិចបំផុត គាត់អត់អាចយល់ដឹងពីរឿងអភិវឌ្ឍច្បាស់ទេ អ៊ីចឹងគាត់មានការព្រួយបារម្ភ។ យើងបង្ហាញពីផលប្រយោជន៍ អត់បង្ហាញគ្រប់ជ្រុងជ្រោយ របៀបឆ្លើយតបនឹងសំណងរបៀបដោះស្រាយអ៊ីចឹងបានគាត់យល់ដឹង»។
ទាក់ទិនការបារម្ភនេះ អនុប្រធានទទួលបន្ទុកអភិវឌ្ឍន៍សង្គមនៃក្រុមហ៊ុន អង្គរហ្គោល លោកស្រី ឌីលែន វិច (Delayne Wecks) ថ្លែងថា ក្រុមហ៊ុននៅតែគោរពបទដ្ឋានធ្វើការស្រាវជ្រាវតាមបច្ចេកទេសស្តង់ដារអន្តរជាតិ និងឈរលើមូលដ្ឋានគោរពច្បាប់ជាតិអន្តរជាតិ និងសិទ្ធិមនុស្ស។ លោកស្រីបន្តថា ក្រុមហ៊ុននៅតែរក្សាជំហរស្វែងរកដំណោះស្រាយជាមួយសហគមន៍ដោយសន្តិវិធី មុននឹងចាប់ប្រតិបត្តិការតាមអាជ្ញាប័ណ្ណ ក៏ប៉ុន្តែអ្នកស្រីពិនិត្យឃើញថា មន្ត្រីអង្គការសង្គមស៊ីវិលពាក់ព័ន្ធមានតួនាទីសំខាន់ រួមចំណែកបណ្ដុះស្មារតីប្រជាពលរដ្ឋឲ្យទទួលយកការអភិវឌ្ឍដែលឈរលើគោលការណ៍គោរពច្បាប់ និងសិទ្ធិពលរដ្ឋ។
ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ម៉េង ស័ក្តិធារ៉ា ថ្លែងថា យន្តការអប់រំប្រជាពលរដ្ឋពីផលប្រយោជន៍ការអភិវឌ្ឍវិស័យរ៉ែ គឺជាកត្តាសំខាន់ដែលក្រុមហ៊ុនត្រូវបន្តធ្វើជាមួយពលរដ្ឋប្រកបដោយតម្លាភាព និងយុត្តិធម៌។ លោកបន្តថា ជម្រើសចុងក្រោយរបស់ក្រុមហ៊ុន ប្រសិនមិនអាចស្វែងរកដំណោះស្រាយបាន ត្រូវផ្តល់របាយការណ៍ជូនអាជ្ញាធរថ្នាក់ជាតិ ដើម្បីជួយអន្តរាគមន៍ដោះស្រាយបញ្ហាជូនក្រុមហ៊ុន៖ «យើងក៏ត្រូវដឹងដែរ មូលហេតុអ្វីសហគមន៍ហ្នឹងគាត់រារាំងមិនឲ្យក្រុមហ៊ុនចូល? ការដែលក្រុមហ៊ុនចូលទៅសិក្សាហ្នឹង វាជាផលប្រយោជន៍សាធារណៈ។ ពេលដែលក្រុមហ៊ុនហ្នឹងគាត់ព្យាយាមតាមមធ្យោបាយរបស់គាត់ទៅ អត់រួចហើយ អ៊ីចឹងត្រូវតែឈានដល់ការត្រួតពិនិត្យជាផ្លូវការហើយ»។
ក្រុមហ៊ុន អង្គរហ្គោល ចាប់ពីឆ្នាំ២០០៧ រហូតបច្ចុប្បន្ន បានសិក្សាស្រាវជ្រាវ និងរកឃើញមានរ៉ែមាសលើផ្ទៃដី ១២គីឡូម៉ែត្រក្រឡា នៅតំបន់ភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ បន្ទាប់ពីក្រុមហ៊ុននេះបានពិគ្រោះយោបល់ និងដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋបានត្រឹមត្រូវតាមលក្ខខណ្ឌកំណត់។ ក្រុមហ៊ុននេះរំពឹងថា ក្រសួងរ៉ែ នឹងផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែមាសនេះនៅចុងឆ្នាំ២០១៥៕
No comments:
Post a Comment