គណបក្សប្រជាជនកម្ពុជា បានកាន់អំណាចជាង ៣០ឆ្នាំមកហើយ ដោយសារតែយុទ្ធសាស្ត្រឈ្នះឈ្នះរបស់គណបក្សនេះ ពិសេសគឺមកពីការរៀបចំយុទ្ធសាស្ត្រនយោបាយដ៏សំខាន់មួយនៅក្នុងគណបក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ហ៊ុន សែន បានប្រើយុទ្ធសាស្ត្រសព្វបែបយ៉ាងដើម្បីយកឈ្នះលើគូប្រកួត។ ទោះបីជាចាញ់ឆ្នោតក៏ឈ្នះ ឈ្នះឆ្នោតក៏ឈ្នះ។ ម្យ៉ាងទៀតគណបក្សប្រជាជនកម្ពុជា ក៏អាចប្រើយុទ្ធសាស្ត្របំបែកបំបាក់គូប្រកួតដែរដើម្បីសម្រេចគោលបំណងរបស់ខ្លួន។
ងាកមកបរិបទនយោបាយក្នុងការបោះឆ្នោតនីតិកាលទី ៥ នេះវិញ មេបក្សប្រឆាំងទាំងពីរបានទម្លាក់ចោលការខុសគ្នា រួចងាកមកប្រកៀកស្មាគ្នាយ៉ាងរឹងមាំដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា។ តែយ៉ាងនេះក្ដី តើគណបក្សសង្គ្រោះជាតិ ដែលកើតចេញពីសម្ពន្ធភាពវាងគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា នោះ អាចប្រឈមមុខនឹងការបំបែកបំបាក់របស់លោក ហ៊ុន សែន ទៀត ឬយ៉ាងណា?
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ធ្លាប់ជាគូបដិបក្ខដ៏ធំមួយនៅក្នុងការប្រកួតប្រជែងនយោបាយកន្លងមក។ អ្នកទាំងពីរតែងតែវាយប្រហារឆ្លើយឆ្លងពាក្យសម្ដីរិះគន់គ្នាទៅវិញទៅមក ដែលគេឯងតែងមើលឃើញថា លោក ហ៊ុន សែន និងលោក សម រង្ស៊ី ដូចទឹកនិងប្រេង មិនអាចរលាយចូលគ្នាបានសោះ។ ក៏ប៉ុន្តែនរណាទៅស្មានដល់ថា ឥឡូវទឹកនិងប្រេងនេះ ចាប់ផ្ដើមរលាយចូលគ្នាបណ្តើរៗហើយ។
ភាសារួមមួយដែលអ្នកទាំងពីរលើកយកមកនិយាយប្រាប់ពលរដ្ឋនៅពេលនេះ គឺវប្បធម៌សន្ទនាគ្នា។ តើនេះជាវប្បធម៌ថ្មីបើកអោយមានការសន្ទនារវាងគណបក្សនយោបាយ ឬក៏យុទ្ធសាស្ត្រចាស់ផ្លាស់ឈ្មោះថ្មី ដើម្បីអូសទាញលោក សម រង្ស៊ី ហើយបំបែកបំបាក់លោក កឹម សុខា?
នរណាក៏មើលឃើញថា សម្ពន្ធភាពដ៏រឹងមាំមុនការបោះឆ្នោតរវាងលោក សម រង្ស៊ី និងលោក កឹម សុខា ហៀបតែនឹងផ្ដួលគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន បានទៅហើយ បើតាមលទ្ធផលនៃការបោះឆ្នោតចុងក្រោយកាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ កន្លងទៅនេះ។ កាលនោះមេដឹកនាំគណបក្សនេះបានលើកជាទ្រឹស្ដីនៅពេលឃោសនាបោះឆ្នោតថា សមាជិកគណបក្សខ្លួនទិញក៏មិនលក់សម្លុតក៏មិនខ្លាច។ ការថ្លែងរបស់មេដឹកនាំគណបក្សប្រឆាំងនេះ ហាក់ដូចជាមានជំនឿយ៉ាងមុតមាំថា សមាជិករបស់ខ្លួននឹងមិនលក់ខ្លួនឲ្យគណបក្សគូប្រកួតឡើយ។
គណបក្សប្រជាជនកម្ពុជា ហាក់ដឹងយ៉ាងច្បាស់ថា យុទ្ធសាស្ត្រសម្លុត ឬការទិញទឹកចិត្តសមាជិកគណបក្សសង្គ្រោះជាតិ ឲ្យរត់ចុះចូលដូចដែលខ្លួនធ្លាប់បានជោគជ័យកាលពីមុន ឆក់យកសមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិច និងសមាជិកគណបក្ស សម រង្ស៊ី នោះ លែងទទួលបានជោគជ័យហើយ។ សមាជិកគណបក្សប្រឆាំងដឹងច្បាស់ថា គណបក្សប្រជាជនកម្ពុជា កំពុងធ្លាក់ចុះប្រជាប្រិយភាពពីម្ចាស់ឆ្នោតដោយសារការដឹកនាំរបស់រដ្ឋាភិបាលធ្វើឲ្យមានបញ្ហាជាច្រើន ដូចជា បញ្ហាទំនាស់ដីធ្លី ភាពអយុត្តិធម៌នៅក្នុងសង្គម ពោលគឺតុលាការមិនឯករាជ្យ រដ្ឋាភិបាលខ្វះសមត្ថភាពក្នុងការបញ្ចប់និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ គម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែច្រើន ។ ល ។
ងាកមកមើលការវិវឌ្ឍន៍នយោបាយចុងក្រោយនេះវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្ដូរយុទ្ធសាស្ត្រនយោបាយថ្មីមួយទៀត ដោយលោកហាក់ដូចជាបង្ហាញថា លោកទោរទន់ទៅតាមមេដឹកនាំគណបក្សសង្គ្រោះជាតិ ពិសេសលោក សម រង្ស៊ី ដូចជាព្រមបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី ព្រមផ្ដល់អាជ្ញាប័ណ្ណវិទ្យុ ទូរទស្សន៍ ពិសេសព្រមធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាប្រកា ៤៨ថ្មី ដោយរៀបចំឲ្យមានថ្នាក់ដឹកនាំតំណាងរាស្ត្រដែលមានអាសនៈនៅក្នុងសភា និងព្រមរៀបចំឲ្យមានប្រធានក្រុមភាគតិចនៅរដ្ឋសភា ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រី ដើម្បីជាគូសន្ទនាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយលោក សម រង្ស៊ី នឹងក្លាយជាប្រធានក្រុមភាគតិចនេះ។
ការបង្កើតឲ្យមានប្រធានក្រុមតំណាងរាស្ត្រក្នុងសភានេះ តាមមើលទៅអាចថា ជាការបន្សាបឥទ្ធិពលលោក កឹម សុខា ដែលលោកជាអនុប្រធានសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ផងនោះ។ តួនាទីនេះ ហាក់ដូចជាដើរផ្ទុយពីរបបសភានិយម ព្រោះថា រដ្ឋធម្មនុញ្ញមាត្រា ៩៨ បានចែងយ៉ាងច្បាស់ថា តំណាងរាស្ត្រ ៣០រួប អាចកោះហៅនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីនានាមកសួរនាំក្នុងសភាបានទៅហើយ ហេតុអ្វីចាំបាច់មានប្រធានក្រុមភាគតិចនេះទៀត?
ម្យ៉ាងវិញទៀត ការចង់បានប្រធានក្រុមភាគតិចនេះ ហាក់បីដូចជាលោក សម រង្ស៊ី សម្រេចចិត្តលឿនបន្តិច។ គេនៅចាំបានថា កាលពីការធ្វើបាតុកម្មដ៏ផុសផុលនៅទីលានប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៣ ក្រោយពេលបោះឆ្នោតនោះ គណបក្សសង្គ្រោះជាតិ អះអាងថា រាល់ការចរចាជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការទទួលយកការព្រមព្រៀងណាមួយ ត្រូវធ្វើសមាជសួរយោបល់អ្នកគាំទ្ររបស់ខ្លួនជាមុនសិន។ តែពេលនេះ អ្វីៗហាក់ផ្ទុយពីកិច្ចសន្យាចំពោះមុខអ្នកគាំទ្រនោះ។
ការព្រមព្រៀងរវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន នេះ ហាក់ដូចជាការសម្រេចទាន់ហន់រហូតដល់មានដំណឹងលេចឮថា មិនបានពិភាក្សាជាមួយលោក កឹម សុខា ផង។ ម្យ៉ាងវិញទៀត លោក ហ៊ុន សែន មិនងាយយល់ព្រមផ្ដល់តួនាទីឲ្យបក្សប្រឆាំង ឬព្រមព្រៀងទៅលើការស្នើសុំណាមួយងាយៗនោះទេ ព្រោះថា គណបក្សប្រឆាំងគឺជាគូប្រជែងស្លាប់រស់របស់ខ្លួន។ ម្យ៉ាងទៀត នរណាក៏ដឹងដែរថា លោក ហ៊ុន សែន និងលោក សម រង្ស៊ី គឺជាគូប្រកួតដ៏ខ្លាំងក្លាមួយនៅលើសង្វៀននយោបាយនៅក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ។ ចុះហេតុអ្វីបានជាលោក ហ៊ុន សែន ចាប់យកលោក សម រង្ស៊ី ជាគូសន្ទនានៅពេលនេះ?
បើសិនជាមេដឹកនាំទាំងពីរគិតពីផលប្រយោជន៍ជាតិជាធំ និងមានឆន្ទៈផ្សះផ្សាជាតិមែន មិនមែនលោក ហ៊ុន សែន បណ្ដែតបណ្ដោយឲ្យកងកម្លាំងបាញ់ប្រហារកម្មករស្លាប់អស់ជាច្រើននាក់នៅពេលបាតុកម្មនោះទេ ហើយក៏មិនធ្វើការវាយប្រហារលោក កឹម សុខា ដែលជាសម្ព័ន្ធមិត្តរបស់លោក សម រង្ស៊ី នោះដែរ។
បរិបទនយោបាយនៅពេលនេះ ទិសដៅសំខាន់ តាមមើលទៅលោក ហ៊ុន សែន ហាក់ប្រើយុទ្ធសាស្ត្របង្រួបបង្រួម បំបែកបំបាក់ បង្កើតថ្មី ក្នុងការបំបែកបំបាក់សម្ពន្ធភាពរវាងលោក សម រង្ស៊ី និងលោក កឹម សុខា ដូចដែលលោកធ្លាប់ធ្វើបានជោគជ័យកន្លងមក។ ដូចជានៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០០៣ គណបក្សហ្វ៊ុនស៊ិនប៉ិច ដឹកនាំដោយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្ស សម រង្ស៊ី ដែលមានលោក សម រង្ស៊ី ជាប្រធាននោះ គឺគណបក្សទាំងពីរបានចុះកិច្ចព្រមព្រៀងបង្កើតសម្ពន្ធភាពអ្នកប្រជាធិបតេយ្យនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០០៣ ដែលគណបក្សទាំងពីរបានប្រឆាំងដាច់ខាតបេក្ខជនលោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ដោយចង់ឲ្យលោក ជា ស៊ីម ឬលោក ស ខេង ជានាយកមន្ត្រីវិញ។
ជារឿយៗ ពលរដ្ឋតែងឮថា សម្ពន្ធភាពរវាងអ្នកនយោបាយរឹងមាំណាស់។ សម្ដេចក្រុមព្រះ និងលោក សម រង្ស៊ី កាលនោះប្រកាសថា សម្ពន្ធភាពអ្នកប្រជាធិបតេយ្យរឹងមាំ គ្មានអ្នកបំបែកបំបាក់បានឡើយ មិនខុសពីអ្វីដែលលោក សម រង្ស៊ី និងលោក កឹម សុខា ប្រកាសនៅពេលជាហូរហែមកថា គណបក្សសង្គ្រោះជាតិ មិនងាយបែកបាក់គ្នានោះឡើយ។ ក៏ប៉ុន្តែនៅទីបំផុតសម្ពន្ធភាពអ្នកប្រជាធិបតេយ្យរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលោក សម រង្ស៊ី ដ៏រឹងមាំនោះ មិនយូរប៉ុន្មានផងក៏ដាច់សម្ព័ន្ធនេះទៅវិញ។ ជាជម្រើសចុងក្រោយ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានរត់ទៅចាប់លោក ហ៊ុន សែន ដោយសារតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់តួនាទីឲ្យសម្ដេចក្រុមព្រះជាព្រះប្រធានរដ្ឋសភា និងឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិច ចូលរួមរដ្ឋាភិបាលចម្រុះ ដោយទុកឲ្យលោក សម រង្ស៊ី ដឹកនាំគណបក្សប្រឆាំងនៅក្នុងសភាដដែល។
យុទ្ធសាស្ត្របង្រួបបង្រួម បំបែកបំបាក់ បង្កើតថ្មីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់កំពុងលេងជាបន្តបន្ទាប់។ បើយើងក្រឡេកមើលថយក្រោយវិញបន្តិច នៅពេលស្ថានភាពនយោបាយជាប់គាំង ជាញឹកញាប់ក្នុងពេលចរចា លោក ហ៊ុន សែន តែងតែជួបចរចាតាមទូរស័ព្ទ និងជួបផ្ទាល់ជាមួយលោក សម រង្ស៊ី នៅពេលលោក កឹម សុខា ទៅទស្សនកិច្ចនៅបរទេស។ ម្យ៉ាងទៀត លោក ហ៊ុន សែន ខ្លួនឯងក៏ធ្លាប់ថ្លែងជាសាធារណៈថា ការដោះស្រាយវិបត្តិនយោបាយមិនបានកាលនោះ គឺបណ្ដាលមកពីលោក កឹម សុខា។
រីឯការធ្វើបាតុកម្មកាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៤ នៅក្បែទីលានប្រជាធិបតេយ្យវិញ នៅមុនពេលជំនួបចរចាកំពូលដែលដឹកនាំដោយអ្នកស្រី មូរ សុខហួរ នោះ តំណាងរាស្ត្រទាំង ៧រួប សុទ្ធតែមកពីកូតាគណបក្សសម រង្ស៊ី ទាំអស់។ កាលណោះលោក សម រង្ស៊ី កំពុងតែនៅក្រៅប្រទេស។ ក្រោយចាប់ខ្លួនប៉ុន្មានថ្ងៃ លោក សម រង្ស៊ី ក៏វិលមកកម្ពុជាវិញភ្លាមៗ នៅពេលនោះ លោក សម រង្ស៊ី ហាក់ដឹងជាមុនអំពីការចរចា និងមានការដោះលែងវិញ ព្រោះលោក សម រង្ស៊ី អះអាងភ្លាមៗថា អ្នកដែលត្រូវបានចាប់ខ្លួននោះ នឹងមានការដោះលែងវិញមិនខាន។
ការអញ្ជើញមកដល់ភ្នំពេញ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ក៏រៀបចំការជួបគ្នាចរចារកដំណោះស្រាយនយោបាយយ៉ាងឆាប់រហ័សនៅថ្ងៃទី២២ កក្កដា។ គណបក្សទាំងពីរក៏ឯកភាពគ្នាដើម្បីបញ្ចប់វិបត្តិនយោបាយ ហើយក៏មានការដោះលែងតំណាងរាស្ត្រវិញនៅថ្ងៃនោះដែរ បន្ទាប់ពីមានកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនយោបាយ។
