ដោយ យាង សុជាមេត្តា
2015-05-09
មន្ត្រីគណបក្សប្រជាជនកម្ពុជា ព្រមានថា លោក កឹម សុខា នៅតែអាចប្រឈមនឹងការបាត់បង់កៅអីអនុប្រធានទី១នៃរដ្ឋសភារបស់ខ្លួន ប្រសិនបើអនុប្រធានទី១រដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ រូបនេះ បន្តថ្លែងវាយប្រហារថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដូចពេលកន្លងមក។
ការអះអាងរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា បែបនេះ គឺនៅបន្ទាប់ពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចេញសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី៨ ឧសភា សន្យារក្សាវប្បធម៌សន្ទនាដោយចៀសវាងការជេរប្រមាថគ្នា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ មានប្រសាសន៍នៅថ្ងៃទី៩ ឧសភា ថា គណបក្សកាន់អំណាចមួយនេះនឹងមានវិធានការឆ្លើយតបចំពោះ លោក កឹម សុខា ប្រសិនបើអនុប្រធានគណបក្សសង្គ្រោះជាតិ រូបនេះ ដើរក្រៅគន្លងនៃវប្បធម៌សន្ទនា ដែលគណបក្សទាំងពីរបានឯកភាពគ្នាគោរពតាមសេចក្តីថ្លែងការណ៍រួម។
លោក ឈឹម ផលវរុណ បញ្ជាក់ថា វិធានការនោះអាចជាការបោះឆ្នោតទម្លាក់ លោក កឹម សុខា ពីតំណែងជាអនុប្រធានទី១រដ្ឋសភាតែម្តង ព្រោះលោកថា កៅអីអនុប្រធានទី១រដ្ឋសភាដែល លោក កឹម សុខា កំពុងតែអង្គុយនេះ បានមកដោយមានការរួមចំណែកសំឡេងគាំទ្ររបស់តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។ ដូច្នេះលោកថា លោក កឹម សុខា នឹងបាត់បង់តំណែងនេះវិញ ប្រសិនបើតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដកសេចក្តីទុកចិត្ត៖ «អាស្រ័យលើ លោក កឹម សុខា ដែរ បើគាត់សុខចិត្តដើរក្រៅគន្លងវប្បធម៌សន្ទនា ហើយគាត់សុខចិត្តបាត់បង់តំណែង អាហ្នឹងសិទ្ធិរបស់គាត់ ប៉ុន្តែយើងមើលមកដល់ឥឡូវនេះ លោក កឹម សុខា គឺស្រឡាញ់តំណែងហ្នឹងជាង។ ខ្ញុំជឿថាគាត់អត់មានសុឆន្ទៈស្រឡាញ់វប្បធម៌សន្ទនាទេ ប៉ុន្តែគាត់ស្រឡាញ់តំណែង ប៉ុន្តែទោះយ៉ាងណា បើគាត់ស្រឡាញ់តំណែងកុំឲ្យបាត់បង់ តម្រូវឲ្យគាត់មិនជេរប្រមាថវាយប្រហារដែរ»។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៨ ឧសភា ចេញសេចក្តីថ្លែងការណ៍រួមដោយបង្ហាញនូវគោលការណ៍ ៧ចំណុច ដែលគណបក្សទាំងពីរចាំបាច់ត្រូវគោរពតាម ដើម្បីរក្សា និងអនុវត្តវប្បធម៌សន្ទនាឲ្យមានប្រសិទ្ធភាព។ សេចក្តីថ្លែងការណ៍ ក៏តម្រូវឲ្យមេដឹកនាំគណបក្សនីមួយៗ អប់រំ ណែនាំជាប្រចាំដល់មន្ត្រី សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សរៀងៗខ្លួន ចាប់ពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន ឲ្យអនុវត្តនូវគោលការណ៍ទាំងអស់នេះឲ្យមានប្រសិទ្ធភាពខ្ពស់។ ពួកគេអះអាងថា ការដាក់ចេញនូវគោលការណ៍រួមនេះ គឺដើម្បីលើកកម្ពស់ការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឲ្យកាន់តែប្រសើរឡើង។
