សំបុត្រលាលែងរបស់លោក វ៉ាន សំអឿន អ្នកតំណាងរាស្ត្រខេត្តកំពតត្រូវបានផ្សាយតាមគេហទំព័ររដ្ឋសភាកម្ពុជាកាលពីថ្ងៃច័ន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពីលោកបានប្រកាសលាឈប់ចេញពីសមាជិកសភាកូតាខាងគណបក្សសង្គ្រោះជាតិ។ (រូបថតពីគេហទំព័ររដ្ឋសភា)
ហេង រស្មី
17 កុម្ភៈ 2015
ភ្នំពេញ—គណបក្សសង្គ្រោះជាតិនៅថ្ងៃច័ន្ទនេះបានបញ្ជូនបញ្ជីឈ្មោះជាផ្លូវការទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីជំនួសអ្នកតំណាងរាស្ត្រខេត្តកំពតម្នាក់ក្រោយពីលោកបានប្រកាសចាកចេញពីគណបក្សនេះដោយស្ងាត់ៗ ហើយមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។
លោក យ៉ែម បុញ្ញាឫទ្ធិ អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា លោក ដាង ចំរើន អ្នកតំណាងរាស្ត្រលំដាប់ទី៤ និងត្រូវជំនួសលោកវ៉ាន សំអឿន អ្នកតំណាងរាស្ត្រខេត្តកំពតបន្ទាប់ពីលោកបានប្រកាសលាឈប់ចេញពីសមាជិកសភាកូតាខាងគណបក្សសង្គ្រោះជាតិ។
លោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានប្រសាសន៍ថា លោកបានទទួលលិខិតស្នើសុំពីគណបក្សសង្គ្រោះជាតិរួចហើយ ហើយបើតាមនីតិវិធី គ.ជ.ប.នឹងផ្តល់ដំណឹងទៅគណបក្សវិញយ៉ាងយូរបំផុតរយៈពេលមួយថ្ងៃតែប៉ុណ្ណោះ។
លោកនិយាយថា៖ «យើងពិនិត្យមើលអ្នកឈ្មោះបន្ទាប់ជាអ្នកណា ហើយក្នុងករណីគាត់ដាក់អ្នកផ្សេង អាហ្នឹងយើងមើលទៅ តើមានលិខិតលាឈប់អ្វីទេ។ បើសិនជាពិនិត្យមើលឃើញត្រឹមត្រូវហើយ គ.ជ.ប.នឹងចេញសេចក្តីសម្រេចទទួលស្គាល់ជាបេក្ខជនជាប់ឆ្នោត ហើយបញ្ជូនទៅគណបក្សនិងសភាតែម្តង»។
កាលពីថ្ងៃទីសុក្រសប្តាហ៍មុននេះ លោកវ៉ាន សំអឿន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពតខាងកូតាគណបក្សសង្គ្រោះជាតិ បានផ្ញើរលិខិតមួយជូនលោក ហេង សំរិន ប្រធានរដ្ឋសភាដើម្បីសុំលាឈប់ពីសមាជិកសភាតំណាងរាស្ត្រ ដោយលោកបានលើកហេតុផលថា «លោកគ្មានឱកាសនឹងបម្រើប្រទេសជាតិនៃយើងតាមឆន្ទៈ និងបទពិសោធន៍របស់លោកទេ»។
VOA បានព្យាយាមទាក់ទងលោកវ៉ាន សំអឿន អ្នកតំណាងរាស្ត្រជនជាតិខ្មែរសញ្ជាតិអាមេរិកាំង ដើម្បីស្នើសុំការបញ្ជាក់ពីមូលហេតុនៃការលាឈប់នោះ តែមិនអាចទាក់ទងបានទេ ដោយសារទូរស័ព្ទរបស់លោកត្រូវបានបិទ។
លោកយ៉ែម បុញ្ញាឫទ្ធិមានប្រសាសន៍ថា លោកមិនបានដឹងមូលហេតុពិតប្រាកដនៃការលាឈប់ទេ ក៏ប៉ុន្តែបើតាមហេតុផលដែលបានបញ្ជាក់នៅក្នុងលិខិតលាលែង លោកវ៉ាន សំអឿនសរសេរថា លោកគ្មានឱកាសនឹងបម្រើជាតិ។
លោកយ៉ែម បុញ្ញាឫទ្ធិបានបញ្ជាក់ថា គ្មានឱកាសទៅបម្រើរាស្ត្រ វាគ្រាន់បើជាងមានឱកាសទៅបំផ្លាញជាតិ។
លោកយ៉ែម បុញ្ញាឫទ្ធិនិយាយថា៖ «យើងគ្មានការព្រួយបារម្ភអ្វីទេ ហើយអ្នកដែលគាត់ចង់ចាកចេញរកលាភសក្ការៈ ឬមួយក៏ដើម្បីផលប្រយោជន៍អ្វីមួយផ្ទាល់ខ្លួន អាហ្នឹងជាការគិត ជាការយល់ឃើញរបស់គាត់ ទុកឲ្យប្រជាពលរដ្ឋ និងមហាជន ប្រវត្តិសាស្ត្រវិនិច្ឆ័យចុះ»។
បន្ទាប់ពីលាឈប់ពីសមាជិកសភាគណបក្សសង្គ្រោះជាតិ លោកវ៉ាន សំអឿនបានចិត្តចូលរួមជីវិតនយោបាយថ្មីរបស់លោកជាមួយនឹងគណបក្សប្រជាជនកម្ពុជា។
លោកឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាកំពុងពិចារណាផ្តល់តួនាទីដល់លោកវ៉ាន សំអឿន ដោយសារគណបក្សត្រូវការអ្នកមានសមត្ថភាពច្រើនណាស់ដើម្បីទ្រទ្រង់ប្រទេសជាតិ។
លោកនិយាយថា៖ «មកទល់ពេលនេះពុំទាន់មានការសម្រេចចិត្តជាផ្លូវការនៅឡើយទេ។ ប៉ុន្តែជាធម្មតាទេ ប្រសិនណាបើសាម៉ីខ្លួនចង់ប្រើឱកាសក្នុងការចូលរួម កសាងប្រទេសជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដូច្នេះមិនជាការលំបាកទេ»។
លោក វ៉ាន សំអឿន អាយុ៦៧ឆ្នាំ ធ្លាប់ជាអតីតសមាជិកដ៏សកម្មរបស់គណបក្សសិទ្ធិមនុស្ស ហើយលោកបានក្លាយទៅជាសមាជិកសភាជាប់ឆ្នោតជាលើកដំបូងលំដាប់ទី៣ខាងកូតាគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកំពត អាណត្តិទី៥នេះ បន្ទាប់ពីគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានរួមបញ្ជូលគ្នាទៅជាគណបក្សសង្គ្រោះជាតិ៕
No comments:
Post a Comment