រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី នឹងផ្តល់ជំនួយយោធាជាអាវុធ និងឯកសណ្ឋានយោធាដល់ប្រទេសកម្ពុជា។ ការប្រកាសផ្តល់ជំនួយយោធានេះ ធ្វើឡើងនៅក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) នៅទីក្រុងហ្សាការតា (Jakarta) ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២១ ខែមេសា។
បណ្ដាញសារព័ត៌មានឥណ្ឌូនេស៊ី ហ្សាការតា ប៉ុស្តិ៍ (Jakarta Post) បានផ្សាយកាលពីថ្ងៃទី២១ មេសា ដោយស្រង់សម្ដីប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ថា ប្រទេសឥណ្ឌូនេស៊ី នឹងផ្តល់អាវុធ និងឯកសណ្ឋានយោធាដល់កម្ពុជា។ លោក វីដូដូ បញ្ជាក់ថា ការសម្រេចចិត្តផ្តល់អាវុធ និងឯកសណ្ឋានយោធាដល់កម្ពុជា នេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ដែងការសរសើរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលបានជួយបណ្តុះបណ្តាលកងទ័ពអាកាស និងកងអង្គរក្ស លោក ហ៊ុន សែន សរុប ៦ពាន់នាក់។
យ៉ាងណាក៏ដោយ លោក ចូកូ វីដូដូ មិនបានបញ្ជាក់ថា តើអាវុធដែលឥណ្ឌូនេស៊ី គ្រោងផ្តល់ឲ្យកម្ពុជា ជាប្រភេទអាវុធអ្វី និងមានចំនួនប៉ុន្មាននោះទេ។ តែលោកអះអាងថា ការផ្តល់អាវុធ និងឯកសណ្ឋានយោធាដល់កម្ពុជា នេះ គឺជាផ្នែកមួយនៃទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី។
គេមិនបានដឹងថា តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតបយ៉ាងណាចំពោះការផ្តល់អាវុធ និងសម្លៀកបំពាក់យោធាដល់កម្ពុជា នោះឡើយ។ ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោក ឈុំ សុជាតិ វិទ្យុអាស៊ីសេរី ក៏មិនអាចទាក់ទងដើម្បីសាកសួរបន្ថែមបាននៅឡើយដែរនៅថ្ងៃទី២២ មេសា។
ទាក់ទងនឹងរឿងនេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការសន្យាផ្តល់ជំនួយយោធាដល់កម្ពុជា ដោយរដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី វាមិនមែនជារឿងអ្វីចម្លែកនោះឡើយ។ លោកថា កន្លងមកប្រទេសឥណ្ឌូនេស៊ី ក៏តែងបានជួយផ្តល់ការបណ្តុះបណ្តាល និងហ្វឹកហ្វឺនកងទ័ពកម្ពុជា ផងដែរ។ លោក ផៃ ស៊ីផាន អះអាងដែរថា ការផ្តល់អាវុធឲ្យកម្ពុជា នេះ ឥណ្ឌូនេស៊ី មិនបានយករឿងជំនួយយោធាទៅផ្សារភ្ជាប់នឹងរឿងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា នោះទេ តែលោកថា វាជាជំនួយកិច្ចសហប្រតិបត្តិការក្នុងនាមជាប្រទេសនៅក្នុងសមាគមអាស៊ានដូចគ្នា ដើម្បីកម្ចាត់អំពើភេរវកម្ម និងសកម្មភាពឆ្លងដែនដទៃទៀត ដែលអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខក្នុងតំបន់។
លោក ផៃ ស៊ីផាន ចាត់ទុកទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី ថាជាទំនាក់ទំនងល្អលើគ្រប់វិស័យ៖ «ទំនាក់ទំនងរហូតមកដល់ពេលនេះ គឺល្អ ពីព្រោះទី១ វាឋិតក្នុងបរិបទនៃសមាជិកសមាគមអាស៊ាន។ បរិបទទី២ ទំនាក់ទំនង និងសហប្រតិបត្តិការល្អរវាងប្រជាជាតិទាំងពីរគ្រប់វិស័យទាំងអស់។ ឥឡូវនេះកំពុងតែឈានឆ្ពោះទៅរកវិស័យបន្ថែមទៀត ក្នុងផ្នែកសេដ្ឋកិច្ចតាមរយៈការបណ្ដាក់ទុន»។
ក្រៅពីប្រកាសផ្តល់ជំនួយយោធាដល់កម្ពុជា ប្រធានាធិបតីឥណ្ឌូនេស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានពិភាក្សាអំពីការពង្រឹងវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែរ។
ទីភ្នាក់ងារព័ត៌មាន អាកាប៉េ (AKP) បានផ្សាយថា ក្នុងជំនួបជាមួយ លោក ហ៊ុន សែន នោះ ប្រធានាធិបតីឥណ្ឌូនេស៊ី បានស្នើឲ្យកម្ពុជា បើកជំហរទីផ្សារសម្រាប់ផលិតផលរបស់ឥណ្ឌូនេស៊ី ជាពិសេសផលិតផលគ្រឿងម៉ាស៊ីន ម៉ូតូ និងថ្នាំពេទ្យ។ លើសពីនេះ លោក ចូកូ វីដូដូ ក៏បានបង្ហាញពីបំណងបើកស្ថានីយប្រេងឥន្ធនៈរបស់ឥណ្ឌូនេស៊ី នៅកម្ពុជា និងបើកការហោះហើរផ្ទាល់ពីប្រទេសឥណ្ឌូនេស៊ី មកកាន់កម្ពុជា។
ចំពោះសំណើរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី នេះ ត្រូវបាន លោក ហ៊ុន សែន សម្ដែងការគាំទ្រ និងជំរុញឲ្យបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្ម ខណៈទំហំនៃការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូនេស៊ី ក្នុងពេលបច្ចុប្បន្នមានតម្លៃប្រមាណ ៦០០លានដុល្លារប៉ុណ្ណោះ។ ក្រៅពីនោះ លោក ហ៊ុន សែន ក៏បានស្នើឲ្យឥណ្ឌូនេស៊ី ជួយកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ៕
No comments:
Post a Comment