ប្រជាពលរដ្ឋកម្ពុជា មួយចំនួនតែងតែធ្វើចំណាកស្រុក ដើម្បីចេញទៅរកការងារធ្វើនៅឆ្ងាយពីតំបន់ដែលខ្លួនរស់នៅ ដូចជាចេញពីតាមខេត្តនានាទៅរកការងារនៅទីក្រុងភ្នំពេញ ហើយខ្លះទៀតគឺចេញទៅរកការងារនៅក្រៅប្រទេសផង។ រីឯពលរដ្ឋដែលរស់នៅជាប់ព្រំដែន ភាគខាងលិច ដូចជាពលរដ្ឋនៅខេត្តបាត់ដំបង ឬបន្ទាយមានជ័យ ជាដើម គឺចេញទៅរកការងារនៅប្រទេសថៃ ដូចជាដកដំឡូង កាច់ពោត ឬការងារកសិកម្មផ្សេងៗ។
ចុះចំណែកពលរដ្ឋដែលរស់នៅតាមព្រំដែនភាគខាងកើតប្រទេសកម្ពុជា ក្នុងខេត្តស្វាយរៀង វិញតើពួកគាត់ប្រកបរបរអ្វីក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់?
ការប្រកបរបរធ្វើស្រែចម្ការ គឺជាមុខរបរចម្បងរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតាមជនបទ។ ចំណែកឯកពលរដ្ឋដែលរស់នៅក្បែរព្រំដែនក្នុងខេត្តស្វាយរៀងវិញ គឺក្រៅពីធ្វើស្រែចម្ការ ពួកគាត់មួយចំនួនបានធ្វើចំណាកស្រុក ដើម្បីរកការងារធ្វើដើម្បីបង្កើនប្រាក់ចំណូល ជួយផ្គត់ផ្គង់ដល់ក្រុមគ្រួសារ។ ចំណែកឯអ្នកដែលនៅក្នុងស្រុកភូមិវិញ នោះគឺពួកគាត់បានចេញទៅធ្វើជាកម្មករឲ្យជនជាតិវៀតណាម ដែលនៅជាប់ព្រំដែនប្រទេសកម្ពុជា។
អ្នកស្រី ជា កែវ រស់នៅក្នុងស្រុករំដួល ខេត្តស្វាយរៀង មានប្រសាសន៍ថា ពលរដ្ឋដែលរស់នៅក្បែរព្រំដែនកម្ពុជាវៀតណាម គឺមិនសូវនៅទំនេរឡើយ ដោយមានសមាជិកគ្រួសារខ្លះ គឺឆ្លៀតពេលដើម្បីរកចំណូលបន្ថែមទៀត៖ «ចា៎ស! នៅស្រុកហ្នឹងគេធ្វើមុខរបរធ្វើតែស្រែ ហើយដល់ពេលធ្វើស្រែហើយអ៊ីចឹងគេទៅកាប់អំពៅនៅវៀតណាម ក្នុងមួយថ្ងៃបាន១ម៉ឺន ឬ២ម៉ឺន គ្រាន់ចិញ្ចឹមជីវិត។ អត់ផងទៅតែវៀតណាម ជួនកាលទៅកាប់អំពៅ ឬទៅស៊ីឈ្នួលដកដំឡូងគេ»។
អ្វីដែលគិតថា ចម្លែកបន្តិចនោះ គឺពលរដ្ឋមួយចំនួនដែលនៅក្បែរព្រំដែននោះ គឺមិនធ្វើស្រែ ឬចម្ការដោយខ្លួនឯងផ្ទាល់ទេ ដោយពួកគាត់ខ្លះ ជួលដីស្រែ ឬចម្ការ ទៅឲ្យកសិករវៀតណាម មកបង្កបង្កើនផល ហើយពួកគាត់ជាម្ចាស់ដីបែរជាសុខចិត្តធ្វើកម្មករគេ។
លោក សួស សារ៉ន រស់នៅក្នុងភូមិព្រែកពក ស្រុករំដួល ខេត្តស្វាយរៀង បានឲ្យដឹងថា ពលរដ្ឋដែលបានជួលដីស្រែ ឬចម្ការឲ្យទៅវៀតណាម នោះគឺភាគច្រើនជាអ្នកទាល់ក្រ មិនសូវមានលទ្ធភាពដាំដុះបង្កបង្កើនផល៖ «ខាងគេគេមិនដែលមករកស៊ីអីទេ គេមកជួលដីជួលអី ដាំដំឡូងដែរខាងវៀតណាម។ បាទ! ជួលដីហើយកម្មករនៅលើយើងទៀតកម្មករខាងគេក៏គេមកដែលប៉ុន្តែគេមិនស៊ីឈ្នួលថោកទេ គេស៊ីឈ្នួលថ្លៃ ប៉ុន្តែយើងហ្នឹង គេ២ម៉ឺនអី យើងខ្មែរតែ១ម៉ឺនអីទេក្នុងមួយថ្ងៃ វាខុសគ្នាអ៊ីចឹង។ ខាងគេ (វៀតណាម) គេមកជួលដីដីទាំងអស់ហ្នឹងគឺសិតតែដំឡូងវៀតណាមជួលដាំដែរ។ អ៊ីចេះគឺថា អ្នកខ្លះគាត់ខ្វះខាតគ្នាសមត្ថភាព ធ្វើអីចឹងទៅគឺជួលឲ្យគេធ្វើអ៊ីចឹងទៅយកតែកម្រៃសម្រាប់មួយឆ្នាំ ឬពីរឆ្នាំអ៊ីចឹងទៅ បើចង់បានលុយថែមទៀតយើងធ្វើការឲ្យគេទៀតទៅបានលុយថែមហើយ»។
ពលរដ្ឋដែលរស់នៅក្បែរតំបន់ព្រំដែនកម្ពុជា វៀតណាម ថ្លែងថា ការយកដីស្រែ ចម្ការរបស់ខ្លួនឯងជួលទៅឲ្យវៀតណាម នោះ គឺមានកត្តាមួយចំនួនដែលធ្វើឲ្យពួកគាត់សម្រេចចិត្តបែបនោះ។ ក្រៅពីកត្តាជីវភាពក្រីក្រមិនមានលទ្ធភាពបង្កបង្កើនផល គឺមានការខ្វះខាតប្រពន្ធប្រឡាយទឹក ឬផ្លូវថ្នល់ ជាដើមដែលធ្វើឲ្យពលរដ្ឋជួបការលំបាក។
អ្នកស្រី ជា កែវ រស់ នៅក្នុងស្រុករំដួល ថ្លែងថា គ្រាន់តែប្រៀបធៀបការអភិវឌ្ឍតាមជនបទត្រួសៗ រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម នោះគឺហាក់បង្ហាញថា រដ្ឋាភិបាលកម្ពុជា មិនសូវបានយកចិត្តទុកដាក់ដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅតាមជនបទដាច់ស្រយាលដូចជាពួកគាត់៖«និយាយទៅបើនៅវៀតណាម គេមានផ្លូវគេមានកន្លែងសម្រាប់ឲ្យប្រជាពលរដ្ឋគេដាដំឡូងបាន។ ខែវស្សាក៏គេដាំដំឡូងបាន ចំណែកយើងអត់មានផ្លូវទឹកបង្ហូរដល់យើងដាំដំឡូងអ៊ីចឹងទៅវាទឹកលិចអ៊ីចឹងទៅ ដកដំឡូងប្រញាប់ប្រញាល់ អ៊ីចឹងប្រជាពលរដ្ឋអត់ចង់ដាំទេ ជួលដីឲ្យទៅគេ(វៀតណាម)ហើយគេដកមកគេជួលយើងធ្វើកម្មករឲ្យគេហ្នឹង។ យើងខ្មែរដូចថា រដ្ឋាភិបាលមិនសូវគិតគូរយ៉ាងម៉េចនិយាយឲ្យត្រង់ទៅ ...(សើច)... ដូចថា រដ្ឋគេគេជួយ ប្រជាពលរដ្ឋគេ តាំងពីផ្លូវ ប្រជាពលរដ្ឋគេនៅដល់ណាផ្លូវដល់ហ្នឹង ភ្លើងដល់ហ្នឹង ហើយយើងភ្លើងក៏អត់អាផ្លូវនោះក៏ពិបាក»។
ទោះយ៉ាងណានៅតាមផ្លូវនៃស្រុករំដួលទៅកាន់តំបន់ព្រំដែននោះ គឺអាជ្ញាធរបានជួសជុលផ្លូវដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋនៅក្នុងតំបន់នោះ ដឹកកសិផលពីស្រែ ចម្ការ ទៅកាន់ទីផ្សារបាន។
ចំណែកឯសកម្មភាពចេញចូលរកស៊ីរបស់ពលរដ្ឋទាំងពីរវិញ គឺពលរដ្ឋខ្មែរដែលរស់នៅក្បែរព្រំដែន គឺចេញចូលដើម្បីធ្វើកម្មករនៅវៀតណាម ចំណែកឯជនជាតិវៀតណាម ក៏ឃើញមានវត្តមានមករកស៊ីក្នុងទឹកដីនៃខេត្តស្វាយរៀង នោះដែរ ដូចជាមកទិញដូរស្រូវ ទិញអំពៅ ដំឡូង ខ្លះមកលក់ដូររបស់របរប្រើប្រាស់ មានខ្លះទៀតគឺដើរលក់ឆ្នោត ដល់ទីរួមខេត្តស្វាយរៀងផង។
