បុរសជនជាតិវៀតណាម ពីរនាក់ស្លៀកពាក់ខោអាវយោធាចូលដឹកឈើប្រណិតក្នុងទឹកដីខេត្តក្រចេះ ត្រូវសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី២៣ ខែមេសា។ ក្រោយចាប់ខ្លួន សមត្ថកិច្ចរកពុំឃើញថា ពួកគេមានឯកសារអ្វីទាំងអស់។ សកម្មភាពនេះទទួលបានការស្វាគមន៍របស់មន្ត្រីសង្គមស៊ីវិល។
ភ្លាមៗក្រោយការចាប់ខ្លួន ក្រុមមន្ត្រីជំនាញបានបញ្ជូនជនសង្ស័យទៅកាន់តុលាការខេត្តក្រចេះ ដោយចោទប្រកាន់ពីបទដឹកជញ្ជូនឈើកម្រ ឬឈើប្រណិត។ សមត្ថកិច្ចឲ្យដឹងថា បុរសជនជាតិវៀតណាម ទាំងពីរនាក់នោះ ត្រូវឃុំខ្លួនបន្តនៅថ្ងៃទី២៣ ខែមេសា ដោយសារតុលាការរវល់មិនទាន់បានចេញដីកាចោទប្រកាន់។
នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ខេត្តក្រចេះ លោក កែវ ចំណាន ឲ្យដឹងថា នេះជាលើកទី១ដែលសមត្ថកិច្ចលោកចាប់ខ្លួនជនជាតិវៀតណាម ដឹកឈើប្រណិតនៅក្នុងទឹកដីខេត្តនេះ។ លោកបន្តថា ជនជាតិវៀតណាម ទាំងពីរនាក់នេះ ឆ្លើយប្រាប់ថា ពួកគេដឹកឈើយកទៅធ្វើផ្ទះនៅប្រទេសវៀតណាម៖ «ប៉ូលិសចរាចរណ៍រាយការណ៍មកថា មានករណីសង្ស័យដឹកឈើប្រណិត ពេលក្រុមការងារយើងទៅដល់ឃើញជនជាតិវៀតណាម។ ពួកគេអត់មានឯកសារអីទាំងអស់»។
វត្ថុតាដែលរឹបអូសបាន គឺឈើប្រណិតចំនួន ៨កំណាត់ប្រភេទធ្នង់ និងប្រភេទនាងនួន ពួកគេដឹកជញ្ជូនតាមរ៉ឺម៉កបង្កប់អាចម៍ពីលើ។ ក្រុមនេះបានចូលមកទឹកដីប្រទេសកម្ពុជា តាំងពីថ្ងៃទី១៩ មេសា។
មន្ត្រីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក នៃខេត្តក្រចេះ លោក ហេង ភារៈ ស្វាគមន៍សមត្ថកិច្ចដែលចាប់បានជនជាតិវៀតណាម ដូចនេះ។ ទោះបែបនេះក្តី លោកស្នើសមត្ថកិច្ចខេត្តនេះ ក្លាហានហ៊ានចាប់ឈ្មួយរកស៊ីឈើធំៗដទៃទៀត ដែលកំពុងប្រព្រឹត្តបទល្មើសរាល់ថ្ងៃនៅក្នុងខេត្តក្រចេះផង៖ «នាមខ្ញុំជាមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក សំណូមពរឲ្យសមត្ថកិច្ចបន្តការងារនេះឲ្យរឹតតែបានរលូនទៅមុខ»។
មន្ត្រីជំនាញព្រៃចោទប្រកាន់ជនជាតិវៀតណាម ឆ្លងដែនដឹកឈើនេះ ពីបទល្មើសព្រៃឈើ ចំណែកការស្លៀកសម្រៀកបំពាក់យោធា ជាការចោទរបស់តុលាការ៕
No comments:
Post a Comment