គណបក្សប្រជាជនកម្ពុជា បានបញ្ចូលសមាជិកជាយុវជនចំនួន ៧០នាក់ ឬស្មើជាង ២២ភាគរយ នៃចំនួនសមាជិកថ្មីសរុប ៣០៦នាក់ ទៅក្នុងគណៈកម្មាធិការកណ្ដាលបក្សប្រជាជនកម្ពុជា។ កំណែទម្រង់ដ៏ធំនេះ ដើម្បីបង្ហាញថា យុវជនមានឱកាសក្នុងការបញ្ចេញសមត្ថភាពដឹកនាំទាំងបក្សនយោបាយ និងទាំងស្ថាប័នរដ្ឋផ្សេងៗទៀត ត្រៀមជំនួសមន្ត្រីដែលភាគច្រើនមានវ័យចំណាស់ទៅហើយនោះ។
មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការងារជាមួយយុវជនខ្លះបានស្វាគមន៍ចំពោះការដាក់បញ្ចូលកម្លាំងយុវជនថ្មីដែលមានសមត្ថភាពទៅក្នុងគណៈកម្មាធិការកណ្ដាលបក្សប្រជាជនកម្ពុជា។ ប៉ុន្តែគិតថា វាមិនមែនជាការកែទម្រង់បក្ស ដើម្បីផលប្រយោជន៍ច្រើនដល់សង្គម តែជាការធ្វើឡើងដើម្បីប្រយោជន៍បុគ្គល ឬក្រុមគ្រួសាររបស់ថ្នាក់ដឹកនាំបក្សតែប៉ុណ្ណោះ។
ប្រធានអង្គការសភាយុវជនខ្មែរ លោក ឡុង គឹមឃន គាំទ្រចំពោះការដាក់បញ្ចូលយុវជនដែលមានសមត្ថភាពឲ្យបន្តវេនអ្នកនយោបាយដែលមានវ័យចាស់ មានសុខភាពទ្រុឌទ្រោម។ ប៉ុន្តែអ្នកនយោបាយខ្លួនឯងគួរតែមានគោលការណ៍សីលធម៌ ដោយមិនត្រូវចេះតែដាក់បញ្ចូលកូន ឬចៅរបស់ខ្លួនឲ្យបន្តវេនស្រួលៗនោះឡើយ ព្រោះអាចជាការលំបាកក្នុងការគ្រប់គ្រងរដ្ឋបាលសាធារណៈទៅថ្ងៃក្រោយ។
លោកគិតថា ការដាក់បញ្ចូលយុវជនទៅក្នុងគណៈកម្មាធិការកណ្ដាលបក្សប្រជាជនកម្ពុជា គឺធ្វើឡើងគ្រាន់តែពង្រឹងបក្សឲ្យកាន់តែខ្លាំងក្លា ហើយមានអំណាចធំជាងអំណាចរាជការសាធារណៈ៖ «កូនមន្ត្រីធំៗទាំងនោះរៀនពីប្រទេសសេរី ហើយមានសញ្ញាប័ត្រធំៗក៏ដោយ ប៉ុន្តែខ្ញុំគ្មានជំនឿទេថា នឹងមានការផ្លាស់ប្ដូរជាដុំកំភួននៅក្នុងគណបក្សប្រជាជនកម្ពុជា។ ប្រព័ន្ធនៃការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា គឺធំណាស់ មិនអាចនរណាទៅធ្វើកំណែទម្រង់បានទេ ម្នាក់ៗត្រូវរត់តាមបន្ទាត់នយោបាយគណបក្ស»។
គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចជាង ៣០ឆ្នាំ បានបញ្ចូលសមាជិកជាយុវជនចំនួន ៧០នាក់ ឬស្មើជាង ២២ភាគរយ នៃចំនួនសមាជិកថ្មីសរុប ៣០៦នាក់ ដែលត្រូវមកជំនួសអ្នកដែលស្លាប់ អ្នកលាលែងចេញពីតួនាទីបក្ស និងអ្នកដែលត្រូវបានគណបក្សបណ្ដេញចេញ។ សមាជិកថ្មីទាំងនោះមានសមាសភាពជាកូនមន្ត្រីជាន់ខ្ពស់ក្នុងគណបក្ស រួមមានកូនលោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានី លោក ហ៊ុន ម៉ានិត។ អ្នកទាំងបីជាកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ឌី វិជ្ជា ត្រូវជាកូនប្រសា។
លោក យឹម លាង ជាប្រធានអង្គរក្សលោក ជា ស៊ីម និងជាកូនប្រុសលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងជាដន្លងរបស់លោក ហ៊ុន សែន។ លោក ឌិត ទីណា ជាកូនប្រុសលោក ឌិត មន្ទីរ ប្រធានតុលាការកំពូល។ លោក ឆាយ ឬទ្ធីសែន ជាកូនរដ្ឋមន្ត្រីក្រសួងផែនការ លោក ឆាយ ថន។ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងត្រូវជាកូនរបស់លោក សាយ ឈុំ អគ្គលេខាធិការគណបក្ស។ លោក គីម រិទ្ធី កូនប្រុសលោក គន់ គីម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ។ លោក ស សុខា កូនប្រុសលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោក ទៀ ទីហា កូនប្រុសលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ។ លោក ជាម ច័ន្ទសោភណ្ឌ កូនប្រុសលោក ជាម យៀប និងលោក សំហេង បុរស កូនប្រុសលោក អ៊ិត សំហេង ជារដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាដើម។
