A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 30 June 2013

A biography of King Norodom Suramarit, Sihanouk's father ព្រះរាជ​ប្រវត្តិ សម្ដេច​ព្រះ​ នរោត្ដម សុរាម្រឹត

សម្ដេច ព្រះ នរោត្ដម សុរាម្រឹត (១៨៩៦-១៩៦០ )
ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត ស្ដេច ​ព្រះរាជ​សម្ភព នា​​ថ្ងៃ​ទី​០៦​ ខែ​មីនា​ គ.ស.​១៨៩៦ និង​ស្ដេច​សុវណ្ណគត​នា​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​១៩៦០ ក្នុង​ព្រះជន្ម​៦៤​វស្សា នