រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ថ្លែងក្នុងសន្និសីទកាសែត នាទីស្ដីការក្រសួង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤។
RFA/Brach Chev
ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា នឹងកោះហៅ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ទៅឆ្លើយបំភ្លឺនៅរដ្ឋសភា ជុំវិញទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ ៥ឃុំនៅខេត្តកោះកុង ជាមួយក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមែន គ្រុប (Union Development Group) ព្រោះសង្កេតឃើញទំនាស់បានបន្តកើតមាន និងមិនទាន់មានដំណោះស្រាយ។
បញ្ហានេះ មន្ត្រីសង្គមស៊ីវិលខេត្តកោះកុង បានរិះគន់ចំណាត់ការដោះស្រាយទំនាស់ដីធ្លីរបស់មន្ត្រីរដ្ឋាភិបាល ដែលហាក់មិនរវល់អើពើពីសុខទុក្ខប្រជាពលរដ្ឋ ប៉ុន្តែបែរជាបានងាកទៅគាំទ្រសកម្មភាពល្មើស គំរាមកំហែងពលរដ្ឋពីសំណាក់ភាគីក្រុមហ៊ុនវិនិយោគទៅវិញ។
លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ឬហៅកាត់ថាគណៈកម្មការទី១ បានឲ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃទី៣០ ខែមេសា ថា គណៈកម្មការនេះនឹងអញ្ជើញ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មការអន្តរក្រសួង ឲ្យចូលខ្លួនទៅបំភ្លឺជុំវិញទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាង ៣០០គ្រួសារ មកពី ៥ឃុំក្នុងស្រុកគីរីសាគរ និងស្រុកបុទុមសាគរ ខេត្តកោះកុង ជាមួយក្រុមហ៊ុន យូញៀន ឌីវីឡុបមែន នៅដើមខែឧសភា ខាងមុខ។
លោកបន្តថា គោលបំណងអញ្ជើញ លោក សាយ សំអាល់ មកបំភ្លឺជូនគណៈកម្មការទី១ ពេលនេះ ព្រោះចង់ដឹងអំពីការវិវឌ្ឍនៃការដោះស្រាយទំនាស់ដីធ្លី ដែលកើតមានរវាងពលរដ្ឋទាំង ៥ឃុំ ជាមួយក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមែន ត្រូវមន្ត្រីគណៈកម្មការអន្តរក្រសួងបានលទ្ធផលវិជ្ជមាន ឬអវិជ្ជមានអ្វីខ្លះ ព្រោះបញ្ហានេះ គណៈកម្មការទី១ បានឃើញថា សព្វថ្ងៃនេះក្រុមហ៊ុនចិន យូញៀន បានបន្តធ្វើសកម្មភាពគំរាមកំហែងឲ្យពលរដ្ឋជាង ៣០០គ្រួសារ ឲ្យចាកចេញពីលំនៅឋានធ្លាប់រស់នៅទាំងបង្ខំ និងមិនទាន់មានការព្រមព្រៀងពីប្រជាពលរដ្ឋ៖ «រាជរដ្ឋាភិបាលបានចង្អុលទិសឲ្យអន្តរក្រសួង ដោះស្រាយផលប៉ះពាល់ទាំងឡាយរវាងប្រជាពលរដ្ឋរស់នៅតំបន់នោះ ជាមួយក្រុមហ៊ុនចិន យូញៀន។ ហើយគោលការណ៍របស់រដ្ឋាភិបាល គឺតម្រូវឲ្យដោះស្រាយដោយការជជែកគ្នាដោយសន្តិវិធី និងមិនឲ្យមានការគំរាមកំហែង ឬបង្ខិតបង្ខំទេ។ ហើយរហូតដល់ដំណាក់កាលមួយដែលប្រជាពលរដ្ឋមិនអាចទទួលយកនូវការដោះស្រាយទាំងនោះទេ គឺរាជរដ្ឋាភិបាលបានចេញសេចក្តីជូនដំណឹងមួយទៀត ឲ្យមានការកាត់ឆ្វៀលដីជាក់ស្តែងជូនពលរដ្ឋ។ ដូច្នេះ ការដែលគណៈកម្មការទី១ អញ្ជើញ លោក សាយ សំអាល់ ទៅបំភ្លឺ គឺពាក់ព័ន្ធករណីទំនាស់ដីធ្លីនេះ»។
ទាក់ទិនបញ្ហានេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មការអន្តរក្រសួង ដោះស្រាយទំនាស់ដីធ្លី បានឆ្លើយតបតាមរយៈលិខិតថា នឹងដឹកនាំគណៈប្រតិភូចូលបំភ្លឺជុំវិញទំនាស់ដីធ្លីរវាងពលរដ្ឋខេត្តកោះកុង ជាមួយក្រុមហ៊ុន យូញៀន តាមការអញ្ជើញរបស់ប្រធានគណៈកម្មការទី១ រដ្ឋសភា នៅថ្ងៃទី៥ ខែឧសភា ខាងមុខ។
