A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 31 July 2014

The opposition denies that Kem Sokha's daughter is the candidate for the member of the NEC បក្ស​ប្រឆាំង​បដិសេធ​ដំណឹង​ថា​កូនស្រី​លោក កឹម សុខា ជា​បេក្ខភាព​គ.ជ.ប

កឹម មនោវិទ្យា ៦១០
អគ្គនាយក​រង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា (ឆ្វេង) ថត​រូប​ជាមួយ​អ្នក​គាំទ្រ នា​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៣។
RFA/Vann Vichar
បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក និង​ប្រភព​ក្រៅ​ផ្លូវ​ការ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​៣០ កក្កដា នេះ​ថា បេក្ខភាព​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ចំនួន ៤​រូប ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ជ្រើស​រើស​នោះ ក៏​មាន​កូនស្រី លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ដែរ។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​ដំណឹង​នេះ។
ក្នុង​ចំណោម​បេក្ខភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ៤​រូប ដែល​ជ្រើស​រើស​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ មាន​តែ លោក គួយ ប៊ុនរឿន មួយ​ប៉ុណ្ណោះ ដែល​សាធារណជន​បាន​ដឹង​ជា​ផ្លូវ​ការ​ថា នឹង​ក្លាយ​ជា​សមាជិក គ.ជ.ប ចំណែក​បេក្ខភាព​សមាជិក ៣​រូប​ផ្សេង​ទៀត កំពុង​នៅ​មាន​ភាព​ស្រពិចស្រពិល​នៅ​ឡើយ។
ទោះ​ជា​យ៉ាង​ណា មាន​ព័ត៌មាន​លេច​ឮ​ថា បេក្ខភាព​ផ្សេង​ទៀត​ដែល​អាច​ត្រូវ​ជ្រើស​រើស​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នោះ រួម​មាន នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍ លោក យ៉េង វីរៈ នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល ដើម្បី​យុត្តិធម៌ និង​ការ​បង្រួប​បង្រួម កញ្ញា សេង ធារី ព្រម​ទាំង​កូនស្រី លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា។
លើស​ពី​នេះ ក៏​មាន​ការ​លេច​ឮ​ថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​កើត​ចេញ​ពី​ការ​បង្រួប​បង្រួម​រវាង​គណបក្ស​អ្នក​ប្រជាធិបតេយ្យ​ពីរ គឺ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស នោះ កំពុង​ខ្វែង​គំនិត​គ្នា​ទៅ​លើ​ការ​ដាក់​បេក្ខភាព​កូនស្រី​របស់ លោក កឹម សុខា ព្រោះ​មាន​សមាជិក​ខ្លះ​ចង់​ដាក់​បេក្ខភាព កញ្ញា សេង ធារី ជំនួស កញ្ញា កឹម មនោវិទ្យា វិញ។ ស្រប​ពេល​ជាមួយ​គ្នា ក៏​លេច​ឮ​ដែរ​ថា លោក គល់ បញ្ញា ដែល​ជា​បេក្ខភាព​មួយ​រូប​ដែរ​នោះ បាន​ដក​ខ្លួន​ចេញ​ពី​បេក្ខភាព គ.ជ.ប នេះ​ដែរ។
ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បដិសេធ​ចំពោះ​ការ​លើក​ឡើង​ទាំង​នេះ ហើយ​ថា គណបក្ស​ប្រឆាំង​មួយ​នេះ ពុំ​ទាន់​បាន​សិក្សា​ពី​គោលការណ៍ និង​លក្ខខណ្ឌ ដើម្បី​អាច​ឲ្យ​បុគ្គល​ម្នាក់​ក្លាយ​ខ្លួន​ជា​បេក្ខភាព គ.ជ.ប នៅ​ឡើយ។ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ថា អ្វី​ដែល​ពិត​នោះ គឺ​បេក្ខភាព​របស់ លោក គួយ ប៊ុនរឿន ដែល​បាន​ប្រគល់​តំណែង​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​ខ្លួន​ទៅ​ឲ្យ លោក សម រង្ស៊ី ដើម្បី​ទៅ​ធ្វើ​ជា​បេក្ខជន​របស់ គ.ជ.ប។ បើ​តាម លោក យ៉ែម បុញ្ញឫទ្ធិ គណបក្ស​ពុំ​ទាន់​បាន​គិតគូរ​ទៅ​លើ​បញ្ហា​បេក្ខភាព គ.ជ.ប ដែល​ខ្លួន​ត្រូវ​ជ្រើស​រើស​នៅ​ឡើយ ព្រោះ​អ្វី​ដែល​ជា​អាទិភាព​សម្រាប់​គណបក្ស​ប្រឆាំង​ពេល​នេះ គឺ​ដោះស្រាយ​បញ្ហា​ចាំបាច់​មួយ​ចំនួន​ជា​មុន​សិន។ នៅ​ពេល​ដែល​សួរ​ថា តើ កញ្ញា កឹម មនោវិទ្យា អាច​នឹង​ក្លាយ​ជា​បេក្ខភាព គ.ជ.ប ដែរ​ឬ​ទេ? លោក យ៉ែម បុញ្ញឫទ្ធិ ឆ្លើយ​ថា លោក​មិន​ដែល​បាន​ឮ​ព័ត៌មាន​នេះ​ទេ ហើយ​លោក​ក៏​មិន​ដឹង​នោះ​ដែរ៖ «យើង​អត់​ទាន់​បាន​កំណត់​ឲ្យ​ជាក់​លាក់​នៅ​ឡើយ​ទេ ពីព្រោះ​យើង​កំពុង​ប្រមូល​កម្លាំង​មក​ពិនិត្យ​សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា និង​ការងារ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត កិច្ចការ​ប្រញាប់ មុន​នឹង​យើង​ចូល​ស្បថ និង​ចូល​ប្រជុំ​សភា ហើយ​ពី​ហ្នឹង បាន​យើង​គិតគូរ​ទៅ​លើ​បញ្ហា​ទាំងអស់​ហ្នឹង»

