Wed, 6 May 2015
មាស សុខជា PPP
លោក មាជ សុវណ្ណារ៉ា នៅសាលាដំបូងកន្លងមក។ ម៉ៃ វីរៈ |
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញនឹងសម្រេចលើជោគវាសនារបស់លោក មាជ សុវណ្ណារ៉ា មន្រ្តីជាន់ខ្ពស់ និងជាប្រធាននាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សប្រឆាំងថា តើគាត់មានពិរុទ្ធភាព ឬអត់ នៅក្នុងខែនេះ បន្ទាប់ពីគាត់ត្រូវបានចោទប្រកាន់ពីបទដឹកនាំអំពើបះបោរ។
លោក មាជ សុវណ្ណារ៉ា អនុប្រធានគណបក្សសង្គ្រោះជាតិប្រចាំខេត្តបន្ទាយមានជ័យ ត្រូវបានកោះដោយលោក កែវ សុជាតិ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបំភ្លឺក្នុងសវនាការជំនុំជម្រះ ដែលនឹងរៀបចំឡើងនៅថ្ងៃអង្គារទី ១៩ ។
លោក មាជ សុវណ្ណារ៉ា ថា លោកបានទទួលដីកាកោះពីតុលាការរួចហើយ លោកនឹងបង្ហាញខ្លួនតាមការកោះ ដោយលោករំពឹងថា លោកនឹងត្រូវបានលើកលែងឲ្យរួចផុតពីការចោទប្រកាន់ ដោយសារតែករណីលោកគឺជាករណីនយោបាយ ហើយវិបតិ្តនយោបាយត្រូវបានបញ្ចប់រួចហើយ ដោយវប្បធម៌សន្ទនា រវាងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោកថា៖ «មានការឯកភាពជាតិ វប្បធម៌សន្ទនា មិនយកខ្មែរជាសត្រូវទេ ខ្ញុំនឹងត្រូវបានគេលើកលែងទោស»។
លោក មាជ សុវណ្ណារ៉ា ត្រូវបានចោទប្រកាន់ពីបទដឹកនាំការបះបោរ និងចូលរួមក្នុងអំពើបះបោរ បន្ទាប់ពីមានបាតុកម្មហិង្សានៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំមុន។ លោកត្រូវបានចាប់ខ្លួននៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៤ ហើយត្រូវបានដោះលែងពីពន្ធនាគារព្រៃសនៅថ្ងៃទី ១៣ ខែមេសា។
លោក ជូង ជូងី មេធាវីការពារលោក មាជ សុវណ្ណារ៉ា បានថ្លែងថា ការជំនុំជម្រះនឹងសម្រេចថាតើ កូនក្តី របស់លោកមានពិរុទ្ធ ឬអត់ និងថា លោកនឹងទៅការពារកូនក្តី ប៉ុន្តែលោកបានបដិសេធមិនធ្វើការអត្ថាធិប្បាយលើនីតិវិធីរបស់តុលាការទេ៕ TK
No comments:
Post a Comment