A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 4 October 2013

Analysts: The Cambodian People's Party destroyed national unity and democracy អ្នក​វិភាគ៖ បក្ស​ប្រជាជន​បំផ្លាញ​ឯកភាព​ជាតិ​និង​ប្រជាធិបតេយ្យ

អ្នក​វិភាគ​បញ្ហា​នយោបាយ​ក្នុង​សង្គម​កម្ពុជា មើល​ឃើញ​ថា អ្នក​ដឹក​នាំ​រដ្ឋាភិបាល​បច្ចុប្បន្ន កំពុង​ដើរ​លើ​គន្លង​មួយ​បញ្ច្រាស​គ្នា​ជាមួយ​ប្រជាពលរដ្ឋ។ ពោល គឺ​ការ​រៀប​ចំ​គោល​នយោបាយ​គ្រប់គ្រង​ប្រទេស​បក​ក្រោយ​ដោយ​ងាក​ទៅ​រក​របៀប​ដឹក​នាំ​ប្រទេស​បែប​កុម្មុយនិស្ត ហើយ​ព្យាយាម​បំភ្លេច​ចោល​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស រដ្ឋធម្មនុញ្ញ​របស់​ជាតិ ដែល​ធានា​ឲ្យ​មាន​ការ​រក្សា​នូវ​ឯកភាព​ជាតិ និង​របប​គ្រប់គ្រង​តាម​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ ដោយ សេក បណ្ឌិត 2013-10-04 RFA
ប្រជុំ​សភា ២០១៣ ៧៥
ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ថតរូប​ជាមួយ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​​ព្រឹក​ថ្ងៃ​២៣ កញ្ញា ២០១៣។
RFA/Van Vichar
ក្រុម​អ្នក​វិភាគ​ឯករាជ្យ​លើ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បាន​ចង្អុល​បង្ហាញ​ថា កម្ពុជា ពុំ​ទាន់​មាន​ឯកភាព​ជាតិ ឬ​ក៏​មាន​ត្រឹម​តែ​សម្បក​ដ៏​ស្តើង ដែល​ប្រឹង​ឱបក្រសោប​បិទ​បាំង​នូវ​ភាព​បែក​បាក់​គ្មាន​ទី​បញ្ចប់​នោះ។
អ្នក​វិភាគ​បង្ហាញ​ទៀត​ថា បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បន្ត​គ្រប់គ្រង​រដ្ឋសភា និង​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​ក្នុង​អាណត្តិ​ទី៥ នេះ គឺ​ឆ្លុះ​ឲ្យ​ឃើញ​ពី​ចេតនា​មួយ​ក្នុង​ការ​បំផ្លាញ​នូវ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ឥស្សរជន​នយោបាយ​ជាន់​ខ្ពស់ តាំង​ពី​មុន​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ២៣ តុលា ១៩៩១ មក។
ឥស្សរជន​នយោបាយ​ខ្មែរ​ដែល​សេសសល់​ពី​ស្លាប់​ក្រោយ​របប​ខ្មែរ​ក្រហម បាន​ចំណាយ​ពេល​ដ៏​ច្រើន ទម្រាំ​ខ្មែរ​គ្រប់​ភាគី​បាន​ជួប​ជុំ​ចរចា​គ្នា ដើម្បី​ពន្លត់​ភ្លើង​សង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ ហើយ​ជំរុញ​ឲ្យ​ប្រទេស​មួយ​នេះ​មាន​ឯកភាព​ជាតិ មាន​រដ្ឋធម្មនុញ្ញ​មួយ​ច្បាស់​លាស់​សម្រាប់​ជាតិ តាម​រយៈ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នេះ។
ប្រធាន​គណៈកម្មាធិការ​ពង្រឹង​វិស័យ​ច្បាប់ ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក​បណ្ឌិត ហ៊ាង ឫទ្ធី មាន​ប្រសាសន៍​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន​ធានា​ឲ្យ​កម្ពុជា មាន​ឯកភាព​ជាតិ ព្រម​ទាំង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ស្នា​ព្រះហស្ដ​របស់​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ រួម​ជាមួយ​ឥស្សរជន​ជាន់​ខ្ពស់​ដទៃ​ទៀត​នោះ ត្រូវ​បាន​អ្នក​នយោបាយ​ដុះ​ស្នឹម នាំ​គ្នា​រំលោភ​ជា​បន្តបន្ទាប់​គ្រប់​ដំណាក់​កាល ជា​ពិសេស​នៅ​អាណត្តិ​ទី៥ នេះ​តែ​ម្តង។
លោក​បន្ត​ថា ភាព​បែក​បាក់​របស់​អ្នក​នយោបាយ​ខ្មែរ ដោយសារ​ការ​ស្រឡាញ់​អំណាច​ជាង​ស្រឡាញ់​ពលរដ្ឋ និង​ប្រទេស​ជាតិ ហើយ​ក្រុម​ទាំង​នោះ​បាន​លាក់​មុខ​ចំនួន ៤​អាណត្តិ​កន្លង​មក​ហើយ ឥឡូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ពេល​នេះ។ ជាង​នេះ​ទៅ​ទៀត ទិដ្ឋភាព​ទាំងអស់​នេះ​បង្ហាញ​ពី​អនាគត​របស់​កម្ពុជា នឹង​ឈាន​ទៅ​របប​ផ្តាច់​ការ បើ​សិន​ពុំ​មាន​ការ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ពី​សហគមន៍​អន្តរជាតិ​បាន​ទាន់​ពេល​ទេ​នោះ។
ចំណែក​អ្នក​វិភាគ​ឯករាជ្យ​មួយ​រូប​ទៀត លោក កែម ឡី ក៏​មាន​ទស្សនៈ​ស្រដៀង​គ្នា​នេះ​ដែរ។ លោក​ថា កម្ពុជា មក​ដល់​ដំណាក់​ការ​នេះ​បាន​ដើរ​ដល់​ផ្លូវ​បំបែក​ជា​ពីរ។ ទី​មួយ ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ពេញ​លេញ និង​ទី​ពីរ ផ្លូវ​បំបែក​ទៅ​រក​លទ្ធិ​កុម្មុយនីស្ត។ លោក​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​ជ្រើស​រើស​ដើរ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ពេញ​លេញ ចំណែក​អ្នក​ដឹក​នាំ​រដ្ឋាភិបាល​វិញ បាន​ដើរ​ទៅ​រក​លទ្ធិ​កុម្មុយនីស្ត​យ៉ាង​ច្បាស់​លាស់​តែ​ម្តង។
តែ​ទោះ​យ៉ាង​ណា លោក​បញ្ជាក់​ថា ការ​បញ្ចប់​របៀប​គ្រប់គ្រង​បែប​ប្រជាធិបតេយ្យ​នៅ​ពេល​នេះ គឺ​បញ្ចប់​ត្រឹម​តែ​ប្រព័ន្ធ​នៃ​របៀប​គ្រប់គ្រង​របស់​អ្នក​ដឹក​នាំ​ក្បាល​ម៉ាស៊ីន​ប៉ុណ្ណោះ ចំណែក​ប្រជាពលរដ្ឋ​នៅ​តែ​ប្រឹង​ឈរ​នៅ​លើ​ផ្លូវ​ប្រជាធិបតេយ្យ​ដដែល និង​ចង់​បាន​ឲ្យ​មាន​សេរីភាព​ពេញ​លេញ ស្ថិត​ក្នុង​សហគមន៍​របស់​ខ្លួន។
ប៉ុន្តែ ការ​លើក​ឡើង​ទាំង​ឡាយ​ណា​ពី​សង្គម​ស៊ីវិល និង​អ្នក​វិភាគ​បញ្ហា​សង្គម ដែល​ផ្ទុយ​ពី​ទស្សនៈ និង​សកម្មភាព​របស់​រដ្ឋាភិបាល ត្រូវ​បាន​បដិសេធ និង​ចោទ​ប្រកាន់​ឲ្យ​ជាប់​បទ​ល្មើស​ផ្សេងៗ។
រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​នៅ​តែ​ដើរ​លើ​ផ្លូវ​លទ្ធិប្រជាធិបតេយ្យ​ដដែល ដោយ​គោរព​រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ ហើយ​ចំពោះ​ពាក្យ​ថា មាន​ប្រជាធិបតេយ្យ ឬ​មិន​មាន មិន​អាស្រ័យ​លើ​ការ​បកស្រាយ​របស់​អ្នក​រិះគន់ ឬ​ក្រុម​ម្ខាង​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​រដ្ឋសភា ឬ​រដ្ឋាភិបាល​នោះ​ទេ។
លោក កែម ឡី មាន​ប្រសាសន៍​ថា ទ្រឹស្ដី​ឯកភាព ឬ​ប្រជាធិបតេយ្យ​របស់​ប្រទេស​កុម្មុយនីស្ត គឺ​មាន​ន័យ​ថា ប្រជាពលរដ្ឋ​ត្រូវ​រស់​នៅ​ក្នុង​ទ្រុង ក្នុង​ការ​បង្គាប់​បញ្ជា រស់​នៅ​ក្នុង​ស្ថានភាព​ភ័យ​ខ្លាច កុំ​រើ​បម្រាស់ កុំ​ជជែក​តវ៉ា កុំ​ទាមទារ​សេរីភាព​អ្វី​ទាំងអស់។
លោក​បន្ត​ថា ប្រទេស​មួយ​រស់​នៅ​ក្នុង​សភាព​បែប​នេះ គឺ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ ជា​ពិសេស​ពលរដ្ឋ​ងាយ​រង​គ្រោះ​ថ្នាក់​ជា​ទី​បំផុត។
បញ្ហា​ប្រឈម​ចំពោះ​មុខ​សម្រាប់​ជាតិ​នោះ គឺ​ការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច ទាំង​ការ​មិន​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ ឬ​អាច​មាន​សង្គ្រាម​ត្រជាក់​កើត​ឡើង ដោយសារ​វិបត្តិ​សង្គម វិបត្តិ​នយោបាយ វិបត្តិ​សេដ្ឋកិច្ច​ច្របូកច្របល់​បញ្ចូល​គ្នា បើ​សិន​គ្រប់​ភាគី​នៃ​បក្ស​នយោបាយ ពុំ​មាន​ការ​ឯកភាព​គ្នា ដោយ​សភា ឬ​រដ្ឋាភិបាល នៅ​តែ​ដើរ​ដោយ​ឯក​បក្ស​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

"If the nation unted, you can win over any enermy", but for khmer it is father aways from it.