យ៉ាងណាការដាក់បញ្ចូលឲ្យកូនរបស់ខ្លួនមានតួនាទីនៅក្នុងគណបក្សនេះ ប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន លោក ជាង សុខា គិតថា ជាការផ្ទេរមរតកអំណាច ឬជាការផ្ទេរមរតកនយោបាយពីឪពុកទៅកូនតែប៉ុណ្ណោះ៖ «សមាជិកគណបក្សប្រជាជនសំខាន់ៗ ចាស់ទ្រុឌទ្រោម និងមិនមានសក្ដានុពលច្រើនផ្នែកចំណេះដឹងទេ គ្រាន់តែគាត់មានបទពិសោធន៍នយោបាយច្រើន។ របៀបនៃការជ្រើសរើសយុវជននេះ ហាក់បីដូចជាគ្រាន់តែជាការផ្ទេរមរតកអំណាចពីឪពុកទៅកូនតែប៉ុណ្ណឹង អ៊ីចឹងខ្ញុំគិតថា វាគ្មានឥទ្ធិពលអីច្រើនទេ»។
លោកបន្ថែមថា សព្វថ្ងៃនេះមានយុវជនជាច្រើនបានបញ្ចប់ការសិក្សានៅក្រៅប្រទេស ហើយមានចំណេះដឹងនិងសក្ដានុពលទៅលើអភិវឌ្ឍន៍។ ប៉ុន្តែពួកគេទាំងនោះមិនមានឱកាសជ្រៀតចូលក្នុងជូរថ្នាក់ដឹកនាំគណបក្ស ដោយសារតែមិនមានឪពុកម្ដាយ ឬជាប់សែស្រឡាយជាអ្នកធំក្នុងជួរគណបក្ស។
យុវជនថ្មីដែលដាក់បញ្ចូលទៅក្នុងគណបក្សនៅពេលនេះ ពួកគាត់បានបញ្ចប់ការសិក្សាពីបរទេស ពីប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យសេរី ប្រទេសមូលធនមកពីសហរដ្ឋអាមេរិក ពីប្រទេសអូស្ត្រាលី និងពីប្រទេសសិង្ហបុរី ជាដើម។ ពួកគាត់សុទ្ធតែទេជាមនុស្សមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍប្រទេស។
យ៉ាងណាអ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច នៅមិនទាន់អាចទស្សន៍ទាយបាននៅឡើយទេថា យុវជនដែលមានសមត្ថភាពជាកូនអ្នកមានឥទ្ធិពលក្នុងគណបក្សប្រជាជនកម្ពុជា ទាំងនោះ មកដើម្បីអភិរក្សអំណាចរបស់វីរជនជើងចាស់ ឬឈាមចាស់ ឬអាចមកប្ដូរចរន្តឈាមថ្មី ពាំនាំចំណេះដឹងពីបច្ឆិមប្រទេសមកដើម្បីអភិវឌ្ឍន៍ប្រទេសជាតិបានយ៉ាងណានោះទេ។
លោក សុខ ទូច៖ «កាលណាគាត់ (យុវជនថ្មី) មិនទាន់មានអំណាច គាត់មិនទាន់ធ្វើទេ ចាំមើលគាត់រៀបចំខ្លួនទៅជារបៀបណា យើងចាំមើលទាំងអស់គ្នា ពីព្រោះដូចពាក្យចាស់ពោលថា ស្លឹកឈើមិនដែលជ្រុះឆ្ងាយពីគល់ ប៉ុន្តែសតវត្សទី២១ មិនប្រាកដទេ មានព្យុះខ្លាំងក៏ជ្រុះឆ្ងាយពីគល់បានដែរ»។
ក្រៅពីគណបក្សកាន់អំណាច គណបក្សប្រឆាំងក៏បានប្រើវិធីសាស្ត្រដាក់កូនរបស់ខ្លួនឲ្យមានតួនាទីនៅក្នុងគណបក្សដែរ ដូចជាលោក គង់ បូរ៉ា តំណាងរាស្ត្រមណ្ឌលព្រៃវែង មកពីគណបក្សសង្គ្រោះជាតិ ត្រូវជាកូនប្រុសលោក គង់ គាំ ជាប្រធានគណបក្ស សម រង្ស៊ី។ កញ្ញា កឹម មនោវិទ្យា ជាអគ្គនាយរងទំនាក់ទំនងសាធារណៈនៃគណបក្សសង្គ្រោះជាតិ ដែលត្រូវជាកូនស្រីរបស់លោក កឹម សុខា អនុប្រធានគណបក្ស។
អង្គការសង្គមស៊ីវិលដែលធ្វើការច្រើនជាមួយយុវជន គិតថា ប្រសិនបើអ្នកនយោបាយវ័យក្មេងមិនផ្លាស់ប្ដូររបៀបនៃការធ្វើនយោបាយ ហើយនៅតែប្រើវប្បធម៌ការពារផលប្រយោជន៍ខ្លួន ក្រុមគ្រួសារនិយម ឬបក្សពួកនិយមពីមួយជំនាន់ទៅមួយជំនាន់ទៀត នោះកង់ប្រវត្តិសាស្ត្រកម្ពុជា នឹងវិលថយក្រោយទៅជារបបមូលធននិយម បក្សពួកនិយម ដែលបង្កភាពវឹកវរក្នុងសង្គមកាន់តែច្រើន៕
1 comment:
You can imagine how hungry they are of power . these young cpp have been coached by their parents how and when to grab power.
Post a Comment