ពលរដ្ឋលើកបដាតវ៉ាប្រឆាំងការបញ្ជូនជនភៀសខ្លួនពីប្រទេសអូស្ត្រាលី មកនៅកម្ពុជា នារាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ កញ្ញា ២០១៤។
RFA/Khe Sonorng
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) នៅថ្ងៃទី៣០ មេសា ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា កុំទទួលយកជនភៀសខ្លួនដែលបានស្នើសុំសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលី មកកម្ពុជា។ យូមែន រ៉ៃត៍ វ៉ច្ឆ អះអាងថា កម្ពុជា នៅមានសមត្ថភាពទាប និងមានកំណត់ត្រាមិនល្អទាក់ទងការផ្តល់ក្តីសុខដល់ជនភៀសខ្លួន។
ការទទូចរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ នៅពេលនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា អះអាងថា មានជនភៀសខ្លួនយ៉ាងហោចណាស់ក៏ ៤នាក់ដែរ បានដាក់ពាក្យស្នើសុំមកសុំសិទ្ធិជ្រកកោននៅកម្ពុជា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនចុះថ្ងៃទី៣០ ខែមេសា ពីទីក្រុងស៊ីដនី (Sydney) ប្រទេសអូស្ត្រាលី យូមែន រ៉ៃត៍ វ៉ច្ឆ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា គួរទាត់ចោលកិច្ចព្រមព្រៀងដែលបានចុះជាមួយរដ្ឋាភិបាលអូស្ត្រាលី ទាក់ទងនឹងការទទួលយកជនភៀសខ្លួនពីកោះណាវរូ (Nauru) ហើយងាកមកផ្តល់ការការពារឲ្យបានសមរម្យដល់ជនភៀសខ្លួន និងអ្នកសុំសិទ្ធិជ្រកកោនដែលកំពុងរស់នៅលើទឹកដីនៃប្រទេសកម្ពុជា រួចហើយ។
យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់ដែរថា បើទោះជាក្នុងពេលបច្ចុប្បន្ន កម្ពុជា មានជនភៀសខ្លួនមួយចំនួនរស់នៅក៏ដោយ ក៏ប៉ុន្តែជនភៀសខ្លួនទាំងនោះកំពុងជួបប្រទះនូវការលំបាក ដូចជា ភាពក្រីក្រ បញ្ហាអសន្តិសុខ និងការរំលោភបំពានសិទ្ធិមនុស្សផ្សេងៗ។ ដោយសារប្រការនេះ ទើប យូមែន រ៉ៃត៍ វ៉ច្ឆ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ផ្ដោតការយកចិត្តទុកដាក់ក្នុងការការពារ និងជួយដល់ជនភៀសខ្លួនដែលមានស្រាប់ ហើយកម្ពុជា គួរធានាថា សិទ្ធិរបស់ជនភៀសខ្លួនទាំងនោះ ត្រូវបានគោរព និងការពារដោយច្បាប់អន្តរជាតិ។
ក្រៅពីលើកឡើងពីកង្វះសមត្ថភាព និងកំណត់ត្រាមិនល្អរបស់កម្ពុជា ពាក់ព័ន្ធនឹងបញ្ហាជនភៀសខ្លួន យូមែន រ៉ៃត៍ វ៉ច្ឆ ក៏បានកត់សម្គាល់អំពីការមិនយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជា ចំពោះជនជាតិភាគតិចម៉ុងតាញ៉ា-វៀតណាម ដែលបានរត់គេចខ្លួនចូលកាន់ទឹកដីកម្ពុជា។ ការមិនយកចិត្តទុកដាក់ទាំងនោះមានដូចជា ការចាប់បញ្ជូនខ្លួនពួកគេត្រឡប់ទៅកាន់ប្រទេសវៀតណាម វិញជាដើម។
