ដោយ៖ ណាត សុភាព និងដួង សុខា | ថ្ងៃចន្ទ ទី7 ខែតុលា ឆ្នាំ2013 |VOD
ស្តាប់សំឡេង៖ | ចម្លងទុក |
សមាជមហាជនរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃអាទិត្យម្សិលមិញ បានចេញសេចក្តីសម្រេច ដោយទាមទារឲ្យមានការបង្កើតរាជ រដ្ឋាភិបាលស្រមោល ដើម្បីឲ្យគណបក្សកាន់អំណាចទទួលស្គាល់តួនាទីគណបក្សប្រឆាំង និងឲ្យមានតុល្យភាពអំណាចនៅរដុ្ឋសភា។
ការទាមទារនេះធ្វើឡើង នៅក្នុងសេចក្តីសម្រេចរបស់សមាជមហាជន កាលពីថ្ងៃទី០៦ ខែតុលា នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋជិតមួយម៉ឺននាក់ចូលរួម។ ការទាមទារនេះ ក៏ដើម្បីឲ្យមានការផ្លាស់ប្តូរតាមរយៈកំណែទម្រង់គោលនយោ បាយ និងស្ថាប័នជាតិសំខាន់ៗ ធានាការពារផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋផងដែរ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ប្រាប់VOD នៅថ្ងៃចន្ទនេះថា ការទាមទារឲ្យបង្កើតរដ្ឋាភិបាលស្រមោល ជាកញ្ចក់មួយសម្រាប់ឆ្លុះបញ្ចាំង ពីសកម្មភាពរបស់រដ្ឋាភិបាលឲ្យស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ៖ "នេះជាកញ្ចក់ឆ្លុះ ឲ្យ រដ្ឋាភិ បាល បច្ចុប្បន្ន ដើម្បីឲ្យគាត់ដឹង ថាតើកន្លែងណាដែលគាត់ធ្វើត្រូវ កន្លែងណាដែលគាត់ធ្វើខុស ពីព្រោះមនុស្សធ្វើវាតែងតែមានកំហុស ខ្លួន ឯងធ្វើ មិនអាចមើលកំហុសខ្លួនឯងឃើញ ហើយពិសេសយើងមើលឃើញហើយថា ល្អទាំងអស់ ក៏ប៉ុន្ដែកំហុសរបស់ខ្លួន អ្វីដែល ខ្លួន បានធ្វើខុស គឺអត់ដែលបានលើយកមកកែលម្អទេ ចឹងរដ្ឋាភិបាលស្រមោលនេះគឺជាកញ្ចក់ឆ្លុះ គឺជាយន្ដការមួយដើម្បីធានាថា ការ អនុវត្ដរបស់រដ្ឋាភិបាលហ្នឹងបានប្រព្រឹត្ដទៅ សមស្របតាមឆន្ទៈប្រជារាស្ដ្រ សមស្របតាមច្បាប់ ហើយនឹងប្រសិទ្ធភាព" ។
ការទាមទាររបស់គណបក្សសង្គ្រោះជាតិ ត្រូវបានតំណាងរាស្ត្រ និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប យល់ថាមិនអាចធ្វើទៅរួចទេ ពីព្រោះរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មិនបានចែងពីចំណុចនេះទេ ៖ "យើងគឺជំរុញមាតុភូមិកម្ពុជា ឲ្យក្លាយជានីតិរដ្ឋ ដែលហៅថា State of Law ឫ ក៏រដ្ឋប្រកបដោយច្បាប់នោះ អ្វីដែលគ្មានចែងអំពីនេះទេ ទាល់តែមានចែងក្នុងច្បាប់ ពិសេសរដ្ឋធម្មនុញ្ញ យើងមិនអាចធ្វើទៅតាមអ្នកចង់ធ្វើ ធ្វើទៅមិនបានទេ" ។
