ដោយ ដែន អយុធ្យា
2015-05-02 RFA
2015-05-02 RFA
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានផ្ញើសាររំឭកដល់កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវសហការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់ប្រមុខដឹកនាំបានដាក់ចេញ ឲ្យមានប្រសិទ្ធភាព ប្រយោជន៍ដើម្បីផ្តល់ភាពកក់ក្តៅដល់ការរស់នៅ និងការប្រកបរបរទទួលទានជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសមានភាពសុខសាន្ត។
សារពញ្ញាក់ស្មារតីសមត្ថកិច្ចក្រោមឱវាទរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពេលនេះ ក៏ចង់បង្ហាញពីការលើកទឹកចិត្តដល់កិច្ចខិតខំពង្រឹងសកម្មភាពរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចររបស់ស្នងការនគរបាលខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន។
បញ្ហាអសន្តិសុខនាខេត្តជាប់មាត់សមុទ្រភាគនិរតីនៃប្រទេសកម្ពុជា នៅតែជាចំណុចផ្ដោតការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងមហាផ្ទៃ បន្តបើកយុទ្ធនាការជាបន្តបន្ទាប់ ដើម្បីរក្សាសន្តិសុខជូនពលរដ្ឋ ពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ផ្ដើមពីបញ្ហានេះ លោកឧត្តមសេនីយ៍ ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ រំឭក និងបន្តលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័ន ពិសេសកងកម្លាំងនគរបាលនៅទូទាំងប្រទេស ឲ្យបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវមានសកម្មភាពដូចភ្លៀងរលឹម។ លោកបន្តថា ការអនុវត្តសកម្មភាពដូចភ្លៀងរលឹម ប្រយោជន៍ទប់ស្កាត់បទល្មើសផ្សេងៗដែលអាចកើតមាននៅតាមមូលដ្ឋាននីមួយៗជូនប្រជាពលរដ្ឋ ឲ្យមានសុវត្ថិភាពល្អ។
លោកឧត្តមសេនីយ៍ក៏បានលើកយកបញ្ហាអសន្តិសុខធ្លាប់កើតមានក្នុងខេត្តព្រះសីហនុ ដែលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរកន្លងមក ប៉ុន្តែបច្ចុប្បន្ននេះ លោកថា សមត្ថកិច្ចអាចរក្សាសន្តិសុខបានល្អប្រសើរជាបណ្ដើរៗហើយ។ លោក ខៀវ សុភ័គ មានជំនឿថា អសន្តិសុខមួយចំនួនដែលធ្លាប់កើតមាននាខេត្តទេសចរណ៍មួយនេះ នឹងបានប្រសើរក្នុងពេលដ៏ឆាប់ ព្រោះសព្វថ្ងៃនេះ កម្លាំងជំនាញមកពីគ្រប់ស្ថាប័ន បានសហការបង្ក្រាបបទល្មើសនានាមានលទ្ធផលល្អ ហើយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋតាមមូលដ្ឋាន៖ «ភូមិឃុំមានសុវត្ថិភាពនេះ គឺសំខាន់ណាស់ បើយើងអនុវត្តមិនបានទេ គឺគោលនយោបាយរបស់រាជរដ្ឋាភិបាល អាចនឹងត្រូវរងការរិះគន់ពីប្រជាជនទូទៅ»។
បញ្ហានេះដែរ មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋខេត្តព្រះសីហនុ បានកត់សម្គាល់ថា ក្រោយពេលមានការផ្លាស់ប្ដូរស្នងការនគរបាលខេត្តនេះកាលពីដើមខែមេសា រួចមក គេសង្កេតឃើញថា បទល្មើសមួយចំនួនបានថយចុះ មានដូចជា បទល្មើសចោរឆក់កាបូបភ្ញៀវទេសចរតាមឆ្នេរសមុទ្រ សកម្មភាពចោរលួចម៉ូតូជនបរទេស និងក្រុមក្មេងទំនើង ជាដើម។ ប៉ុន្តែបទល្មើសបនពេស្យាចារ ល្បែងភ្នាល់គ្រប់ប្រភេទ មានទីតាំងចាក់ភ្នាល់បាល់ កន្ទុយលេខ ពិសេសគ្រឿងញៀន បានបន្តធ្វើសកម្មភាពតាមសង្កាត់មួយចំនួនមានសង្កាត់លេខ១ និងលេខ៤ ជាដើម ដោយមិនញញើតកម្លាំងសមត្ថកិច្ចទេ។
