ថ្នាក់ដឹកនាំស្នូលនៃគណបក្សសង្គ្រោះជាតិ ប្រមាណ ១០នាក់ បានជួបជុំគ្នាកាលពីថ្ងៃសៅរ៍ ទី៧ កុម្ភៈ ដើម្បីរៀបចំសេចក្ដីព្រាងកម្មវិធីនយោបាយថ្មីរបស់បក្សឲ្យស្របនឹងស្តង់ដារអន្តរជាតិសម្រាប់ត្រៀមប្រកួតប្រជែងការបោះឆ្នោតនៅពេលខាងមុខ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងជាអនុប្រធានទី១រដ្ឋសភាមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ នឹងកែប្រែកម្មវិធីនយោបាយរបស់ខ្លួនថ្មីដើម្បីជាការឆ្លើយតបទៅនឹងការវិវត្តនៃសង្គមសព្វថ្ងៃនេះ។ កម្មវិធីនយោបាយថ្មីទាំងនោះនឹងធ្វើលំអិតពីគោលនយោបាយអន្តរជាតិ នយោបាយកសិកម្ម នយោបាយសង្គមកិច្ច និងនយោបាយបរិស្ថានជាដើម ដែលគណបក្សសង្គ្រោះជាតិ ត្រូវធ្វើសម្រាប់ត្រៀមទៅដឹកនាំប្រទេសនៅពេលខាងមុខ។
លោក កឹម សុខា៖ «ទី១ គឺបុព្វកថាចង់ដឹងថា ហេតុអីក៏យើងត្រូវការគណបក្សសង្គ្រោះជាតិ ដឹកនាំប្រទេស? ទី២និយាយអំពីការគ្រប់គ្រងរដ្ឋ នៅពេលរដ្ឋាភិបាលសង្គ្រោះជាតិ ដឹកនាំប្រទេសតាមរបៀបម៉េច? ទី៣ ដើម្បីលើកស្ទួយកម្រិតជីវិតរបស់ប្រជាពលរដ្ឋ តើយើងត្រូវធ្វើម៉េចគ្រប់វិស័យទាំងអស់នោះ និងទី៤ នយោបាយការបរទេស និងសន្តិសុខជាតិ។ យើងធ្វើមានអ្នកជំនាញការបរទេសមកជួយ ធ្វើក្នុងកម្រិតអន្តរជាតិសម្រាប់ត្រៀមទៅដឹកនាំប្រទេស»។
កម្មវិធីនយោបាយថ្មីរបស់គណបក្សសង្គ្រោះជាតិនេះ កំពុងស្ថិតជាសេចក្ដីព្រាងថ្នាក់ជាតិនៅឡើយ។ សេចក្ដីព្រាងថ្នាក់ជាតិនេះ គ្រោងបញ្ចប់នៅថ្ងៃទី៣១ មីនា ខាងមុខ រួចយកទៅឆ្លងយោបល់ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋាន មុននឹងយកទៅដាក់ក្នុងសន្និបាតទូទាំងប្រទេសដែលគ្រោងធ្វើឲ្យបានមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង នៅឆ្នាំ២០១៧ ខាងមុខ ដើម្បីឲ្យសមាជិកមូលដ្ឋានយល់អំពីកម្មវិធីនយោបាយថ្មី ផ្ដល់ការគាំទ្រ និងអនុវត្ត។
លោក កឹម សុខា បានសរសេរនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោក ដោយមានជំនឿយ៉ាងមុតមាំថា ការអភិវឌ្ឍកម្មវិធីនយោបាយថ្មីនេះ គឺជាយុទ្ធសាស្ត្រយកជ័យជម្នះលើគណបក្សនយោបាយនានា ឆ្ពោះទៅកាន់អំណាចដឹកនាំរដ្ឋាភិបាលនៅថ្ងៃខាងមុខ៕
No comments:
Post a Comment