គោលការណ៍ទាំងនោះរួមមាន ភាពស្មោះត្រង់ជាមួយគ្នា គោរព និងឲ្យតម្លៃគ្នាទៅវិញទៅមក ចៀសវាងការញុះញង់ ការលាបពណ៌គ្នា ការប្រើពាក្យអសុរោះ និងការជេរប្រមាថគ្នា ចៀសវាងការគំរាមកំហែង និងការបំភិតបំភ័យតាមគ្រប់រូបភាព លុបបំបាត់ចោលនូវផ្នត់គំនិតគុំកួន សងសឹកគ្នា លុបបំបាត់ចោលនូវនយោបាយប្រកាន់ពូជសាសន៍ និងនយោបាយជ្រុលនិយម ជាដើម។
យ៉ាងណាក៏ដោយ លោក ឈឹម ផលវរុណ ថ្លែងថា វប្បធម៌សន្ទនានេះអាចមានប្រសិទ្ធភាព ឬក៏អត់នោះ គឺវាអាស្រ័យលើការប្ដេជ្ញាចិត្តអនុវត្ត និងការទទួលខុសត្រូវរបស់សហស្ថាបនិកនៃវប្បធម៌សន្ទនាទាំងពីររូប គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី។ លោកថា សហស្ថាបនិកទាំងពីរជាអ្នកមានតួនាទីណែនាំមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន ឲ្យអនុវត្តតាមគោលការណ៍រួមដែលបានឯកភាពគ្នា។
វាមិនមែនជាលើកទី១ទេដែលគេឮគណបក្សប្រជាជនកម្ពុជា ព្រមាន លោក កឹម សុខា ដូចនេះ។ កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏តែងបានព្រមានជាហូរហែមកដែរថា នឹងបោះឆ្នោតទម្លាក់ លោក កឹម សុខា ចេញពីកៅអីអនុប្រធានទី១នៃរដ្ឋសភា ប្រសិនបើអនុប្រធានគណបក្សប្រឆាំងរូបនេះ បន្តដើរថ្លែងវាយប្រហារ និងជេរប្រមាថលោកពីកន្លែងមួយទៅកន្លែងមួយ។ កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន ថែមទាំងបានព្រមានថា លុបចោលវប្បធម៌សន្ទនាជាមួយ លោក សម រង្ស៊ី ទៀតផង បើ លោក សម រង្ស៊ី មិនព្រមណែនាំមន្ត្រីផ្ទៃក្នុងបក្សរបស់ខ្លួន ឲ្យអនុវត្តគោលការណ៍វប្បធម៌សន្ទនាឲ្យត្រឹមត្រូវ។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបរបស់ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានទេនៅពេលនេះ។
ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា បើទោះជាបក្សទាំងពីរឯកភាពគ្នាមិនប្រើពាក្យពេចន៍ជេរប្រមាថគ្នាក្តី ប៉ុន្តែសេចក្តីថ្លែងការណ៍រួមមិនមានចែងចំណុចណាមួយដែលបញ្ជាក់ថា ឲ្យ លោក កឹម សុខា ឈប់រិះគន់នូវភាពអសកម្ម និងភាពអវិជ្ជមានរបស់រដ្ឋាភិបាល ឬស្ថាប័នរដ្ឋនោះទេ។ លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែងថា មន្ត្រីគណបក្សសង្គ្រោះជាតិ ទាំងអស់ នឹងនៅតែបន្តឃ្លាំមើល និងតាមដានសកម្មភាពអវិជ្ជមានរបស់រដ្ឋាភិបាល៖ «យើងបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍រួម ការរិះគន់ស្ថាបនា គឺនៅតែមានបន្តទៀត។ នេះជាជំហររបស់បក្សសង្គ្រោះជាតិ ហើយក៏សូមបញ្ជាក់ឲ្យច្បាស់មួយទៀត គឺគណបក្សសង្គ្រោះជាតិ ជាគណបក្សប្រកួតប្រជែងដើម្បីឲ្យមានការផ្លាស់ប្ដូរទៅដឹកនាំប្រទេសក្នុងពេលខាងមុខ តាមរយៈការបោះឆ្នោតត្រឹមត្រូវ យុត្តិធម៌ សន្តិវិធី អហិង្សា។ ឯកឧត្តម កឹម សុខា ពុំដែលមានប្រសាសន៍ជេរប្រមាថ មើលងាយនរណាទេ ហើយមហាជនខ្មែរដឹងទាំងអស់គ្នាហើយ»។
នេះ គឺជាលើកទី១ហើយដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចេញសេចក្តីថ្លែងការណ៍ដាក់ចេញនូវគោលការណ៍រួមគ្នា សម្រាប់អនុវត្តវប្បធម៌សន្ទនាចាប់តាំងពីមានកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនយោបាយរវាងគណបក្សទាំងពីរ កាលពីខែកក្កដា ឆ្នាំ២០១៤ មក៕
No comments:
Post a Comment