ត្រង់ចំណុចនេះ លោក ប៊ួន ណារិទ្ធ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តព្រះសីហនុ បានអះអាងថា បទល្មើសចោរកម្ម ក្រុមក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន មិនទាន់មានសញ្ញាថយចុះទេ។ លោកបានលើកយកយកបទល្មើសធ្វើសកម្មភាពពេលយប់ក្នុងមូលដ្ឋានលោកកំពុងរស់នៅ ក្នុងភូមិ១ សង្កាត់លេខ៤ ថាបានធ្វើសកម្មភាពមានសញ្ញាគួរឲ្យព្រួយបារម្ភ។ លោកបន្ថែមថា បទល្មើសទាំងនេះលោកធ្លាប់រាយការណ៍ជូន លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងសមត្ថកិច្ចនគរបាលមូលដ្ឋាន ប៉ុន្តែបទល្មើសបានបន្តកើតមានរហូតមកដល់ពេលនេះ៖ «បញ្ហាអសន្តិសុខនៅខេត្តយើងនេះ គឺសមត្ថកិច្ចបានចុះបង្ក្រាបជាបន្តបន្ទាប់ដែរកន្លងមក ប៉ុន្តែបង្ក្រាបម្តងស្ងាត់មួយរយៈពេល តែក្រោយមកបទល្មើសផ្សេងៗមានគ្រឿងញៀនជាដើម បានកើតវិញដដែល។ បទល្មើសផ្សេងៗមានដូចជា គ្រឿងញៀន ចាក់កន្ទុយលេខ លេងបៀ និងល្បែងភ្នាល់បាល់ជាដើម គឺបន្តកើតមានអនាធិបតេយ្យគ្មានការបង្ក្រាបទេ»។
យ៉ាងនេះក្តី លោក ប៊ួន ណារិទ្ធ បានកោតសរសើរសកម្មភាពបើកយុទ្ធនាការបង្ក្រាបបទល្មើសទទួលបានជោគជ័យរបស់កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខេត្តព្រះសីហនុ ដែលចាប់បានជនល្មើស ឬជនសង្ស័យជាបន្តបន្ទាប់ បញ្ជូនទៅកាន់តុលាការផ្ដន្ទាទោស ក្នុងប៉ុន្មានសប្ដាហ៍មកនេះ។
ទោះយ៉ាងណា ប្រជាពលរដ្ឋមានលំនៅឋានក្នុងខេត្តព្រះសីហនុ បង្ហាញការសង្ស័យថា បទល្មើសផ្សេងៗអាចធ្វើសកម្មភាពដោយគ្មានកម្លាំងសមត្ថកិច្ចបង្ក្រាប ទំនងជាអាចមានជាប់ពាក់ព័ន្ធកម្លាំងនគរបាលតាមប៉ុស្តិ៍រដ្ឋបាល ពិសេសមេដឹកនាំស្ថាប័នប្រដាប់អាវុធក្នុងខេត្តនេះក៏ថាបាន ទើបគ្មានសកម្មភាពបង្ក្រាប។
ពលរដ្ឋអះអាងថា ខេត្តព្រះសីហនុ សព្វថ្ងៃនេះ មានបនល្បែងភ្នាល់បាល់ ចាក់កន្ទុយលេខ បនពេស្យាចារ ពិសេសសកម្មភាពជួញដូរ ឬលក់គ្រឿងញៀន បានធ្វើសកម្មភាពស្ទើរនៅជាប់ប៉ុស្តិ៍នគរបាលតាមសង្កាត់ខ្លះ ប៉ុន្តែគ្មានការបង្ក្រាបទេ។
ផ្ដើមពីបញ្ហានេះ ប្រជាពលរដ្ឋបានស្នើដល់ លោក ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ ទើបចូលកាន់តំណែងថ្មី ត្រូវបើកការស៊ើបអង្កេត ឬឈានដល់បង្ក្រាបបទល្មើសផ្សេងៗ មានគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ មានភ្នាល់បាល់ជាដើមឲ្យមានប្រសិទ្ធភាព។ បន្ថែមលើនេះ ត្រូវស៊ើបអង្កេតកម្លាំងក្រោមឱវាទដែលសង្ស័យថាអាចជាប់ពាក់ព័ន្ធ ឬនៅពីក្រោយបទល្មើសផ្សេងៗនាពេលកន្លងមក។
បញ្ហានេះ លោកឧត្តមសេនីយ៍ត្រី ជួន ណារិន ស្នងការនគរបាលថ្មីខេត្តព្រះសីហនុ បានប្ដេជ្ញាថា នឹងសហការបង្ក្រាបបទល្មើសផ្សេងៗឲ្យថយចុះ ដើម្បីផ្តល់ភាពកក់ក្តៅជូនពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោកបន្តថា សព្វថ្ងៃនេះ កម្លាំងជំនាញរបស់លោកបានដាក់ពង្រាយចាប់ពីទីប្រជុំជនរហូតដល់ទីជនបទ ដើម្បីបង្ក្រាបបទល្មើសផ្សេងៗឲ្យបានទាន់ពេលវេលា និងឈានដល់លុបបំបាត់ឲ្យថយចុះបទល្មើសទាំងនោះ។
បន្ថែមលើនេះ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ក៏បានលើកទឹកចិត្តកម្លាំងសមត្ថកិច្ចថា បើសិនជានៅក្នុងបេសកកម្មចុះបង្ក្រាបបទល្មើសអ្វីមួយ បានជួបប្រទះនូវឧបសគ្គរារាំងមិនអាចដោះស្រាយបាន ឬស៊ើបដឹងថា បទល្មើសទាំងនោះមានមន្ត្រីធំៗ ឬពាក់ផ្កាយនៅពីក្រោយបទល្មើសទាំងនោះ ត្រូវផ្តល់ដំណឹងមករូបលោក លោកនឹងរាយការណ៍បន្តជូនថ្នាក់ដឹកនាំថ្នាក់ជាតិ ឬប្រមុខដឹកនាំជួយមានវិធានការបន្ត៕
No comments:
Post a Comment