កូនស្រីរបស់ យាយក្រពើកាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ២០១៣ បានដឹក ឯកសារជូនលោក ហេង សំរិន។ រូបថត ភ្នំពេញ ប៉ុស្តិ៍ |
កូនស្រីរបស់ យាយក្រពើកាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ២០១៣ បានដឹកឯកសារជូនលោក ហេង សំរិន។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ អ្នកស្រីឧកញ៉ា ឈិន សុគុន្ឋារី ហៅយាយក្រពើ ប្រធាន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡាយីម៉ិចហូលឌីងគ្រុប (LAYIMEX HOLDINGS GROUP) បានស្នើសុំឲ្យលោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ មេត្តាពន្លឿនការផ្ដល់យុត្តិធម៌ និងសិទ្ធិសេរីភាពមកដល់រូបគាត់ ទាក់ទងនឹង ការរំលោភសិទ្ធិពីសំណាក់មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល កម្ពុជា។
ការស្នើសុំរបស់ អ្នកស្រីឧកញ៉ា ឈិន សុគុន្ឋារីខាងលើនេះ បានធ្វើឡើងបន្ទាប់ពីកូនស្រីរបស់ អ្នកស្រីឧកញ៉ា កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ២០១៣នេះបានដឹកឯកសារ ដែលជាវត្ថុតាងយ៉ាងរឹងមាំចំនួន ២ឡាំងដែលមានទម្ងន់ប្រហែល ៦០ គីឡូក្រាម ដើរដង្ហែរជាមួយក្រុមបាតុករអហិង្សាជាច្រើនពាន់នាក់ដើម្បីស្វែងរកយុត្តិធម៌ និងការជួយអន្តរាគមន៍និងទាមទាររកយុត្តិធម៌ឲ្យអ្នកម្តាយដែលត្រូវបានគេរំលោភបំពានសិទ្ធិសេរីភាព រឹបអូសយកដីជាង ៣៤ ហិកតា ដោយអយុត្តិធម៌ព្រមទាំងក្លាយជាអ្នកទោសនិងត្រូវបានគេតាមចាប់ខ្លួនទៀតនោះ និងបានដាក់ជូនទៅរដ្ឋសភា ដែលមានសមាជិក សមាជិកា គណបក្សប្រជាជន ចំនួន៦៨ រូប និងគណបក្សសង្គ្រោះជាតិនៅថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សអន្ដរជាតិនោះ។
នៅក្នុងលិខិតមួយច្បាប់ផ្ញើរជូនទៅលោក ហេង សំរិន ប្រធានរដ្ឋសភាជាតិចុះកាលបរិច្ឆេទទី១៤ ខែមករា ២០១៤ ដែលកាសែតភ្នំពេញប៉ុស្តិ៍ទទួលបានច្បាប់ចម្លងមួយច្បាប់ នៅថ្ងៃច័ន្ទទី២០ ខែមករា ២០១៤ នេះ អ្នកស្រីឧកញ៉ា ឈិន សុគុន្ឋារី បានជម្រាបដូចទៅនេះ៖
នាងខ្ញុំឈ្មោះ ឈិន សុគន្ធារីជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនឡាយីម៉ិចហូលឌីងគ្រុប (LAYIMEX HOLDINGS GROUP) ទីស្នាក់ការស្ថិតនៅលើដី លេខ ០៤៦លប ផ្លូវលេខ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមគោរពជូន
សម្ដេចអគ្គមហាពញ្ញាចក្រក្រី ហេង សំរិន
ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
