ដោយ រដ្ឋា វិសាល
2015-05-02
២៩-មករា-២០១២៖ ដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី
RFA/Ratha Visa
|
តើមន្ត្រីជំនាញ និងមន្ត្រីសង្គមស៊ីវិលពាក់ព័ន្ធ ចាប់អារម្មណ៍ និងមានវិធានការទប់ស្កាត់បញ្ហានេះតាមវិធីណាខ្លះ?
មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីអង្គការសង្គមស៊ីវិលពាក់ព័ន្ធជាង ៥០នាក់ បានសហការគ្នាចុះល្បាតព្រៃការពារខេត្តមណ្ឌលគិរី ក្នុងគោលបំណងបង្កើនសមត្ថភាពមន្ត្រីជំនាញ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងជាយុទ្ធសាស្ត្រប្រមូលអន្ទាក់ ឧបករណ៍ឆក់គ្រប់ប្រភេទក្នុងព្រៃ និងជាការលើកទឹកចិត្តមន្ត្រីជំនាញដែលកំពុងបំពេញភារកិច្ច ទប់ស្កាត់បទល្មើសជាក់ស្តែងក្នុងព្រៃការពារនៅទូទាំងប្រទេស។
ក្រុមល្បាតនេះ ភាគច្រើនជាមន្ត្រីព្រៃឈើមកពីបណ្ដាខេត្តនានានៅទូទាំងប្រទេស ព្រមទាំងកងតម្រួតព្រំដែន និងមន្ត្រីមូលនិធិអន្តរជាតិសម្រាប់ធម្មជាតិ (WWF = Worldwide Fund for Nature) ដែលបានជួបជុំគ្នាដកស្រង់បទពិសោធន៍កាលពីថ្ងៃទី២៧ ខែមេសា នៅទីក្រុងភ្នំពេញ មុននឹងក្រុមនេះចុះប្រតិបត្តិការល្បាតក្នុងព្រៃជាក់ស្តែង។ ពួកគេត្រូវចែកជា ៥ក្រុមដើរល្បាតក្នុងគោលដៅផ្សេងៗគ្នា ដើម្បីស្វែងរកបទល្មើសនៅតាមគោលដៅរៀងៗខ្លួន។
ប្រធានអង្គការ ដាប់បែលយ៊ូ.ដាប់បែលយ៊ូ.អែហ្វ លោក ឈិត សំអាត មានប្រសាសន៍បញ្ជាក់ថា យុទ្ធនាការល្បាតព្រៃនេះចាប់ផ្ដើមពីថ្ងៃទី២៨ ដល់ថ្ងៃទី៦ ខែឧសភា ទើបបញ្ចប់ ដើម្បីបូកសរុបលទ្ធផល។ លោកបន្តថា ព្រៃការពារមណ្ឌលគិរី គឺជាព្រៃដែលមានសក្ដានុពលទាំងធនធានព្រៃឈើ និងសត្វព្រៃ លាតសន្ធឹងទល់នឹងព្រៃការពារប្រទេសវៀតណាម៖ «ព្រៃការពារខេត្តមណ្ឌលគិរី នេះ ធ្លាប់មានវត្តមានខ្លាធំ ដោយឡែកទន្សោងមានដង់ស៊ីតេខ្ពស់ជាងគេនៅលើពិភពលោក។ នៅប្រទេសកម្ពុជា យើង ទន្សោងគឺខ្ពស់ជាងគេ។ អ៊ីចឹងទេ ដើម្បីឆ្លើយតបការបាញ់សត្វអនាធិបតេយ្យ កាប់ឈើអនាធិបតេយ្យ និងបទល្មើសផ្សេងៗ អ៊ីចឹងហើយបានជាយើងចាប់ផ្ដើមបើកវគ្គបណ្តុះបណ្តាល ហើយអនុវត្តជាក់ស្តែងតែម្តងទៅ ពិសេសនៅរដូវប្រាំងចូលរដូវវស្សាឆាប់ៗនេះ»។