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល ដែល​លេច​ឮ​ព័ត៌មាន​ថា លោក​បាន​ដក​ខ្លួន​ចេញ​ពី​បេក្ខភាព គ.ជ.ប ដែល​ជ្រើស​រើស​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នោះ អះអាង​ថា វា​មិន​មែន​ជា​រឿង​ពិត​នោះ​ទេ។ ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ លោក គល់ បញ្ញា បាន​សួរ​បក​ទៅ​វិញ​ថា តើ​ឲ្យ​លោក​បោះ​បង់​តំណែង​នេះ​យ៉ាង​ម៉េច​ទៅ បើ​លោក​មិន​ទាន់​ទាំង​បាន​ដាក់​ពាក្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​នៅ​ឡើយ។ តែ​ទោះ​ជា​យ៉ាង​ណា លោក​ថា លោក​ពិត​ជា​មាន​មនុស្ស​មក​ពី​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ពិត​ជា​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ទទួល​យក​ការងារ​នេះ​មែន ហើយ​ថា លោក​កំពុង​ពិចារណា​អំពី​បញ្ហា​នេះ។
លោក គល់ បញ្ញា៖ «មាន​មិត្តភ័ក្ដិ​ខាង​អង្គការ​ក្រៅ​រដ្ឋាភិបាល គេ​នាំ​គ្នា​ជជែក​លើក​ទឹក​ចិត្ត​ឲ្យ​ខ្ញុំ​ថា ដាក់​ទៅៗ​ធ្វើ​ការងារ​ហ្នឹង​ទៅ កាល​ណា​គេ​បើក​ចឹង យើង​ដាក់​ពាក្យ​ទៅ ហើយ​គេ​គាំទ្រ គេ​ជួយ​ធ្វើ campaign គេ​ជួយ​ធ្វើ lobby ឲ្យ​យើង ដើម្បី​ឲ្យ​យើង​ក្លាយ​ទៅ​បេក្ខជន ដែល​គេ​អាច​រើស​បាន​អ៊ីចឹង ហើយ​ខ្ញុំ​ក៏​សប្បាយ​រីករាយ​ដែរ ហើយ​មាន​ខាង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ អី​ក៏​គេ​ប្រាប់​យើង​ថា ដាក់​ទៅ គេ​គាំទ្រ​បេក្ខភាព​អ៊ីចឹង​ណា ហើយ​ខ្ញុំ​មើល​ទៅ​ក៏​មាន potential ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា ខ្ញុំ​ចង់​មើល​រដ្ឋធម្មនុញ្ញ​មើល​អី​សិន មើល​ច្បាប់ មើល​ថា តើ​ដំណើរ​រៀបចំ​ម៉េច​អី​ម៉េច ធានា​ឯករាជ្យ​បាន​ត្រឹមត្រូវ​អត់»
សេចក្តី​រាយការណ៍​នានា​បាន​អោយ​ដឹង​ថា ក្នុង​ចំណោម​បេក្ខភាព គ.ជ.ប ចំនួន ៤​រូប ដែល​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជ្រើស​រើស​នោះ មាន ២​រូប​រើស​ចេញ​ពី​គណបក្ស ហើយ ២​រូប​ទៀត​ចេញ​ពី​អង្គការ​សង្គម​ស៊ីវិល។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក សម រង្ស៊ី បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ចំពោះ​បេក្ខភាព គ.ជ.ប មិន​សំខាន់​ថា​មក​ពី​ណា​ទេ សំខាន់​ឲ្យ​តែ​បេក្ខជន​នោះ​ស្មោះ​ត្រង់ ទិញ​មិន​លក់ សម្លុត​មិន​ខ្លាច និង​ត្រូវ​មាន​បទពិសោធន៍ ព្រម​ទាំង​មាន​ភាព​វ័យ​ឆ្លាត​ក្នុង​ការ​ចាប់​ចោរ ជាដើម។