កម្មវត្ថុ៖ សំណើសុំសម្ដេចមេត្តាពន្លឿនការផ្ដល់យុត្តិធម៌ និងសិទ្ធិសេរីភាពមកដល់នាងខ្ញុំទាក់ទងនឹងការរំលោភសិទ្ធិពីសំណាក់មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ។
យោង៖ លិខិតចុះថ្ងៃទី ០២ខែធ្នូ ឆ្នាំ២០១៣ ដែលកូនៗនាងខ្ញុំបានដាក់ជូនសម្ដេចនិងសមាជិកសមាជិការដ្ឋសភានៅថ្ងៃទី១០ខែធ្នូ ឆ្នាំ២០១៣ នៅមន្ទីររដ្ឋសភាក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិ ។
តាមកម្មវត្តុ និងយោងខាងលើនាងខ្ញុំមានកិត្តិយសសូមជម្រាបជូន សម្ដេច មេត្តាជ្រាបថា៖ នាងខ្ញុំត្រូវបានឯកឧត្តមកែប ជុតិមានិងគូកនរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរ រឹបអូសដីនាងខ្ញុំទៅលក់ចែកចំណេញគ្នារាប់រយលានដុល្លា ហើយបានប្រើអំណាចបញ្ជាតុលាការឲ្យចេញដីកាតាមចាប់ខ្លួននាងខ្ញុំយ៉ាងអយុត្តិធម៌ជាទីបំផុត ។ឯកឧត្ដមកែប ជុតិមា និងគូកន ហ៊ានអត្តនោម័តយកដីដែលរឹបអូសបានពីការរំលោភដោយបំពានសិទ្ធិសេរីភាពនាងខ្ញុំនិងរំលោភយកដីនាងខ្ញុំជាង ៣៤ ហិកតា ដែលមានម្លៃជាង១០០លានដុល្លាអាមេរិកទៅដាក់បញ្ជូលក្នុងអនុក្រឹត្យដោយខុសច្បាប់ ទៅដោះដូរជាមួយឧកញ៉ា លីយ៉ុងផាត់ដោយគ្មានតម្លាភាព ។ទង្វើអាក្រក់របស់ឯកឧត្ដមកែប ជុតិមា និងគូកនត្រូវបានជំរាបជូនក្នុងលិខិតរបស់នាងខ្ញុំយ៉ាងពិស្ដារ។
នាងខ្ញុំសង្ឃឹមថារដ្ឋសភាអាណត្តិទី៥ ដែលមានសម្ដេចជាប្រធាននឹងវែកមុខមន្ត្រីខិលខូចពុករលួយបំផ្លាញជាតិ ជិះជាន់ប្រជារាស្ត្រ ប្រើល្បិចកុហកនាយករដ្ឋមន្ត្រីនិងយកហត្ថលេខារបស់សម្ដេចនាយករដ្ឋមន្ត្រីទៅគំរាមតុលាការឲ្យសម្រេចសេចក្ដីយ៉ាងអយុត្តិធម៌ដើម្បីឲ្យពួកគេទទួលទោសតាមច្បាប់ ហើយនាងខ្ញុំសង្ឃឹមជាថ្មីម្ដងទៀតថា នាងខ្ញុំនឹងទទួលបាននូវយុត្តិធម៌និងសិទ្ធិសេរីភាពក្នុងពេលឆាប់ៗនេះជាមិនខាន ។
សូម សម្ដេចមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីនាងខ្ញុំ ។
ទាក់ទងនឹងសំណើរបស់ អ្នកស្រីឧកញ៉ា ឈិន សុគុន្ឋារីខាងលើនេះ កាសែតភ្នំពេញប៉ុស្តិ៍ មិនអាច ទាក់ទងនឹង សម្ដេចអគ្គមហាពញ្ញាចក្រក្រី ហេង សំរិន និង លោកឈាង វុន អ្នកនាំពាក្យ រដ្ឋសភាជាតិ ដើម្បី សុំព័ត៌មានបានឡើយ កាលពីថ្ងៃ ច័ន្ទ ទី ២០ ខែ មករា ២០១៤នេះ៕
1 comment:
ក្លាហានឡើងសំដាចម៍ បញ្ចេញស្នាដៃឲ្យប្រជាជន ឃើញស្នាដៃ ទុកជាប្រវត្តិសាស្ត្រមួយមើល។ កុំឲ្យគេថា មិនចាត់ការ ព្រោះតែបានស៊ីចុកដែរ។
Post a Comment