ដោយ ប្រាជ្ញ ចេវ
ប្រជាពលរដ្ឋមួយចំនួននៅខេត្តកំពង់ស្ពឺ ដែលមានបញ្ហាដីធ្លី សោកស្ដាយចំពោះការលាលែងពីតំណែងរបស់ប្អូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ស៊ីណាត។ ស្ត្រីអតីតអនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចរូបនេះ បានដាក់ពាក្យលាឈប់ពីការងារកាលពីដើមខែធ្នូ បន្ទាប់ពីបរាជ័យក្នុងការដោះស្រាយវិវាទដីធ្លីរវាងប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ និងឧកញ៉ាថៅកែបនល្បែង លោក លី យ៉ុងផាត់។
ប្រជាពលរដ្ឋមានបញ្ហាដីធ្លីជាមួយលោកឧកញ៉ា លី យ៉ុងផាត់ មិនរំពឹងថា ដីធ្លីរបស់ពួកគេនឹងអាចយកត្រឡប់មកវិញបានទេ ក្រោយលាឈប់ពីការងាររបស់អ្នកស្រី ហ៊ុន ស៊ីណាត។ លើសពីសោកស្ដាយ ពលរដ្ឋសំណូមពរឲ្យអ្នកស្រីត្រឡប់ចូលធ្វើការវិញដើម្បីបន្តការងារនៅសេសសល់។
ទោះមិនដែលបានជួបមុខអ្នកស្រី ហ៊ុន ស៊ីណាត ដោយផ្ទាល់ លោក រឿន សារ៉េត ប្រជាពលរដ្ឋរស់នៅភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ អះអាងថា លោកស្គាល់ឈ្មោះអ្នកស្រី ហ៊ុន ស៊ីណាត យ៉ាងច្បាស់ ដែលជាមន្ត្រីរដ្ឋាភិបាលធ្លាប់ចុះដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ។ លោកបន្តថា លោកសោកស្ដាយយ៉ាងខ្លាំងចំពោះការលាឈប់ពីការងារនេះ៖ «ខ្ញុំដឹងថា គាត់ដោះដូរ អានេះទៅនេះ អានោះទៅនោះ។ អត់ចង់ឲ្យគាត់ឈប់ទេ ចង់ឲ្យគាត់ធ្វើការងាររហូតដល់អាយុចូលនិវត្តន៍តែម្ដងទៅ»។
ពលរដ្ឋមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន កំពង់ស្ពឺ ស៊ូហ្គើរ៍ (Kampong Speu Sugar) អ្នកខ្លះស្គាល់ឈ្មោះ អ្នកស្រី ហ៊ុន ស៊ីណាត និងអ្នកខ្លះទៀតក៏មិនបានស្គាល់ឈ្មោះអ្នកស្រីដែរ។ ដូចគ្នានេះដែរ អ្នកស្រី ហ៊ុន ស៊ីណាត ឲ្យដឹងថា ក្នុងបេសកកម្មរបស់អ្នកស្រីកន្លងមក ភាគច្រើនចុះអង្កេតករណីជម្លោះរវាងក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ ជាមួយក្រុមហ៊ុននានា។
ចំណែកឯពលរដ្ឋមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ ដែរនោះ លោកស្រី ហ៊ុំ គឿន រៀបរាប់ថា ដីស្រែរបស់គាត់ទំហំ ៧ហិកតារ ត្រូវបានក្រុមហ៊ុនបំពានយកតាំងពីឆ្នាំ២០១១។ លោកស្រីបន្តថា ប្រជាពលរដ្ឋបានត្រឹមតែដកដង្ហើមធំរង់ចាំដំណោះស្រាយដែលនៅកាន់តែឆ្ងាយ នៅពេលដែលប្អូនស្រីនាយករដ្ឋមន្ត្រីសម្រេចលាលែងពីតំណែង៖ «សោកស្ដាយណាស់! គាត់ដោះស្រាយអត់ទាន់បានឲ្យយើងផង គាត់ឈប់អ៊ីចឹង។ រាល់ថ្ងៃនេះសង្ឃឹមតិចណាស់»។
