ដោយ៖ ឡាយ សាមាន | ថ្ងៃចន្ទ ទី10 វិច្ឆិកា 2014 |
ក្រុមការងារកំណែទម្រង់ការបោះឆ្នោតគណបក្សទាំងពីរ នៅរសៀលថ្ងៃចន្ទនេះ បន្តពិភាក្សាគ្នាទៅលើកំណែទម្រង់ច្បាប់បោះឆ្នោត បន្ទាប់ពីការពិភាក្សាគ្នាលើកចុងក្រោយនៅខ្វែងគំនិតគ្នាតែលើការកំណត់សញ្ជាតិរបស់មន្ត្រីជាន់ខ្ពស់គ.ជ.ប ។
ការពិភាក្សាគ្នានេះធ្វើឡើងនៅវិមានរដ្ឋសភា ដោយខាងក្រុមការងារគណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោក ប៊ិន ឈិន និងក្រុមការងាររបស់គណបក្សសង្គ្រោះជាតិដឹកនាំដោយ គួយ ប៊ុនរឿន ។
ការជួបពិភាក្សាគ្នាលើកចុងក្រោយរវាងក្រុមការងារគណបក្សទាំងពីរធ្វើឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ ។ ប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន បានឲ្យដឹងក្រោយពីកិច្ចពិភាក្សានោះថា គណបក្សទាំងពីរបានឯកភាពគ្នាស្ទើរទាំងស្រុងហើយ លើកលែងតែការកំណត់សញ្ជាតិរបស់អគ្គលេខាធិការ និងអគ្គលេខាធិការង នៃ គ.ជ.ប ប៉ុណ្ណោះ ។ ទោះយ៉ាងណា ប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន មានប្រសាសន៍ថា ក្នុងចំណោម៦០មាត្រានៃច្បាប់ថ្មីនេះ បក្សទាំងពីរព្រមព្រៀងគ្នាហើយ គឺនៅសល់ជាង១០មាត្រាទៀត ។
លោក គួយ ប៊ុនរឿន ឲ្យដឹងទៀតថា ចំណុចមិនទាន់ឯកភាពគ្នានោះ ដោយសារតែគបក្សប្រជាជនកម្ពុជា កំណត់ឲ្យមានសញ្ជាតិតែមួយ សម្រាប់អគ្គលេខាធិការ និងអគ្គលេខាធិការរង គ.ជ.ប និងត្រូវមានបទពិសោធន៍ការងារ ក្នុងស្ថាប័ននេះជាដើម។ ប៉ុន្តែលោកថាសម្រាប់គណបក្សសង្គ្រោះជាតិ ទាមទារការឯកភាពគ្នាផ្អែកលើគោលការណ៍៣គឺ ទី១. ផ្អែកតាមកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនយោបាយថ្ងៃ២២កក្កដា ទី២. ច្បាប់បោះឆ្នោតដែលកំពុងមានសុពលភាព និងទី៣. រដ្ឋធម្មនុញ្ញ។
កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានឯកភាពគ្នាធ្វើកំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោតនេះឲ្យឯករាជ្យ ដោយសារគណបក្សប្រឆាំងចោទថា ការបោះឆ្នោតកន្លងមកមិនត្រឹមត្រូវ និងមានភាពមិនយុត្តិធម៌ ហើយធ្វើឲ្យជាប់គាំងនយោបាយ៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
No comments:
Post a Comment