ដោយ៖ ណាត សុភាព | ថ្ងៃព្រហស្បតិ៍ ទី23 មេសា 2015,
ស្តាប់សំឡេង៖ | ចម្លងទុក |
អ្នកជំនាញរបស់រដ្ឋាភិបាលនៅថ្ងៃព្រហស្បតិ៍នេះអះអាងថា ការកសាងវិមានអនុសាវរីយ៍នយោបាយឈ្នះ-ឈ្នះ ទុកជាប្រវត្តិសាស្ត្រ គឺជំរុញឲ្យមាន វីរជន និងវីរនារីជាតិកាន់តែច្រើន ដើម្បីធ្វើឲ្យសង្គមជាតិមានសន្តិភាព និងការអភិវឌ្ឍ ។
ការអះអាងនេះ ធ្វើឡើងក្នុងសិក្ខាសាលាស្តីពីអត្ថន័យ និងខ្លឹមសារសម្រាប់ការសាងសង់វិមាននយោបាយឈ្នះ-ឈ្នះ ដែលមានវត្តមានស្ថាបត្យករ និងវិចិត្រករប្រមាណ៥០នាក់ មកពីស្ថាប័នផ្សេងគ្នា ដើម្បីប្រមូលគំនិតមុនពេលសាងសង់វិមាននោះ ។
ទីប្រឹក្សារដ្ឋាភិបាល និងជាប្រធានសមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា លោក ស៊ន សំណាង ថ្លែងថា មូលហេតុដែលរដ្ឋាភិបាលចង់ឲ្យមានការកសាងវិមាន ឈ្នះ-ឈ្នះ គឺដើម្បីរំឭកគុណវីរបុរសជាតិ ដូចដែលមាននៅបណ្តាប្រទេសជឿនលឿន និងទុកជាប្រវត្តិសាស្ត្រឲ្យកូនចៅជំនាន់ក្រោយគោរពបូជា ដូចវីរបុរសខ្មែរមុនៗផងដែរ ។ លោកថា «គម្រោងកសាងវិមាននយោបាយឈ្នះ-ឈ្នះ នេះមិនមានជាលើកដំបូងទេ យើងធ្លាប់កសាងវិមានព្រះបរមរូប និងបដិមាព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្ត សីហនុ ។ ក្រៅពីនេះយើងក៏បានកសាងរូបសំណាកជាច្រើន ដូចជារូបសំណាកព្រះបាទជ័យវរ្ម័នទី៧ សម្តេចព្រះសង្ឃរាជ ជួន ណាត លោកតាក្រមង៉ុយ រូបសំណាកលោកយាយពេញ ជាដើម ។ វិមាននយោបាយឈ្នះ-ឈ្នះ ដែលយើងមានគម្រោងនឹងបង្កើតនេះ គឺជាវិមានរំឭកគុណ វីរបុរសជាតិ ដូចដែលមាននៅក្នុងបណ្តាប្រទេសចម្រើនជឿនលឿនជាច្រើន ដើម្បីទុកឲ្យកូនចៅគោរពបូជា» ។
ប្រធានគណៈកម្មការសាងសង់វិមាននយោបាយ ឈ្នះ ឈ្នះ លោក ណិម សុវត្ថិ ថ្លែងថា ការសង់វិមាន ឈ្នះ-ឈ្នះ នោះក៏ត្រូវការជ្រើសរើសអ្នកជំនាញផ្នែកស្ថាបត្យករ និងវិចិត្រករខ្មែរ ដែលមានស្នាដៃល្អ ដើម្បីកសាងវិមាននោះឲ្យក្លាយទៅជារមនីយដ្ឋាន បូជនីយដ្ឋាន និងអាចក្លាយទៅជាតំបន់ទេសចរណ៍នៅថ្ងៃអនាគត ។
ទោះជាយ៉ាងណា លោក ណិម សុវត្ថិ បញ្ជាក់ថា វិមានឈ្នះ-ឈ្នះ នោះមិនទាន់កំណត់ទីតាំងត្រូវសង់នៅកន្លែងណា ចំណាយអស់ថវិកាអស់ប៉ុន្មាន និងដាក់រូបវីរជនណាខ្លះក្នុងវិមាននោះនៅឡើយ ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ញ៉ែម បុញ្ញាឬទ្ធិ មានប្រសាសន៍ថា ការសង់វិមាននោះគួរតែកំណត់ឲ្យបានច្បាស់លាស់ថា នឹងដាក់រូបវីរជនណាខ្លះនៅក្នុងនោះ ។ តែលោកថាបច្ចុប្បន្ននេះ រដ្ឋាភិបាលគួរទុកថវិកាជួយប្រជាជនក្រីក្រ ជាជាងចំណាយទៅលើការសង់វិមាននោះ ។ លោកបញ្ជាក់ថា «រឿងដែលជាសំខាន់ យើងត្រូវមើលប្រព័ន្ធដោះស្រាយ កាត់បន្ថយភាពក្រីក្រសម្រាប់ប្រជាពលរដ្ឋយើង ដូច្នេះអ្វីទៅដែលជាលក្ខណៈសំខាន់ដែលត្រូវគិតគូរជាបន្ទាន់នោះ លើវិស័យអប់រំ និងវិស័យសុខាភិបាល វិស័យទាំងពីរនោះ ដែលត្រូវការថវិកាបន្ទាន់ដើម្បីធ្វើកំណែទម្រង់ឲ្យមានប្រសិទ្ធភាព» ។
អ្នកវិភាគឯករាជ្យលោកស្រី ជា វណ្ណាត មានប្រសាសន៍ថា បើពិតមានការសង់វិមានឈ្នះ-ឈ្នះ ដោយមានដាក់រូបថ្នាក់ដឹកនាំណាមួយដែលនៅរស់ ដោយមិនមានការឯកភាពគ្នាភាគច្រើនពីគ្រប់មជ្ឈដ្ឋានទេ នោះនៅពេលអ្នកកាន់អំណាចថ្មីចូលកាន់តំណែង ហើយមិនពេញចិត្តអាចនឹងត្រូវកម្ទេចចោលវិញ ។ លោកស្រីមានប្រសាសន៍ថា «ធ្វើអ៊ីចឹងៗ បើសិនណាអ្នកហ្នឹងឯងនៅរស់ ពិបាកត្រង់ថា ដល់ពេលក្រោយអ្នកនោះស្លាប់ទៅ តែងតែមានការប្រឆាំងបកមកវិញ អ៊ីចឹងមានការផ្លាស់ប្តូរអី ខ្ញុំឧទាហរណ៍ដូចជា របងសាលាអនុវិទ្យាល័យព្រះនរោត្តមអ៊ីចឹង កាលជំនាន់ហ្វ៊ុនស៊ិនប៉ិច ខ្ញុំឃើញដាក់ឈ្មោះ កាលនោះដូចជាឯកឧត្តម ជា សុផារ៉ា ដល់ពេលហ្វ៊ុនស៊ិនប៉ិច មានរឿងឆ្នាំ១៩៩៧ ចាញ់ឆ្នោត១៩៩៨ហ្នឹង ដូរចៅហ្វាយក្រុងមកគណបក្សប្រជាជនវិញ ឃើញលុបឈ្មោះនៅរបងសាលាចោល ដាក់ឈ្មោះអ្នកថ្មី» ។
តាមគម្រោងដែលបង្ហាញក្នុងកិច្ចពិភាក្សានៅថ្ងៃនេះ វិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ នឹងធ្វើលើផ្ទៃដីទំហំ១២៦ម៉ែត្រការ៉េ ដោយកំណត់យកតួវិមានកម្ពស់៦ម៉ែត្រ ហើយរូបចម្លាក់វីរជនទាំងនោះ កំណត់យកកម្ពស់១.៧០ម៉ែត្រ ដែលរូបចម្លាក់នោះធ្វើអំពីថ្មពណ៌ខៀវ(ថ្មភ្នំ) ៕
សូមសសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
No comments:
Post a Comment