ប្រជាពលរដ្ឋមួយរូបទៀត លោកស្រី ជឿម រុំ បានសំណូមពរសុំមិនឲ្យអ្នកស្រី ហ៊ុន ស៊ីណាត ឈប់ពីការងារ ពីព្រោះលោកស្រីយល់ថា មានតែអ្នកស្រី ហ៊ុន ស៊ីណាត ទេដែលមានឥទ្ធិពលអាចជួយប្រជាពលរដ្ឋបាន ហើយបើទុកពលរដ្ឋតតាំងនឹងឧកញ៉ា លី យ៉ុងផាត់ មិនខុសអីនឹងយកពងមាន់ទៅជល់នឹងថ្មឡើយ៖ «ខ្ញុំឆ្ងល់តែម្ដង ហេតុអីដោះស្រាយមិនចេញ មូលហេតុប្រជាពលរដ្ឋ ឬដោយក្រុមហ៊ុន? ប្រជាពលរដ្ឋនៅភូមិនេះអត់ដែលទាមទារតវ៉ា ស្លូតណាស់»។
អ្នកស្រី ហ៊ុន ស៊ីណាត កើតក្នុងត្រកូល ហ៊ុន ដ៏មានឥទ្ធិពលនៅពេលបច្ចុប្បន្ន និងជាប្អូនស្រីទី៥ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជំនួសមុខអោយរដ្ឋមន្ត្រីក្រសួងអធិការកិច្ច អ្នកស្រីបានដឹកនាំក្រុមការងារដើម្បីស៊ើបអង្កេតករណីបណ្ដឹងរបស់ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដែលមានជម្លោះជាមួយក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៤។
នៅក្នុងបេសកកម្មនោះ អ្នកស្រីបានចុះដោះស្រាយបញ្ហានេះជាមួយលោក លី យ៉ុងផាត់ បានពីរដង និងចុះជួបពលរដ្ឋដល់មូលដ្ឋានបានម្ដងដែរ។ អ្នកស្រីបានរកឃើញថា លោកឧកញ៉ា លី យ៉ុងផាត់ ធ្វើការឈូសឆាយដីពលរដ្ឋទាំងបំពាន។ ឈូសឆាយដីដាំដើមចំប៉ីរបស់ក្រុមហ៊ុនចិន មួយឈ្មោះ លី យីម អស់ចំនួន ៦៦៦ហិកតារ ដែលគិតជាទឹកប្រាក់អស់ជាង ៣លានដុល្លារ។
ទោះអ្នកស្រីលាឈប់ពីការងារក៏ពិតមែន ប៉ុន្តែស្ត្រីខ្មែរដែលមានតួនាទីខ្ពស់រូបនេះ បានស្រាវជ្រាវ និងប្រមូលឯកសារជាច្រើនទាក់ទងការរំលោភបំពានដីធ្លីរបស់លោកឧកញ៉ា លី យ៉ុងផាត់ ដាក់ជួនក្រសួង។
ព្រះរាជក្រឹត្យព្រះមហាក្សត្រ ចុះនៅថ្ងៃទី១ ខែធ្នូ បានត្រាស់បង្គាប់បញ្ចប់តួនាទីរបស់អ្នកស្រីតាមការស្នើសុំ។ ទាំងក្នុងព្រះរាជក្រឹត្យ ទាំងការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា គឺសុទ្ធតែអះអាងថា អ្នកស្រីលាឈប់ពីការងារដោយបញ្ហាសុខភាព។ ប៉ុន្តែការបញ្ជាក់ផ្ទាល់របស់អ្នកស្រី មិនដូច្នេះទេ។
ប្រាប់វិទ្យុអាស៊ីសេរី ក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខមួយនៅថ្ងៃទី៥ ខែវិច្ឆិកា អ្នកស្រីថា ការលាលែងចេញពីការងារនេះ ដោយសារមិនអាចដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋបាន។ អ្នកស្រីបញ្ជាក់ថា គេអាចសម្លាប់ជីវិតអ្នកស្រីបាន តែមិនអាចប្រមាថអ្នកស្រីបានឡើយ។
អ្នកស្រីថ្លែងទាំងអួលដើមកថា បន្ទាប់ពីលោកឧកញ៉ា លី យ៉ុងផាត់ ទិញទឹកចិត្តអ្នកស្រីមិនបាន លោកបានប្រើពាក្យសម្ដីប្រមាថមកលើអ្នកស្រីជារឿយៗ ទោះក្នុងពេលអង្គប្រជុំក្នុងចំណោមមហាជនក្ដី៖ «គាត់ចេះតែជេរខ្ញុំ ចេះតែស្តីឲ្យខ្ញុំ។ ខ្ញុំស៊ូឲ្យគេសម្លាប់ខ្ញុំ តែមិនឲ្យគេប្រមាថទេ»។
