ភ្នំពេញៈ មន្រ្តីនគរបាលជាតិចំនួន ៨១ រូប ត្រូវដំឡើងឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ ចាប់ពីផ្កាយ ១ ទៅដល់ផ្កាយ ៣ ហើយឧត្តមសេនីយ៍បួនរូបទៀត ត្រូវប្រកាសតែងតាំងជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលធ្វើឲ្យសង្គមស៊ីវិលភ្ញាក់ផ្អើលជាខ្លាំង។
ឧត្តមសេនីយ៍ឯកបីរូប មានលោក ម៉ក់ ជីតូ លោក ហ៊ឹម យ៉ាន លោក ទូច ណារ៉ុថ និងលោកឧត្តមសេនីយ៍ទោជួង ស៊ាងហាក់ត្រូវបានរាជរដ្ឋាភិបាលផ្ទេរមុខតំណែង តាមរយៈអនុក្រឹត្យចុះថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៤ កន្លងមក និងប្រកាសជាផ្លូវការនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃអង្គារម្សិលមិញ ទៅជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្រៅពីនោះ មាននាយនគរបាលចំនួន ១០ រូប ត្រូវបានដំឡើងឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ឯក (ផ្កាយ ៣) ៣០រូប ដំឡើងជាឧត្តមសេនីយ៍ទោ (ផ្កាយ២) និង ៤១ រូបជាឧត្តមសេនីយ៍ត្រី (ផ្កាយ១)។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ឯម សំអាន ដែលជាអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីទាំងនោះ បានមានប្រសាសន៍ថា តំណែងនិងស័ក្តិដែលបានបំពាក់ជូននោះ គឺស្ថិតក្នុងក្របខ័ណ្ឌនៃគុណសម្បត្តិមន្រ្តីនគរបាលដែលមន្ត្រីគ្រប់រូបបានខិតខំបំពេញការងារដោយខ្លួនឯង ហើយបានធ្វើឲ្យក្រសួងមហាផ្ទៃនិងរដ្ឋាភិបាលបានមើលឃើញនូវកិច្ចខិតខំប្រឹងប្រែង ទាំងនោះនាពេលកន្លងមក។ ប៉ុន្តែត្រូវបន្តភាពជោគជ័យនេះបន្តទៀត ហើយត្រូវប្រឹងប្រែងជួយបម្រើលើសេវាសាធារណៈជូនពលរដ្ឋថែមទៀត ទប់ស្កាត់នូវអំពើមិនប្រក្រតី និងជួយជំរុញភាពរីកចម្រើនប្រទេស ដើម្បីទទួលបានជោគជ័យ និងកាន់តែមានភាពថ្លៃថ្នូរ។
លោក សំអាន បញ្ជាក់ដែរថា៖ «ត្រូវតែបន្ថែមកម្លាំងម៉ាស៊ីនដឹកនាំនៅអគ្គស្នងការទៀត ដើម្បីធ្វើឲ្យកម្លាំងហ្នឹងវាកាន់តែខ្លាំងថែមទៀត...មានថាមពល និងឧត្តមភាពក្នុងការងារនិងកាន់តែមានប្រសិទ្ធភាព។ ព្រោះយើងសុទ្ធតែជាអ្នកធ្វើ»។
