ភ្នំពេញៈ កិច្ចប្រជុំមួយដែលបានប្រារព្ធឡើងសម្រាប់ «បណ្តាញសង្គមខ្មែរដើម្បីខ្មែរ» កាលពីម្សិលមិញពាក់ព័ន្ធនឹងការបង្កើតគណបក្សថ្មីមួយ ឃើញមានការខ្វែងគំនិតគ្នាខ្លះ។
ក្រុមនេះអះអាងថា នឹងផ្តល់អនុសាសន៍សម្រាប់បក្សនយោបាយក្នុងប្រទេសកម្ពុជា អំពីលទ្ធិប្រជាធិបតេយ្យ ដែលគ្រោងធ្វើប្រជាមតិនៅខែក្រោយដើម្បីសម្រេចលើបញ្ហាបើកគណបក្សនយោបាយថ្មីមួយនេះ។
ស្ថាបនិកក្រុមបណ្តាញនេះ លោក កែម ឡី ដែលជាអ្នកវិភាគសង្គមបានបដិសេធពាក្យចចាមអារ៉ាមដែលថា ការបោះឆ្នោតបានធ្វើរួចហើយ ដោយបានថ្លែងថា វាផ្អែកទៅសំឡេងរបស់សមាជិក «មិនមែនជាការសម្រេចចិត្តតែថ្នាក់លើនោះទេ»។ លោក កែម ឡី ក៏បដិសេធផងដែរចំពោះប្រព័ន្ធផ្សព្វផ្សាយដែលថា មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី បានសុំមិនឲ្យលោកបង្កើតគណបក្សថ្មីក្នុងអំឡុងសន្និសីទនៅ ទីក្រុងហុងកុង ចុងសប្តាហ៍នេះ។
លោកថា៖ «ខ្ញុំសូមជម្រាបថា គ្មានអ្វីពាក់ព័ន្ធជាមួយគាត់ទេ»។
នៅកិច្ចប្រជុំដែលមានអ្នកចូលរួមប្រមាណ ២០០ នាក់បានដាក់ពិន្ទុគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ តាមលក្ខណៈវិនិច្ឆ័យ ១១ ចំណុច ដូចជា «សមាជិកជាម្ចាស់គណបក្សសមាជិកឧបត្ថម្ភ ហិរញ្ញវត្ថុ សមាជិក អាចបណ្តេញ ឬបោះឆ្នោតជ្រើសរើសមេដឹកនាំ...»។
ការដាក់ពិន្ទុនេះ និស្សិតសាកលវិទ្យាល័យន័រតុន ឈ្មោះ រឿន សុខា បានឲ្យពិន្ទុ ១ ទៅគណបក្សប្រជាជនកម្ពុជា និង ១,៥ ទៅគណបក្សសង្គ្រោះជាតិ ពីក្នុងពិន្ទុសរុប ១០ ដោយសំអាងថា «ក្នុងនាមជាពលរដ្ឋម្នាក់ គ្មានគណបក្សណាមួយក្នុងចំណោមបក្សទាំងពីរស្តាប់សំឡេងរបស់ខ្ញុំទេ»។
ទោះយ៉ាងនេះ អ្នកចូលរួមហាក់ដូចជាខ្វែងគំនិតគ្នា ខណៈមានការអះអាងថា ការបង្កើតគណបក្សថ្មី នឹងធ្វើឲ្យគណបក្សប្រជាជន រឹតតែងរឹងមាំ។
លោក តុប ព្រហស្បតិ៍ អ្នកប្រឹក្សាយោបល់ម្នាក់ថ្លែងថា៖ «ខ្ញុំគិតថា ពាក់កណ្តាលនៃអ្នកទាំងនេះ មិនចង់បានគណបក្សថ្មីទេ ពីព្រោះពួកគេនៅតែស្មោះស្ម័គ្រនឹងគណបក្សសង្គ្រោះជាតិ ប៉ុន្តែពាក់កណ្តាលចង់បង្កើតបក្សថ្មី»។
គណបក្សទាំងពីរ គួរតែត្រូវទុកពេលសម្រាប់ការធ្វើកំណែទម្រង់ខណៈលោក កែម ឡី នឹងផ្តល់អនុសាសន៍លើការកែទម្រង់នេះ។
Marin McWilliams ជាវិស្វករផ្នែកម៉ាស៊ីននិងជាអតីតអ្នកគាំទ្របក្សប្រឆាំងថ្លែងថា៖ «ខ្មែរដើម្បីខ្មែរគួរតែនៅជាបណ្តាញសង្គមក្នុងអំឡុងពេលនេះ រហូតទាល់តែបក្សទាំងពីរអស់ឆន្ទៈក្នុងការធ្វើឲ្យមានកំណែទម្រង់»។ «ខ្ញុំនៅក្នុងសង្វៀននយោបាយមួយរយៈ ខ្ញុំគិតថា នឹងមានអ្វីមួយកើតឡើង»៕
No comments:
Post a Comment