យូមែន រ៉ៃត៍ វ៉ច្ឆ កត់សម្គាល់បន្ថែមថា ចំពោះជនជាតិភាគតិចម៉ុងតាញ៉ា-វៀតណាម ១៣នាក់ ដែលកម្ពុជា បានផ្តល់ឋានៈជាជនភៀសខ្លួនរួចហើយនោះ ក៏ត្រូវបានរដ្ឋាភិបាលកម្ពុជា កំពុងតែរកប្រទេសទី៣ ដើម្បីផ្តល់ការតាំងទីលំនៅដល់ពួកគេដូចគ្នា។ យូមែន រ៉ៃត៍ វ៉ច្ឆ អះអាងថា ប្រការនេះវាបង្ហាញឲ្យឃើញថា រដ្ឋាភិបាលកម្ពុជា ខ្លួនឯង ក៏កំពុងបារម្ភពីសមត្ថភាពរបស់ខ្លួនក្នុងការធ្វើសមាហរណកម្មជនជាតិភាគតិចម៉ុងតាញ៉ា-វៀតណាម ទៅក្នុងសង្គមកម្ពុជា។ យូមែន រ៉ៃត៍ វ៉ច្ឆ យល់ឃើញថា បញ្ហានេះវាក៏នឹងកើតឡើងដូចគ្នាចំពោះជនភៀសខ្លួន ដែលអូស្ត្រាលី គ្រោងបញ្ជូនពីកោះណាវរូ ឲ្យមករស់នៅកម្ពុជា។
រដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី បានចុះកិច្ចព្រមព្រៀងទាក់ទងនឹងការបញ្ជូនជនភៀសខ្លួននៅកោះណាវរូ មកកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០១៤។ តាមរយៈកិច្ចព្រមព្រៀងនោះ កម្ពុជា ព្រមទទួលយកជនភៀសខ្លួនតាមការស្នើរបស់អូស្ត្រាលី ជាថ្នូរនឹងទឹកប្រាក់ប្រមាណ ៣៥លានដុល្លារពីរដ្ឋាភិបាលអូស្ត្រាលី។
មន្ត្រីរដ្ឋាភិបាលកម្ពុជា អះអាងថា រហូតមកទល់ពេលនេះ មានជនភៀសខ្លួនចំនួន ៤នាក់ហើយដែលបានដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោនមករស់នៅកម្ពុជា ក្នុងនោះម្នាក់ជាជនជាតិរ៉ូហ៊ីនយ៉ា (Rohingya) មកពីប្រទេសភូមា (Myanmar) និង ៣នាក់ទៀតជាជនជាតិអ៊ីរ៉ង់ (Iran)។
ចំពោះការលើកឡើងរបស់ យូមែន រ៉ៃត៍ វ៉ច្ឆ នេះ វិទ្យុអាស៊ីសេរី មិនអាចស្នើសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេនៅថ្ងៃទី៣០ មេសា។
ដោយឡែករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងបញ្ជាក់នៅក្រោយកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ខម មីត លើកទី១០ នៅសណ្ឋាគារសុខា កាលពីព្រឹកថ្ងៃទី៣០ មេសា ថា រហូតមកទល់ពេលនេះ ពិតជាមានជនភៀសខ្លួនចំនួន ៤នាក់បានដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោននៅកម្ពុជា ប្រាកដមែន។ យ៉ាងណាក៏ដោយ លោក ស ខេង អះអាងថា កម្ពុជា មិនទាន់សម្រេចចិត្តយ៉ាងណានៅឡើយចំពោះការស្នើសុំរបស់ពួកគេ ដោយត្រូវរង់ចាំពិនិត្យមើលទៅលើលក្ខខណ្ឌសមស្របជាមុនសិន៖ «មកដល់ពេលនេះមិនទាន់និយាយអីបានទេ ដោយសារយើងមិនទាន់បានសម្រេច។ យើងត្រូវតែពិនិត្យ ធ្វើម៉េចឲ្យបានត្រឹមត្រូវ»។
មន្ត្រីរដ្ឋាភិបាលកម្ពុជា បានអះអាងម្តងហើយម្តងទៀតថា ការបញ្ជូនជនភៀសខ្លួនពីកោះណាវរូ មកកម្ពុជា ត្រូវធ្វើឡើងដោយផ្អែកលើគោលការណ៍មនុស្សធម៌ និងស្ម័គ្រចិត្ត ហើយថា កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលយកជនភៀសខ្លួនទាំងនោះ។ យ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិលក្នុងស្រុកអះអាងថា កម្ពុជា ពុំមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលយកជនភៀសខ្លួនពីអូស្ត្រាលី នោះទេ ដោយហេតុថា កម្ពុជា នៅមានការរំលោភសិទ្ធិមនុស្ស ជាពិសេសរដ្ឋាភិបាលកម្ពុជា ពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយទុក្ខលំបាកពលរដ្ឋរបស់ខ្លួនឲ្យបានសមរម្យនៅឡើយ៕
No comments:
Post a Comment