ទាក់ទិនបញ្ហានេះ លោក អ៊ិន គង់ជិត មន្ត្រីសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តកោះកុង បានរិះគន់ភាពយឺតយ៉ាវនៃការដោះស្រាយទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាង ៣០០គ្រួសារ នៅស្រុកគីរីសាគរ និងស្រុកបុទុមសាគរ ថាមានទំនោរគាំទ្រក្រុមហ៊ុនចិន យូញៀន។ មន្ត្រីសង្គមស៊ីវិលរូបនេះ បានចាត់ទុកសកម្មភាពរួមគំនិត បណ្ដេញពលរដ្ឋចេញពីលំនៅឋានរបស់មន្ត្រីរដ្ឋាភិបាលសព្វថ្ងៃនេះ ទៅនឹងរបប ប៉ុល ពត កាន់អំណាចដូចគ្នាដែរ ព្រោះបានជម្លៀសពលរដ្ឋចេញពីលំនៅឋានទាំងបង្ខំ ជាពិសេសអាជ្ញាធរបានបិទទ្វារវត្តពយជប៉ុន មួយកន្លែង និងបានបណ្ដេញព្រះសង្ឃចេញពីវត្ត ព្រមទាំងបានបិទទ្វារសាលារៀនមួយកន្លែងទៀតមិនឲ្យគ្រូ បង្រៀនសិស្សថែមទៀត។
ផ្ដើមពីបញ្ហានេះ លោក អ៊ិន គង់ជិត បានស្នើដល់ប្រមុខរដ្ឋាភិបាល ត្រូវពិចារណាបញ្ឈប់រាល់សកម្មភាពគំរាមបណ្ដេញពលរដ្ឋចេញពីលំនៅឋាន ដើម្បីយកដីផ្តល់ជូនក្រុមហ៊ុនវិនិយោគតទៅទៀត ព្រោះសកម្មភាពបណ្ដេញពលរដ្ឋនាពេលកន្លងមក មិនខុសគ្នាសកម្មភាពជម្លៀសពលរដ្ឋឲ្យចេញពីលំនៅឋាន ដែលមេដឹកនាំសម័យខ្មែរក្រហម ឬ ប៉ុល ពត ធ្លាប់អនុវត្តនោះទេ៖ «បើសិនជារដ្ឋាភិបាលនៅតែបង្ខំឲ្យពលរដ្ឋនៅស្រុកគីរីសាគរ និងស្រុកបុទុមសាគរ ឲ្យចាកចេញពីលំនៅឋានទាំងបង្ខំ គឺមិនខុសគ្នាពីរបបខ្មែរក្រហម ដែលបង្ខំជម្លៀសប្រជាជនចេញពីភូមិឋានទេ ហើយបានធ្វើឲ្យពួកគាត់បាត់បង់ជីវិត និងគ្មានជីវភាពរស់នៅល្អប្រសើរទេ និងធ្លាក់ចូលទៅភាពក្រីក្រ ព្រោះសព្វថ្ងៃនេះបើពិនិត្យទៅមើលជីវភាពរបស់ប្រជាពលរដ្ឋភាគច្រើន ដែលគាត់ព្រមចាកចេញទៅរស់នៅទីតាំងថ្មីតាមការដោះស្រាយរបស់អាជ្ញាធរ និងក្រុមហ៊ុន គឺពួកគាត់បានធ្លាក់ចូលទៅក្នុងស្ថានភាពក្រីក្រ ដោយសារតែតំបន់នោះមិនមានការងារដែលនាំឲ្យគាត់អាចរកប្រាក់ចំណូលចិញ្ចឹមគ្រួសារបានទេ ហើយគាត់បានប្រឈមជំងឺគ្រុនចាញ់ថែមទៀត ព្រោះតំបន់នោះគ្មានមណ្ឌលសុខភាពទេ»។
បន្ថែមលើនេះ ក្រុមប្រជាពលរដ្ឋរងគ្រោះដីធ្លីដោយផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាលចំនួន ៥ឃុំនៅស្រុកគីរីសាគរ និងស្រុកបុទុមសាគរ ខេត្តកោះកុង ក៏បានអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍កាត់ឆ្វៀលដីលំនៅឋាន និងដីកសិកម្មពួកគាត់ចេញពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន យូញៀន និងផ្តល់កម្មសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ជូនពលរដ្ឋនៅលើទីតាំងដើម ដូចអ្វីដែលប្រមុខដឹកនាំបានដាក់ចេញនាពេលកន្លងមក។
ក្រុមប្រជាពលរដ្ឋបានអះអាងថា ពួកគាត់ភាគច្រើនបានមកតាំងទីលំនៅប្រកបរបរចិញ្ចឹមជីវិត និងដាំដំណាំកសិកម្ម មានដូង ខ្នុរ និងដំណាំរួមផ្សំច្រើនទៀតនៅលើទីតាំងនេះចំនួន ៣ជំនាន់ គឺចាប់តាំងពីជំនាន់សង្គមរាស្ត្រនិយម ក្រោមការដឹកនាំរបស់អតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហនុ រហូតមកដល់ពេលនេះម្ល៉េះ៕
No comments:
Post a Comment