អ្នកវិភាគបញ្ហានយោបាយក្នុងសង្គមកម្ពុជា មើលឃើញថា អ្នកដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន កំពុងដើរលើគន្លងមួយបញ្ច្រាសគ្នាជាមួយប្រជាពលរដ្ឋ។ ពោល គឺការរៀបចំគោលនយោបាយគ្រប់គ្រងប្រទេសបកក្រោយដោយងាកទៅរករបៀបដឹកនាំប្រទេសបែបកុម្មុយនិស្ត ហើយព្យាយាមបំភ្លេចចោលនូវកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស រដ្ឋធម្មនុញ្ញរបស់ជាតិ ដែលធានាឲ្យមានការរក្សានូវឯកភាពជាតិ និងរបបគ្រប់គ្រងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ដោយ សេក បណ្ឌិត
2013-10-04 RFA
ក្រុមអ្នកវិភាគឯករាជ្យលើស្ថានការណ៍នយោបាយនៅកម្ពុជា បានចង្អុលបង្ហាញថា កម្ពុជា ពុំទាន់មានឯកភាពជាតិ ឬក៏មានត្រឹមតែសម្បកដ៏ស្តើង ដែលប្រឹងឱបក្រសោបបិទបាំងនូវភាពបែកបាក់គ្មានទីបញ្ចប់នោះ។
អ្នកវិភាគបង្ហាញទៀតថា បើសិនជាគណបក្សប្រជាជនកម្ពុជា នៅតែបន្តគ្រប់គ្រងរដ្ឋសភា និងរដ្ឋាភិបាលតែម្នាក់ឯងក្នុងអាណត្តិទី៥ នេះ គឺឆ្លុះឲ្យឃើញពីចេតនាមួយក្នុងការបំផ្លាញនូវការខិតខំប្រឹងប្រែងរបស់ឥស្សរជននយោបាយជាន់ខ្ពស់ តាំងពីមុនមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ មក។
ឥស្សរជននយោបាយខ្មែរដែលសេសសល់ពីស្លាប់ក្រោយរបបខ្មែរក្រហម បានចំណាយពេលដ៏ច្រើន ទម្រាំខ្មែរគ្រប់ភាគីបានជួបជុំចរចាគ្នា ដើម្បីពន្លត់ភ្លើងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ហើយជំរុញឲ្យប្រទេសមួយនេះមានឯកភាពជាតិ មានរដ្ឋធម្មនុញ្ញមួយច្បាស់លាស់សម្រាប់ជាតិ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នេះ។
ប្រធានគណៈកម្មាធិការពង្រឹងវិស័យច្បាប់ ដើម្បីការពារសិទ្ធិមនុស្សនៅកម្ពុជា លោកបណ្ឌិត ហ៊ាង ឫទ្ធី មានប្រសាសន៍ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានធានាឲ្យកម្ពុជា មានឯកភាពជាតិ ព្រមទាំងរដ្ឋធម្មនុញ្ញដែលជាស្នាព្រះហស្ដរបស់អតីតព្រះមហាក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ រួមជាមួយឥស្សរជនជាន់ខ្ពស់ដទៃទៀតនោះ ត្រូវបានអ្នកនយោបាយដុះស្នឹម នាំគ្នារំលោភជាបន្តបន្ទាប់គ្រប់ដំណាក់កាល ជាពិសេសនៅអាណត្តិទី៥ នេះតែម្តង។
លោកបន្តថា ភាពបែកបាក់របស់អ្នកនយោបាយខ្មែរ ដោយសារការស្រឡាញ់អំណាចជាងស្រឡាញ់ពលរដ្ឋ និងប្រទេសជាតិ ហើយក្រុមទាំងនោះបានលាក់មុខចំនួន ៤អាណត្តិកន្លងមកហើយ ឥឡូវបានបង្ហាញយ៉ាងច្បាស់នៅពេលនេះ។ ជាងនេះទៅទៀត ទិដ្ឋភាពទាំងអស់នេះបង្ហាញពីអនាគតរបស់កម្ពុជា នឹងឈានទៅរបបផ្តាច់ការ បើសិនពុំមានការជួយអន្តរាគមន៍ទប់ស្កាត់ពីសហគមន៍អន្តរជាតិបានទាន់ពេលទេនោះ។
