ដោយ៖ អុិត សូធឿត | ថ្ងៃចន្ទ ទី16 កុម្ភៈ 2015, Read Sam Rainsy's letter to Sar Kheng here.
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ស្នើឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង អន្តរាគមន៍ទៅនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងនេះ បន្តទិដ្ឋាការឲ្យសកម្មជនការពារបរិស្ថាននៅតំបន់អារ៉ែង គឺលោក អាឡិច ដើម្បីអាចមានសិទ្ធិបន្តស្នាក់នៅក្នុងប្រទេសកម្ពុជា ។
នៅក្នុងលិខិតចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ របស់លោក សម រង្ស៊ី ក្នុងនាមជាប្រធានក្រុមមតិភាគតិចនៃរដ្ឋសភា ផ្ញើជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមមតិភាគច្រើននៃរដ្ឋសភា លោក ស ខេង លើកឡើងថា រូបលោក ក៏ដូចជាប្រជាពលរដ្ឋខ្មែរជាច្រើនយល់ឃើញថា លោក អាឡិច មិនមែនជាឧក្រិដ្ឋជន ហើយក៏មិនបានប្រព្រឹត្តបទល្មើសអ្វីធ្ងន់ធ្ងរ ដែលតម្រូវឲ្យបណ្តេញគាត់ ចេញពីប្រទេសកម្ពុជា ។
លោក សម រង្ស៊ី បន្តថា លោក អាឡិច គ្រាន់តែជាសកម្មជនម្នាក់ ក្នុងមជ្ឈដ្ឋានសង្គមស៊ីវិល ដែលបានជួយឲ្យសាធារណៈមតិ មានការចាប់អារម្មណ៍ចំពោះបញ្ហាបរិស្ថាន ព្រមទាំងជួយឲ្យប្រជាពលរដ្ឋមានការយល់ដឹងអំពីសិទ្ធិរបស់ខ្លួនកាន់តែច្បាស់ ។
ប្រធានគណបក្សប្រឆាំងរូបនេះក៏បានបង្ហាញការសរសើរដល់លោក អាឡិច ថា បានបង្ហាញពីការស្រលាញ់ និងគោរពវប្បធម៌ និងប្រពៃណីខ្មែរ ព្រមទាំងចេះនិយាយភាសាខ្មែរបានល្អ គ្រាន់បើជាងបរទេសដទៃទៀតជាច្រើន ដែលកំពុងរស់នៅលើទឹកដីប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ។
លោក អាឡិច ជាសម្មជនដ៏លេចធ្លោរម្នាក់ដែលតែងតែធ្វើសកម្មភាពតវ៉ា និងយុទ្ធនាការជាច្រើន ដើម្បីការពារតំបន់អារ៉ែង នៅខេត្តកោះកុង មិនឲ្យមានការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនៅតំបន់នេះ ដោយលោកយល់ថា គម្រោងនោះនឹងបំផ្លាញធនធានធម្មជាតិកម្ពុជាធ្ងន់ធ្ងរ ។ ទិដ្ឋាការរបស់លោក នឹងត្រូវផុតកំណត់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយអាជ្ញាធរបានបដិសេធមិនព្រមបន្តទិដ្ឋាការឲ្យរូបលោក ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់VOD នៅព្រឹកថ្ងៃចន្ទនេះថា មូលហេតុដែលក្រសួងសម្រេចមិនបន្តទិដ្ឋាការដល់លោក អាឡិច (Alex Gonzalez Davidson) ដោយសារកន្លងមកលោក អាឡិច បានធ្វើការរារាំង និងអុកឡុកដល់ការអភិវឌ្ឍន៍ប្រទេសរបស់រដ្ឋាភិបាល ។ លោកថា តាមច្បាប់ លោក អាឡិច អាចប្រឈមនឹងការជាប់ពន្ធនាគារពី៣ទៅ៦ខែ បើលោកបន្តការរស់នៅក្នុងទឹកដីកម្ពុជាដោយគ្មានទិដ្ឋាការ ។
គួរបញ្ជាក់ថា លោក អាឡិច គឺជាជនជាតិអេស្បាញដែលបានមករស់នៅលើទឹកដីកម្ពុជានេះជាង១០ឆ្នាំមកហើយ និងចេះនិយាយភាសាខ្មែរបានយ៉ាងច្បាស់លាស់ ព្រមទាំងបានបង្កើតសមាគមការពារព្រៃឈើមួយឈ្មោះថា មាតាធម្មជាតិ ដែលមានសមាជិកភាគច្រើនជាជនជាតិដើមភាគតិចនៅតំបន់អារ៉ែង ៕
សូមសរសេរមកលោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com
No comments:
Post a Comment