កាលពីឆ្នាំ២០១៣ អង្គការក្រៅរដ្ឋាភិបាលឃ្លាំមើលសត្វព្រៃមួយ បានរកឃើញអន្ទាក់ប្រមាញ់សត្វព្រៃច្រើនប្រភេទ និងរាប់រយអន្ទាក់ ត្រូវគេបង្កប់ទុកក្នុងដែនជម្រកសត្វព្រៃលំផាត់។ អន្ទាក់ទាំងនោះអាចប្រមាញ់សត្វរហូតដល់ប្រភេទសត្វខ្លា រមាស ទន្សោង ជាដើម។
ប្រធានតំបន់ទេសភាពភាគខាងកើតប្រទេសនៃអង្គការ ដាប់បែលយ៊ូ.ដាប់បែលយ៊ូ. អែហ្វ លោក មូល ផាត កត់សម្គាល់ថា កន្លងទៅនេះ បទល្មើសទាំងនេះបានកើតមានច្រើនករណីក្នុងព្រៃការពារ។ ដោយឡែកទៀត ឧបករណ៍បែបសម័យមានអាគុយឆក់ ត្រូវបានគេយកទៅច្នៃធ្វើអន្ទាក់ឆក់សត្វព្រៃ ឬឆក់ត្រីនៅក្នុងតំបន់ទេសភាពព្រៃការពារនេះ។ លោកបន្តថា ក្រុមល្បាតព្រៃនឹងព្យាយាមស្វែងរកទីតាំងបទល្មើសព្រៃឈើ និងដោះយកអន្ទាក់គ្រប់ប្រភេទពីក្នុងព្រៃ ដើម្បីកាត់បន្ថយបទល្មើសក្នុងព្រៃការពារនេះ៖ «អន្ទាក់កជើងវានៅមានអន្ទាក់ចរន្តអគ្គិសនី អានេះកុំថាតែសត្វ សូម្បីតែមនុស្សយើងប៉ះក៏ងាប់ដែរ។ ថ្មីៗនេះមានស្លាប់ដោយអន្ទាក់ប្រើអគ្គិសនី អ៊ីចឹងមានច្រើនប្រភេទ មន្ត្រីទាំងអស់ត្រូវស្វែងយល់អំពីអន្ទាក់ វិធីដោះ និងវិធីស្វែងរកប្រភព ហើយនិងជួយលើកទឹកចិត្តដល់មន្ត្រីដែលកំពុងអនុវត្តក្នុងព្រៃផ្ទាល់»។
ករណីដូចគ្នានេះ ត្រូវបានប្រជាពលរដ្ឋសហគមន៍ជនជាតិដើមភាគតិចសម្ដែងការបារម្ភពីវិនាសកម្មសត្វព្រៃ និងត្រីតាមបឹងបួក្នុងដែនជម្រកសត្វព្រៃ ខណៈដែលអាគុយត្រូវបានបំពាក់ជាមួយឧបករណ៍បំប្លែងជាចរន្តអគ្គិសនី។ ចំណែកជនទុច្ចរិត បានយកទៅប្រើជាអន្ទាក់រាយនៅតាមព្រៃ ដើម្បីឆក់សម្លាប់សត្វព្រៃ ឬឆក់ត្រីក្នុងបឹងជាដើម។
ពលរដ្ឋរស់នៅឃុំសេដា លោក សុខ ខេត កត់សម្គាល់ថា ឧបករណ៍ប្រភេទនេះកើតកាន់តែច្រើននាពេលបច្ចុប្បន្ន តាមរយៈប្រជាពលរដ្ឋប្រើប្រាស់ឆក់យកត្រីតាមត្រពាំង បឹងបួ អូរធម្មជាតិ និងក្នុងទន្លេដែលសម្បូរទៅដោយជីវៈច្រើនប្រភេទ។ លោកបន្តថា នៅឃុំសេដា ស្រុកលំផាត់ អ្នកភូមិមួយចំនួនកំពុងនាំគ្នាប្រើប្រាស់ឧបករណ៍នេះ ចំណែកមន្ត្រីអាជ្ញាធរមូលដ្ឋានមិនបានយកចិត្តទុកដាក់បង្ក្រាប ឬទប់ស្កាត់បញ្ហានេះឲ្យមានប្រសិទ្ធភាពទេ។ ស្ថានភាពបែបនេះ លោកបារម្ភថា តទៅថ្ងៃអនាគត សត្វព្រៃ ត្រី និងជីវៈផ្សេងទៀត នឹងត្រូវវិនាសបាត់បង់។ ដោយឡែកទៀត ឧបករណ៍នេះក៏អាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងសត្វពាហនៈ ដែលធ្វើដំណើរឆ្លងកាត់តំបន់ដាក់អន្ទាក់អាគុយឆក់នេះ៖ «ឆក់ត្រីឆក់សត្វទាំងយប់ អត់ដឹងប៉ូលិសស្អីទេ ប៉ូលិសមើលឃើញធ្វើមិនឃើញព្រងើយ។ ប្រជាពលរដ្ឋអត់ស្អីរកស៊ីអ្នកក្រចេះតែរក»។
ចំណែកនាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក ផាន់ ភីន ចាត់ទុកសកម្មភាពកាប់បំផ្លាញព្រៃឈើ សកម្មភាពប្រមាញ់សត្វព្រៃ និងនេសាទខុសច្បាប់ក្នុងតំបន់ព្រៃការពារ ថាជាបទល្មើសត្រូវប្រឈមនឹងការផាកពិន័យជាប្រាក់ រួមទាំងការផ្ដន្ទាទោសជាប់ពន្ធនាគារ។ លោកថា កន្លងទៅនេះ ជនល្មើសមួយចំនួនត្រូវបានអប់រំណែនាំឲ្យកែប្រែ និងមួយចំនួនត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីវិនិច្ឆ័យទោស៖ «ច្បាប់វាខុសហើយគេមកបង្ក្រាបរាល់ដងហ្នឹង ខាងវាយអេត សហការជាមួយមូលដ្ឋានចាប់បានសឹងតែរាល់ខែហ្នឹង។ អាហ្នឹងវាឋិតក្នុងការបរបាញ់ហ្នឹងណា ទាល់តែគេបានសត្វបានគេបែងចែកថាជាសត្វប្រភេទកម្រ ប្រភេទស្អីទៅ បានត្រូវជាប់ទោសតាមហ្នឹង»។
រហូតមកទល់នឹងថ្ងៃទី១ ខែឧសភា ក្រុមល្បាតព្រៃការពារខេត្តមណ្ឌលគិរី មិនទាន់បញ្ចេញលទ្ធផលល្បាតព្រៃយ៉ាងណានៅឡើយ។ តាមការគ្រោងទុក ក្រុមល្បាតនឹងចេញពីក្នុងព្រៃនៅថ្ងៃទី២ ខែឧសភា ដើម្បីបន្តបេសកកម្មត្រួតពិនិត្យបទល្មើសតាមផ្លូវជាតិរហូតដល់ថ្ងៃទី៤ ខែឧសភា ទើបប្រមូលលទ្ធផលតាមក្រុមបូកសរុប។
ព្រៃការពារខេត្តមណ្ឌលគិរី មានទំហំជិត ៤០ម៉ឺនហិកតារ សម្បូរទៅដោយឈើមានតម្លៃ និងសត្វព្រៃកម្រ ១៨មុខ ដូចជាខ្លាធំ ដំរី ត្មាត ទន្សោង ខ្ទីង និងនៅតាមបឹងបួ សម្បូរដោយត្រីមានតម្លៃ។ ព្រៃនេះក៏ជាតំបន់ទេសភាពនៅភាគខាងកើតប្រទេស ខណ្ឌដោយទន្លេស្រែពក ខេត្តមណ្ឌលគិរី ជាប់នឹងខេត្តរតនគិរី ផងដែរ៕
No comments:
Post a Comment