លោករដ្ឋលេខាធិការបានមានប្រសាសន៍កត់សម្គាល់ថា កម្ពុជាមានសន្តិសុខ និងស្ថានភាពកាន់តែល្អ បន្ទាប់ពីបាតុកម្មធំៗបានបញ្ចប់ ប៉ុន្តែបាតុកម្មតូចៗ នៅតែកើតឡើងជាបន្តបន្ទាប់ ដែលអាចជះឥទ្ធិពលដល់ការកសាងប្រទេសជាតិដែរ។ តែ ទោះយ៉ាងណា បញ្ហាចោរកម្ម អំពើប្លន់នៅតែកើតមាននៅតំបន់ខ្លះ ហើយកាន់តែធំជាងនោះទៅទៀត គឺការភ្នាល់ល្បែងឬលេងឆ្នោតកន្ទុយលេខបាននិងកំពុងរីករាលដាល និងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត (online) ក៏ធ្វើឲ្យពិបាកបង្រ្កាបដែរ។
លោកថ្លែងដូច្នេះថា៖ «ពីមុនគេលួចលេងតាមរបៀបធម្មតាតែឥឡូវតាមអនឡាញ។ រីករាលដាលមែនទែនគឺល្បែងស៊ីសង គ្រប់ទិសគ្រប់ទី ដែលវាប៉ះពាល់ដល់សន្តិសុខមូលដ្ឋានរបស់យើង។ រឹតតែគ្រោះថ្នាក់បំផុតនោះគឺយល់សប្តិ ហើយនាំគ្នាចាក់ឆ្នោត»។
ដោយឡែកនៅក្នុងតំបន់វិញតាំងនៅប្រទេសជិតខាងនិងឆ្ងាយកម្ពុជានៃបណ្តាទីក្រុងមួយចំនួន គឺជាមូលដ្ឋាននៃទីក្រុងភេរវកម្មរស់បងប្អូនជនជាតិអ៊ិស្លាម ISIS ដែលបង្កជាបញ្ហាកំពុងក្តៅគគុក។ ហេតុនោះមន្រ្តីនគរបាលត្រូវតែបង្កើនសមត្ថភាពឲ្យទាន់ការវិវត្តនៃសភាពការណ៍ និងសង្គមបច្ចេកទេស។
លោក នី ចរិយា ប្រធានផ្នែកអង្កេតនៃសមាគមសិទ្ធិមនុស្ស អាដហុក បានសម្តែងការភ្ញាក់ផ្អើល ចំពោះការដំឡើងនិងតែងតាំងនាយរងនគរបាលដ៏ច្រើនបន្ថែមនោះ ហើយបានស្នើឲ្យរដ្ឋាភិបាលពិចារណាលើការដំឡើងបុណ្យស័ក្តិនេះឡើងវិញ ព្រោះបើមានការដំឡើងខុសនោះ វាអាចជាផ្នែកមួយដែលបង្ហាញពីការលើកទឹកចិត្តដល់កម្លាំងប្រដាប់អាវុធឲ្យមានការរំលោភច្បាប់ រំលោភតួនាទី ឬការរំលោភសិទ្ធិមនុស្ស ជាដើម។
លោក នី ចរិយា បានថ្លែងថា៖ «កុំយកការបង្រ្កាបបាតុកម្ម ចាត់ទុកថាជាស្នាដៃជាតិ។ មិនមែនស្នាដៃជាតិទេ គឺស្នាដៃរំលោភសិទ្ធិមនុស្សទេ។ វាអាចជាវប្បធម៌មួយជំរុញឲ្យមានការ រំលោភសិទ្ធិមនុស្សខ្លះដែរ»។
លោក ចរិយា បានបន្ថែមថា ការធ្វើបាតុកម្មមិនមែនជាការរារាំងដល់ការអភិវឌ្ឍជាតិនោះទេ ប៉ុន្តែវាជាសារមួយរបស់ប្រជាជនសម្រាប់ថ្នាក់ដឹកនាំ ដើម្បីធ្វើឲ្យមានការអភិវឌ្ឍន៍ចំទិសដៅ ហើយក៏មិនមែនដើម្បីបានផលប្រយោជន៍តែលើបុគ្គលមានអំណាចមួយក្តាប់តូចនោះដែរ៕
1 comment:
ពួកនេះចង់បានយស់សក័ក្កិ ប៉ុន្តែគ្មានប្រយោជន៏ជាតិទេ ទ័ពមានមួយដំបរ ស្វា តែផ្កាយច្រើនពេកស្ទើរតែគៀរនឹងជើង ។
Post a Comment