លោក នូ ឡុន ជំទប់ទី១ឃុំពងទឹក ស្រុករំដួលខេត្តស្វាយរៀង មានប្រសាសន៍ថា អាជ្ញាធរខេត្តរបស់កម្ពុជា និងវៀតណាម គឺមានការយោគយល់គ្នាទៅវិញទៅមក សម្រួលដល់ការធ្វើដំណើរចេញចូលឆ្លងដែនរបស់ពលរដ្ឋទាំងពីរប្រទេស ដើម្បីលក់ដូរផ្សេងៗ ឬរកស៊ីផ្សេងៗក្នុងពេលមួយថ្ងៃវិលវិញនោះ៖ «អត់ទេ! ដូចថា ចេញចូលព្រឹកល្ងាចហ្នឹងចេញបានចូលបាន ព្រោះថា នៅខាងហ្នឹង(ខាងវៀតណាម) មេកុងគេធានា មេកុងខ្មែរយើង យួនមកទាក់ទងរកខ្មែរឲ្យធ្វើមេកុងហ្នឹងណា ប្រមូលប្រជាពលរដ្ឋដែលស្គាល់ៗទៅ ថា ទៅកាប់កុងនេះ ឬកុងនោះអ៊ីចឹងតាមតែមេកុងគេរៀងខ្លួនហ្នឹង។»
ការចំណាកស្រុករបស់ពលរដ្ឋកម្ពុជា ទៅធ្វើជាកម្មករនៅតាមប្រទេសជិតខាងនោះ គេមើលឃើញថា បណ្ដាលមកពីប្រជាពលរដ្ឋខ្លួនឯងផង និងបរិយាកាសសង្គមផង។
លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម មានប្រសាសន៍ថា នៅប្រទេសថៃ ឬវៀតណាម ជាដើមគឺរដ្ឋាភិបាលគេរៀបចំយុទ្ធសាស្ត្រប្រព័ន្ធធារាសាស្ត្រសម្រាប់កសិករ ហើយកសិករទៀតសោត ជាកសិករជំនាញផងទើបធ្វើឲ្យកសិកម្មរបស់គេរីកចម្រើន៖ «អ៊ីចឹងគួបផ្សំជីកសិកម្មថោក ប្រេងសាំងថោក ភ្លើងវាថោក គេមានជំនាញកសិកម្ម ហើយបរិយាកាសប្រព័ន្ធធារាសាស្ត្រល្អ អ៊ីចឹងគេអាចធ្វើបានចំណេញ។ ប៉ុន្តែដល់ពេលយើងទឹកក៏ថ្លៃ ភ្លើងក៏ថ្លៃ ប្រេងសាំងក៏ថ្លៃ ជីកសិកម្ម ជីគីមីអីយើងទិញពីវៀតណាម ពីថៃមកនោះ ហើយប្រព័ន្ធធារាសាស្ត្រយើងអត់មានកសិករធ្វើបានតែមួយរដូវយ៉ាងច្រើន អ៊ីចឹងវាធ្វើឲ្យផលិតភាពហ្នឹងទាប។ ជាស្វ័យប្រវត្ត គឺខ្មែរយើងអត់មានអីហូបត្រូវតែចំណាកស្រុកទៅស៊ីឈ្នួលនៅថៃ និងវៀតណាម។»
លោកបានបញ្ជាក់ទៀតថា ករណីនេះលុះត្រាតែរដ្ឋាភិបាលផ្ដល់ប្រាក់ដល់អង្គការ ដើម្បីជួយបណ្ដុះបណ្ដាលជំនាញកសិកម្មដល់កសិករ ឲ្យក្លាយទៅជាកសិករជំនាញ រដ្ឋាភិបាលគួរតែផ្ដល់គម្រោងថវិកាជាតិលើកកម្ពស់វិស័យកសិកម្មនេះឲ្យច្រើន ព្រមទាំងបញ្ចុះតម្លៃថ្លៃដើម ដូចជាគ្រាប់ពូជ ជីកសិកម្ម ប្រេងសាំង ហើយរដ្ឋាភិបាលបង្កើនការលើកទឹកចិត្តដល់អ្នកវិនិយោគដំឡើងគ្រឿងចក្រកសិកម្មនេះក្នុងស្រុកផងដែរ។
ទោះយ៉ាងណាប្រជាពលរដ្ឋដែលរស់នៅក្បែរព្រំដែនកម្ពុជា វៀតណាម ចង់ឲ្យរដ្ឋាភិបាលសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍តំបន់ក្បែរព្រំដែន ដើម្បីងាយស្រួលក្នុងការដាំដុះដំណាំកសិកម្ម ហើយពលរដ្ឋរស់នៅដោយងាយស្រួលផង៕