អ្នកស្រីបន្តថា អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចម្នាក់ទៀត ឈ្មោះ យី ម៉ៅ ជាអតីតក្មេងវត្ត ក៏ត្រូវបានគេដកតំណែងមិនដឹងមូលហេតុ ហើយប្រការនេះធ្វើឲ្យអ្នកស្រីកាន់តែលែងចង់ធ្វើការតទៅទៀត៖ «ដោះស្រាយដីនេះជាមួយគ្នា តែដក់ឯកឧត្ដម យី ម៉ៅ ចោល អ៊ីចឹងខ្ញុំជិះទូកជាមួយគ្នា តើអាចឲ្យខ្ញុំឈរមើលបានទេ? ខ្ញុំត្រូវតែឈប់»។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីលោកឧកញ៉ា លី យ៉ុងផាត់ ចំពោះការចោទប្រកាន់របស់អ្នកស្រី ហ៊ុន ស៊ីណាត បានទេ នៅថ្ងៃទី៥ ខែវិច្ឆិកា។ លោក លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា បានទទួលសិទ្ធិអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ចដាំអំពៅចំនួន ៩ពាន់ហិកតារ នៅស្រុកថ្ពង ក្នុងខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០១០។
ក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គើរ៍ របស់អ្នកស្រី គឹម ហៀង ភរិយារបស់លោក លី យ៉ុងផាត់ ក៏បានទទួលដីសម្បទានសេដ្ឋកិច្ចចំនួនជាង ៩ពាន់ហិកតារនៅស្រុកឱរ៉ាល់ និងផ្ទៃដីអភិវឌ្ឍន៍សត្វព្រៃចំនួន ៤.៧០០ហិកតារបន្ថែមទៀត។ បច្ចុប្បន្នក្រុមហ៊ុនគ្រួសារមួយនេះ មានផ្ទៃដីសរុបចំនួន ២.៣ម៉ឺនហិកតារ ដែលជាទំហំលើសពីច្បាប់អនុញ្ញាត។ សង្គមស៊ីវិលនិងប្រជាពលរដ្ឋមានបញ្ហាដីធ្លីបានប្រសិទ្ធិនាមក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ា លី យ៉ុងផាត់ ថាជាក្រុមហ៊ុនផលិត "ស្ករឈាម"។
ក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ ក្រៅពីប៉ះពាល់ជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ ក៏មានប៉ះពាល់ជាមួយក្រុមហ៊ុនចិន ដែលវិនិយោគដាំដើមចំប៉ីដែរ។
តាមការបញ្ជាក់របស់អ្នកស្រី ហ៊ុន ស៊ីណាត លោកឧកញ៉ា លី យ៉ុងផាត់ ខឹងអ្នកស្រី ហ៊ុន ស៊ីណាត ខ្លាំងបំផុត ក៏ព្រោះតែអ្នកស្រីចុះអន្តរាគមន៍រឿងក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ ឈូសឆាយដី កាប់ដើមចំប៉ីរបស់ក្រុមហ៊ុនចិន៖ «តើខ្ញុំខុសអី? យើងខ្មែរទៅឈូសឆាយដីរបស់គេអស់នេះ។ ប៉ុន្មានថ្ងៃនេះ គេប្រមាថខ្ញុំសព្វបែបសព្វយ៉ាង ថាខ្ញុំហែកទ្រូងឲ្យក្អែកចឹក ប៉ុន្តែខ្ញុំធ្វើនេះជាកំណែទម្រង់ស៊ីជម្រៅ»។
ទោះបែបណាក្តី អ្នកស្រី ហ៊ុន ស៊ីណាត នឹងត្រូវគ្រប់អាយុចូលនិវត្តន៍ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥៕
No comments:
Post a Comment