អ្នកវិភាគនយោបាយ លោក សុខ ទូច ក៏យល់ដូច លោក ជាម យៀប ដែរថា រដ្ឋធម្មនុញ្ញមិនមានចែងពីបង្កើតរាជរដ្ឋាភិបាលស្រមោលទេ។ ប៉ុន្តែ លោក គិតថា រដ្ឋាភិបាលស្រមោលអាចត្រូវបានបង្កើតទ្បើង បើមានការចរចាផ្នែកនយោបាយ។ លោក បញ្ជាក់ថា ការទាមទារបង្កើតរដ្ឋាភិបាលស្រមោល ក៏ផ្តល់អត្ថប្រយោជន៍ដល់មន្ត្រីមួយចំនួនឲ្យមានបទពិសោធន៍សម្រាប់ដឹកនាំប្រទេសជាតិ នៅពេលអនាគតផងដែរ ៖ "រដ្ឋាភិបាលស្រមោលនេះ មានសារៈសំខាន់ពីរយ៉ាង ទីមួយបង្រៀនមន្រ្ដីរបស់ខ្លួន ឲ្យឃ្លាំមើលដំណើរការរបស់រដ្ឋាភិបាល ដែលកំពុងតែអនុវត្ដ ទីពីរ គាត់បង្វឹកមន្ដ្រីរបស់គាត់ឲ្យចេះគ្រប់គ្រង់នៅពេលដែលគាត់ឈ្នះអំណាចទៅ គាត់អាចបន្ដការកាន់អំណាចនេះ ដោយមានបទពិសោធន៍ និងមានអ្វីថ្មីសម្រាប់មន្ដ្រីរបស់គាត់ ប្រទេសណាក៏មានដែរជាពិសេសប្រទេសណាក៏មានការរីកចម្រើនហ្នឹង ក៏ប៉ុន្ដែក្នុងរដ្ឋធម្មនុញ្ញយើងអត់ទាន់មានទេ ហើយបង្កើតជាកញ្ចប់នយោបាយទៅ ហើយអនុម័តក្នុងពេលតែមួយទៅ ហើយបើសិនជាបានសម្រេច អនុម័តនោះ យើងហ្នឹងដោះស្រាយតាមនឹងបាទ ចឹងហើយអ្វីដែលខ្ញុំបានជម្រាបខាងដើមហ្នឹង " ។
លោក បន្តថា រដ្ឋាភិបាលស្រមោលមិនមានកងកម្លាំងប្រដាប់អាវុធទេ។ តួនាទីរបស់រដ្ឋាភិបាលស្រមោល គឺតាមដាន និងត្រួតពិនិត្យការ ងារ នៅតាមក្រសួង និងស្ថាប័នរដ្ឋនានា។
សូមសរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
1 comment:
ចូរ យើងពិចារណា ៖ តើឣ្វីទៅ ទ្រព្យសាធារណៈ និង ទ្រព្យឯកជន ?
ឣ្នកណា ទទួលបន្ទុក “ ឣភិបាល កសាង ឣភិវឌ្ឍន៍ ជាតិ ” ???
បើនិយាយពី FootBall លោក ហ៊ុន សែន ជាឣ្នកទាត់ ឣ្នកឯទៀតជាឣ្នកមើល !
. រឿងទឹកជំនន់ គឹឣ្នកស្រី ប៊ុនរ៉ានី កាន់កាប់កាកបាទក្រហម (ទទួលលុយ ពីសម្ដេចម៉ែ) ត្រូវទៅជួយ ឣ្នករងគ្រោះទឹកជំនន់ ! មិនមែន បក្សប្រឆាំងទេ ! …ពុំនោះទេ ដូរ !
. គឹលោក ហ៊ុន សែន ឣ្នកទទួលខុសត្រូវ រដ្ឋាភិបាល (រដ្ឋ + ឣភិបាល) ! មិនមែន បក្សប្រឆាំងទេ ! …ពុំនោះទេ ដូរ !
. គឹលោក ហ៊ុន សែន ជាឣ្នកចាត់ចែង ថវិកាជំនួយ និងប្រាក់កម្ចី ! មិនមែន បក្សប្រឆាំងទេ…ពុំនោះទេ ដូរ !
. គឹលោក ហ៊ុន សែន ជាឣ្នកប្រមូល ចាត់ចែង ចាយវាយ ថវិកាជាតិ ! មិនមែន បក្សប្រឆាំងទេ… ពុំនោះទេ ដូរ !
ពួកឣាល្ងង់វិទូ គាត់ប្រាប់លោក ហ៊ុន សែន ថា៖ ...លប់បឹងធ្វើឲ្យលិចភ្នំពេញ លិចវាំង…
ឲ្យយួនកាប់ព្រៃឈើ (កុងត្រា៩៩ឆ្នាំ) ធ្វើឲ្យមានទឹកជំនន់ ! ម្តេចក៏ជេរគេ…?
ហើយថែមទាំង រកបិទទ្វាវាយឆ្កែ ទៀត ! ឣគតិ !
Post a Comment