1 comment:
This puppet Yuon government don't have a strategic plan , or we can said they use a lot of corrupts , incompetents nepotism members in the administration cycles to perform the state task . They don't see and don't care much of Khmer poor lives . Every day job for this crook leaders is find way to extort monies to enrich their wealth , their power and their spending bribe to the top to save his ass . They don't care that a lot of poor Khmer living in rural countrywide have no jobs , suffer from pressure of economic uneven, or die . These low rank administration employees goal is kiss ass the superiors ( a lot of bribe ) to save his position and rank . Khmer country to day is govern by powerful gangsters , dictators communist under enemy Yuon supervision . Their plan is create a poor environment situation for Khmer leaving in the countryside , from the stand point of economic , social and security . When Khmer as a hole just get busy to fulfill their stomach , they have little time to care , about politic of the country problems But to day Khmer countryside get up , fed up and stand up protest with their own foreign government puppet because they start to lost not just dignity , economic support from Khmer government , but big and serious problem is their likely hood land, they possess . The shrinking of possession land ownership by force concession from powerful , unlawful government tactic hand and forceful foreigner invasion , is really a big catastrophic painful to all of them . The last resort is get up and revolt against injustice brutalities of the government approach , event they know that they can not win with this dictator regime , they have no others choice than manifestation en mass as the last resort .
Post a Comment