ទាក់ទង​បញ្ហា​នេះ អ្នក​វិភាគ​ព្រឹត្តិការណ៍​សង្គម​ឯករាជ្យ លោក​បណ្ឌិត កែម ឡី កត់​សម្គាល់​ថា ប្រសិន​បើ​គណបក្ស​នយោបាយ ទាំង​គណបក្ស​ប្រឆាំង ទាំង​គណបក្ស​កាន់​អំណាច ពិត​ជា​ចង់​ឲ្យ គ.ជ.ប ថ្មី​នេះ​មាន​ភាព​ឯករាជ្យ និង​មាន​កម្លាំង​ពេញ​លេញ ដើម្បី​អនុវត្ត​ការងារ​របស់​ខ្លួន​ពិត​ប្រាកដ​មែន ពួក​គេ​គួរ​សម្លឹង​រក​មើល​បុគ្គល​ដែល​មាន​សមត្ថភាព មាន​ការ​អប់រំ និង​មាន​បទពិសោធន៍​គ្រប់គ្រាន់ ព្រម​ទាំង​គួរ​ជៀសវាង​នូវ​ការ​ប្រកាន់​បក្ខពួក គ្រួសារ​និយម។ លោក​បន្ត​ថា បក្ខពួក​និយម នឹង​មិន​អាច​ធ្វើ​ឲ្យ គ.ជ.ប ថ្មី​នេះ​ឯករាជ្យ​បាន​ឡើយ។
លោក​បណ្ឌិត កែម ឡី៖ «ប្រសិន​បើ​យើង​រើស​វា​គ្រាន់​តែ​បំពេញ​នូវ​មុខ​ងារ​ដែល​មាន​បក្ស​មាន​ពួក​ដូច កឹម សុខា អី គាត់​ប្រុង​ដាក់​កូន​ដាក់​អី អា​ហ្នឹង​គ្រាន់​តែ​ចេញ​មក​ហ្នឹង គេ​ហៅ​ថា​ទំនាស់​ផល​ប្រយោជន៍​ហើយ ហើយ​វា​ខូច​កេរ្តិ៍​ឈ្មោះ​ទៀត ប្រសិន​ជា​គាត់​ចង់​រក្សា​កិត្តិយស​ឲ្យ​ល្អ ជៀសវាង​បក្ខពួក​និយម ជៀសវាង​គ្រួសារ​និយម ដូច សម រង្ស៊ី អី យើង​ត្រូវ​ជៀសវាង ហើយ​យើង​ត្រូវ​សម្លឹង​មើល​លក្ខខណ្ឌ​ទាំង​ពី​ការ​អប់រំ ទាំង​ពី​បទពិសោធន៍ ទាំង​ពី​សីលធម៌ ទាំង​ពី​ជំនាញ​បច្ចេកទេស ពីព្រោះ គ.ជ.ប ហ្នឹង​ត្រូវ​ការ​បច្ចេកទេស​ច្រើន​ដែរ ដើម្បី​ទៅ​គ្រប់គ្រង​អគ្គលេខាធិការដ្ឋាន​ហ្នឹង​បាន»
តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក កែម ឡី មាន​ប្រសាសន៍​ថា លោក​មិន​បដិសេធ​ចំពោះ​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការងារ​សង្គម ដូច​ដែល​លោក​តែង​បាន​អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ បញ្ជ្រាប​ស្រទាប់​យុវជន​ក្នុង​កិច្ចការ​ប្រទេស​ជាតិ​នោះ​ទេ ប៉ុន្តែ​លោក​ថា លោក​មិន​គាំទ្រ​ចំពោះ​ការ​ជ្រើស​រើស​កូនស្រី​របស់ លោក កឹម សុខា ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ជ្រើស​រើស​យុវជន​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ចេញ​ពី​បក្ស​របស់​ខ្លួន ហើយ​មិន​ជាប់​សាច់​ឈាម​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស នោះ​ទើប​ជា​រឿង​ដែល​លោក​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ទៅ​វិញ៕

1 comment:

Anonymous said...

Mr. Kem Sokha, DO NOT elect your daughter for the candidate of the NEC. This is unethical.