យ៉ាងនេះក្ដី សំណុំរឿងចាប់ចងនេះមិនទាន់បញ្ចប់នៅឡើយ។ តុលាការបានចាប់លោក មាជ សុវណ្ណារ៉ា វិញម្ដង ដែលលោក មាជ សុវណ្ណារ៉ា កូតាខាងលោក កឹម សុខា ទោះជាលោក សម រង្ស៊ី ខំស្វះស្វែងអន្តរាគមន៍សុំឲ្យដោះលែងនៅក្រៅឃុំវិញ រហូតដល់លោក សម រង្ស៊ី បានជួបលោក ហ៊ុន សែន កាលពីថ្ងៃទី២៨ វិច្ឆិកា ក្ដី ក៏មិនទាន់មានតម្រុយដោះលែងវិញដែរ។ បញ្ហានេះ តាមមើលទៅលោក ហ៊ុន សែន អាចប្រើល្បិចដើម្បីឲ្យសម្ពន្ធភាពរវាងលោក សម រង្ស៊ី និងលោក កឹម សុខា អាក់អន់ចិត្តគ្នាបន្តិចម្ដងៗក៏ថាបាន។
ក្រៅពីនេះទៀត ចំពោះលោក កឹម សុខា វិញ នៅក្នុងដំណាក់កាលចុងក្រោយនេះ លោក ហ៊ុន សែន ហាក់ចាប់យកលោក សម រង្ស៊ី ជាគូសន្ទនា និងចាត់ទុកលោក កឹម សុខាជាសត្រូវនយោបាយវិញ ឬយ៉ាងណា? ព្រោះថា លោក ហ៊ុន សែន តែងតែប្រកាសជាសាធារណៈព្រមានដកតំណែងលោក កឹម សុខា ជាអនុប្រធានទី១រដ្ឋសភា ព្រោះតែលោក កឹម សុខា តែងតែធ្វើការរិះគន់រដ្ឋាភិបាលនៅទីសាធារណៈនោះ។ លោក ហ៊ុន សែន ចង់ឲ្យមានវប្បធម៌សន្ទនាជាធំវិញ ដែលសភានិងធ្វើសោធនកម្មបទបញ្ជាផ្ទៃក្នុងសភា បង្កើតឲ្យមានប្រធានក្រុមភាគតិចនេះ។ ការព្រមាននេះ ហាក់ដូចជាលោក ហ៊ុន សែន ចង់បិទមាត់លោក កឹម សុខា និងបើកឱកាសឲ្យលោក សម រង្ស៊ី ធ្វើជាដៃគូក្នុងការសន្ទនាទាក់ទងបញ្ហាកំណែទម្រង់រដ្ឋាភិបាល។ នៅត្រង់ចំណុចនេះ លោក ហ៊ុន សែន ហាក់ដូចបង្ហាញឥទ្ធិពលរបស់ខ្លួនគ្របដណ្ដប់លើតំណាងរាស្ត្រដែលនៅក្នុងរដ្ឋធម្មនុញ្ញ បានបញ្ជាក់យ៉ាងច្បាស់ថា តំណាងរាស្ត្រមានឯកសិទ្ធិ និងមានសិទ្ធិបោះឆ្នោតទម្លាក់នាយករដ្ឋមន្ត្រីផងនោះ។
ចំពោះលោក កឹម សុខា វិញ ក៏ធ្លាប់ព្រមានដើរចេញពីសភាវិញដែរ បើសិនជាគណបក្សប្រជាជនកម្ពុជា រំលោភលើកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤។ បើសិនជាលោក កឹម សុខា ដើរចេញពីសភាមែន ហើយតំណាងរាស្ត្រមួយចំនួនមិនដើរចេញតាមលោកនោះ សម្ពន្ធភាពរឹងមាំរបស់គណបក្សសង្គ្រោះជាតិ នឹងអាចប្រេះឆានៅពេលនោះ។
ក្រៅពីនេះទៀត គណបក្សប្រជាជនកម្ពុជា អាចនឹងដាក់សម្ពាធខ្លាំងទៅលើលោក កឹម សុខា ពិសេសនឹងមិនអាចធ្វើឲ្យលោក កឹម សុខា បំពេញតួនាទីរបស់ខ្លួនជាអនុប្រធានទី១រដ្ឋសភាបានដោយសេរីក៏ថាបាន នៅពេលប្រធានក្រុមភាគតិចបង្កើតឡើងនៅក្នុងសភា។ ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលនេះកំពុងលេងល្បែងបង្រួបបង្រួម បំបែកបំបាក់ បង្កើតថ្មី មែននោះ លទ្ធផលឈ្នះ ឬចាញ់ វាអាស្រ័យទៅលើថាតើសម្ពន្ធភាពរវាងមេដឹកនាំគណបក្សប្រឆាំងទាំងពីររឹងមាំយ៉ាងណា?
No comments:
Post a Comment