A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 21 January 2014

ការ​ចរចា​នយោបាយ​ផ្លូវ​ការ​អាច​នឹង​កើត​មាន​ឆាប់ៗ

មាស សុខជា ភ្នំពេញប៉ុស្តិ៍ Monday, 20 January 2014

តាកែវៈ ការ​ចរចា​នយោបាយ​ផ្លូវ​ការ​អាច​មិន​យូរ​ទេ ដូច​ដែល​ការ​ដោះ​ដូរ​សម្តី​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង អាច​ធ្វើ​ឲ្យ​លោក​អ្នក​ជឿ​ជាក់។

ក្នុង​ដំណើរ​ទៅ​ខេត្ត តាកែវ កាល​ពី​ថ្ងៃ​សៅរ៍ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​អ្នក​គាំទ្រ​ជាង ១ ពាន់​នាក់​ថា លោក​បាន​ស្នើ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​សរសេរ​ទៅ​អង្គការ​សហ​ប្រជាជាតិ និង​ថ្វាយ​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី ដើម្បី​ស្នើ​ឲ្យ​ចូល​រួម​ក្នុង​ការ​ចរចា​ផ្លូវ​ការ។

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ច្រាន​ចោល​នូវ​លទ្ធភាព​ដែល​អង្គការ​សហ​ប្រជាជាតិ​ដើរ​តួនាទី​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​ចរចា ក្នុង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​លោក​បាន​បន្ថែម​ថា ប្រសិន​បើ​មាន​ប្រជាមតិ​ឲ្យ​បោះឆ្នោត​មុន​អាណតិ្ត តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​ចូល​អង្គុយ​ក្នុង​រដ្ឋសភា។

លោក សុខា បាន​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន អំពី​ការ​អាច​ធ្វើ​ប្រជាមតិ ដោយ​ស្នើ​សុំ​ព្រះ​មហាក្សត្រ​យាង​ចូល​រួម និង​អង្គការ​សហ​ប្រជាជាតិ​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​នឹង​គណបក្ស​ប្រជាជន។
លោក សុខា ថ្លែង​ថា៖ «ការ​ចូល​រួម​ប្រជុំ​ក្នុង​រដ្ឋសភា យើង​នឹង​ចូល​រួម ព្រោះ​ប្រជាជន​បោះឆ្នោត​ឲ្យ​យើង។ ប៉ុន្តែ​យើង​នឹង​ចូល​រួម ដរាប​ណា​យើង​មាន​ការ​ព្រម​ព្រៀង​គ្នា​ជាមួយ​នឹង​គណបក្ស​ប្រជាជន»។

លោក​បាន​បន្ថែម​ថា៖ «ជា​គោល​ការណ៍ យើង​នឹង​មាន​សាក្សី​អន្តរជាតិ​នៅ​ទី​នោះ និង​ព្រះ​មហាក្សត្រ​ធ្វើ​ជា​អធិបតី។ ក្នុង​សេណារីយោ​នោះ យើង​អាច​ព្រម​ព្រៀង និង​ចូល​ប្រជុំ​រដ្ឋសភា​ដើម្បី​ផ្លាស់​ប្តូរ​រដ្ឋ​ធម្មនុញ្ញ​ដោយ​គ្មាន​បញ្ហា»។

ការ​ធ្វើ​អត្ថាធិប្បាយ​នេះ​កើត​ឡើង បន្ទាប់​ពី​គេ​បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​បាន​ផ្លាស់​ប្តូរ​សំណើ​តាម​រយៈ​មន្រ្តី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ធ្វើ​ជា​អាជ្ញាកណ្តាល​ចាប់​តាំង​ពី​ថ្ងៃ ទី៥ ខែ មករា គឺ​មួយ​ថ្ងៃ បន្ទាប់​ពី​មាន​ការ​បង្ក្រាប​បី​ថ្ងៃ​លើ​កម្មករ​កាត់​ដេរ និង​អ្នក​គាំទ្រ​របស់​គណបក្ស​ប្រឆាំង។

លោក កែម ឡី អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ដែល​បាន​ដឹង​អំពី​ការ​ចរចា​ស្ងាត់ៗ​បាន​ថ្លែង​ថា វា​ឆាប់​ពេក​ហើយ​ក្នុង​ការ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ចូល​រួម ព្រះ​មហាក្សត្រ​នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ចរចា។

លោក​ថា៖ «អង្គការ​សហ​ប្រជាជាតិ​អាច​ផ្តល់​អនុសាសន៍ អាច​ផ្តល់​ថវិកា និង​ធនធាន​មនុស្ស ប៉ុន្តែ​យន្តការ​សម្រុះ​សម្រួល​នយោបាយ ខ្ញុំ​គិត​ថា គណបក្ស​ទាំង​ពីរ​នឹង​ជ្រើស​រើស​យក​តួនាទី​របស់​ព្រះ​មហាក្សត្រ​ធ្វើ​ជា​អាជ្ញាកណ្តាល​ពេល​គណបក្ស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​លើ​ចំណុច​សំខាន់ៗ»។

ក្នុង​សុន្ទរកថា កាល​ពី​ថ្ងៃ​សៅរ៍ លោក ហ៊ុន សែន បាន​គំរាម​ជន​បង្ក​របស់​គណបក្ស​ប្រឆាំង​ថា នឹង​ទទួល​ផល​ភ្លាមៗ ប្រសិន​បើ​គេ​ប៉នប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល និង​បង្ក​សង្គ្រាម​ស៊ីវិល។

ទន្ទឹម​នឹង​នេះ លោក កឹម សុខា បាន​អំពាវនាវ​ដល់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ដំណើរ​ទៅ​ខេត្ត ព្រះ​សីហនុ កាល​ពី​ម្សិលមិញ​ឲ្យ​ធ្វើ​បាតុកម្ម​នៅ​ទូទាំង​ប្រទេស។ លោក​ថា៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាជន​ទាំង​អស់​ឲ្យ​ក្រោក​ឈរ​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន»៕ TK

No comments: