2015-04-30 RFA
ពលរដ្ឋដែលរងផលប៉ះពាល់ដោយការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែង ដែលសុទ្ធសឹងជាជនជាតិដើមភាគតិច នាំគ្នាដាក់ញត្តិនៅរដ្ឋសភា ដើម្បីសុំឲ្យផ្អាកការសាងសង់បណ្ដោះអាសន្ន និងប្រឆាំងរបាយការណ៍របស់អាជ្ញាធរខេត្តស្ទឹងត្រែង ដែលអះអាងថា ពលរដ្ឋ ៧០ភាគរយយល់ព្រមទទួលយកសំណងផលប៉ះពាល់។
ខ្លឹមសារនៃញត្តិរបស់ក្រុមពលរដ្ឋដែលរងផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ មកពីខេត្តស្ទឹងត្រែង និងខេត្តរតនគិរី នៅថ្ងៃទី៣០ ខែមេសា ស្នើឲ្យផ្អាកការសាងសង់ទំនប់សិន និងទាមទារប្រឆាំងរបាយការណ៍របស់អាជ្ញាធរខេត្តស្ទឹងត្រែង ដែលរាយការណ៍មកសភាថា ពលរដ្ឋរងផលប៉ះពាល់ ៧០ភាគរយយល់ព្រមទទួលយកសំណង។
ក្រោយដាក់ញត្តិជូនគណៈកម្មការទី៣ នៃរដ្ឋសភា ទទួលបន្ទុកវិនិយោគ បរិស្ថាន និងធនធានទឹក តំណាងសហគមន៍ភូមិក្បាលរមាស មកពីខេត្តស្ទឹងត្រែង លោក ដាំ សំណាង ឲ្យដឹងថា គណៈកម្មការទី៣រដ្ឋសភា មិនបានសន្យាថានឹងធ្វើអ្វីក្រោយទទួលញត្តិនេះទេ។ លោក ដាំ សំណាង ប្រាប់ថា នៅក្នុងញត្តិនោះក៏បានដាក់បញ្ចូលសំណូមពរនានារបស់ក្រុមពលរដ្ឋ ដើម្បីស្ថាប័នមួយនេះតាមដានអង្កេតការអនុវត្តរបស់មន្ត្រីរដ្ឋាភិបាល៖ «ទំនប់ងាយកើតទេ ប៉ុន្តែធនធានធម្មជាតិមិនងាយកើតទេ ដូច្នេះខ្ញុំស្នើផ្អាកការសាងសង់សិន»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីប្រធានគណៈកម្មការទី១ នៃរដ្ឋសភា លោក ប៉ុល ហំម ទទួលបន្ទុកវិនិយោគ បរិស្ថាន និងធនធានទឹក បានទេ។ យ៉ាងណាក៏ដោយចុះ សមាជិកគណៈកម្មការនេះ អ្នកស្រី តែ ច័ន្ទមនី ថា ក្រោយទទួលញត្តិពលរដ្ឋ គណៈកម្មការត្រួតពិនិត្យញត្តិហើយ ទើបត្រូវចាត់ចែងបន្ត៖ «គណៈកម្មការយើង (គណៈកម្មការទី៣នៃរដ្ឋសភា) ឲ្យតែទទួលបានញត្តិរួចហើយ គឺចាត់ចែងតាមនីតិវិធី»។
ផ្អែកតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលកម្ពុជា កាលពីចុងឆ្នាំ២០១២ បង្ហាញថា ទំនប់វារីអគ្គិសនីសេសានក្រោម២ ផលិតបានថាមពល ៤០០មេហ្គាវ៉ាត់ អាចចែកចាយអគ្គិសនីទៅខេត្តក្រចេះ ស្ទឹងត្រែង កំពង់ចាម និងភ្នំពេញ។
មិនទាន់មានការអះអាងពីតំណាងក្រុមហ៊ុននេះ ថាសាងសង់បានប៉ុន្មានភាគរយនៅឡើយទេ ប៉ុន្តែតំណាងអង្គការទន្លេ៣ ដែលតាមដានរឿងនេះថា គម្រោងនេះសាងសង់បានជិត ៤០ភាគរយហើយ។
តំណាងក្រុមហ៊ុនសេសានក្រោម២ លោក កៅ វ៉ាងអ៊ីវ បដិសេធមិនផ្តល់បទសម្ភាសន៍ទេ នៅថ្ងៃទី៣០ ខែមេសា។
អភិបាលរងខេត្តស្ទឹងត្រែង និងជាអ្នកនាំពាក្យសាលាខេត្ត លោក ដួង ពៅ មានប្រសាសន៍ថា ក្រុមពលរដ្ឋធ្វើសកម្មភាពប្រឆាំងការសាងសង់នេះ ព្រោះស្តាប់តាមការញុះញង់របស់បុគ្គលខ្លះ និងមន្ត្រីសង្គមស៊ីវិលមួយចំនួន។ លោកអភិបាលរងខេត្តបន្តថា ប្រសិនក្រុមពលរដ្ឋមិនពេញចិត្តការផ្តល់សំណងណាមួយ អាចដាក់ពាក្យស្នើសុំសាលាខេត្តក៏បានដែរ៖ «ពលរដ្ឋភាគច្រើនព្រមទទួលយកសំណងហើយ ប៉ុន្តែតែអ្នកភាគតិចទេស្តាប់តាមការញុះញង់»។
ទោះការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ របស់ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទទួលបានការអនុញ្ញាតពីរដ្ឋសភា និងរដ្ឋាភិបាលក្តី។ ប៉ុន្តែក្រុមពលរដ្ឋរងផលប៉ះពាល់ដែលភាគច្រើនជាជនជាតិដើមភាគតិច តែងចេញមុខប្រឆាំងគម្រោងនេះ និងទាមទារផ្អាកការសាងសង់បណ្ដោះអាសន្ន ដើម្បីផ្តល់សំណងសមរម្យមកពលរដ្ឋជាមុនសិន៕
No comments:
Post a Comment