ចំណែកអ្នកវិភាគឯករាជ្យមួយរូបទៀត លោក កែម ឡី ក៏មានទស្សនៈស្រដៀងគ្នានេះដែរ។ លោកថា កម្ពុជា មកដល់ដំណាក់ការនេះបានដើរដល់ផ្លូវបំបែកជាពីរ។ ទីមួយ ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យពេញលេញ និងទីពីរ ផ្លូវបំបែកទៅរកលទ្ធិកុម្មុយនីស្ត។ លោកថា ប្រជាពលរដ្ឋភាគច្រើនបានជ្រើសរើសដើរទៅរកលទ្ធិប្រជាធិបតេយ្យពេញលេញ ចំណែកអ្នកដឹកនាំរដ្ឋាភិបាលវិញ បានដើរទៅរកលទ្ធិកុម្មុយនីស្តយ៉ាងច្បាស់លាស់តែម្តង។
តែទោះយ៉ាងណា លោកបញ្ជាក់ថា ការបញ្ចប់របៀបគ្រប់គ្រងបែបប្រជាធិបតេយ្យនៅពេលនេះ គឺបញ្ចប់ត្រឹមតែប្រព័ន្ធនៃរបៀបគ្រប់គ្រងរបស់អ្នកដឹកនាំក្បាលម៉ាស៊ីនប៉ុណ្ណោះ ចំណែកប្រជាពលរដ្ឋនៅតែប្រឹងឈរនៅលើផ្លូវប្រជាធិបតេយ្យដដែល និងចង់បានឲ្យមានសេរីភាពពេញលេញ ស្ថិតក្នុងសហគមន៍របស់ខ្លួន។
ប៉ុន្តែ ការលើកឡើងទាំងឡាយណាពីសង្គមស៊ីវិល និងអ្នកវិភាគបញ្ហាសង្គម ដែលផ្ទុយពីទស្សនៈ និងសកម្មភាពរបស់រដ្ឋាភិបាល ត្រូវបានបដិសេធ និងចោទប្រកាន់ឲ្យជាប់បទល្មើសផ្សេងៗ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន។ លោកបញ្ជាក់ថា រដ្ឋាភិបាលនៅតែដើរលើផ្លូវលទ្ធិប្រជាធិបតេយ្យដដែល ដោយគោរពរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ ហើយចំពោះពាក្យថា មានប្រជាធិបតេយ្យ ឬមិនមាន មិនអាស្រ័យលើការបកស្រាយរបស់អ្នករិះគន់ ឬក្រុមម្ខាងធ្វើពហិការមិនចូលរួមក្នុងរដ្ឋសភា ឬរដ្ឋាភិបាលនោះទេ។
លោក កែម ឡី មានប្រសាសន៍ថា ទ្រឹស្ដីឯកភាព ឬប្រជាធិបតេយ្យរបស់ប្រទេសកុម្មុយនីស្ត គឺមានន័យថា ប្រជាពលរដ្ឋត្រូវរស់នៅក្នុងទ្រុង ក្នុងការបង្គាប់បញ្ជា រស់នៅក្នុងស្ថានភាពភ័យខ្លាច កុំរើបម្រាស់ កុំជជែកតវ៉ា កុំទាមទារសេរីភាពអ្វីទាំងអស់។
លោកបន្តថា ប្រទេសមួយរស់នៅក្នុងសភាពបែបនេះ គឺធ្វើឲ្យប្រទេសជាតិ ជាពិសេសពលរដ្ឋងាយរងគ្រោះថ្នាក់ជាទីបំផុត។
បញ្ហាប្រឈមចំពោះមុខសម្រាប់ជាតិនោះ គឺការហ៊ុមព័ទ្ធសេដ្ឋកិច្ច ទាំងការមិនទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ឬអាចមានសង្គ្រាមត្រជាក់កើតឡើង ដោយសារវិបត្តិសង្គម វិបត្តិនយោបាយ វិបត្តិសេដ្ឋកិច្ចច្របូកច្របល់បញ្ចូលគ្នា បើសិនគ្រប់ភាគីនៃបក្សនយោបាយ ពុំមានការឯកភាពគ្នា ដោយសភា ឬរដ្ឋាភិបាល នៅតែដើរដោយឯកបក្សនោះ៕
1 comment:
"If the nation unted, you can win over any enermy", but for khmer it is father aways from it.
Post a Comment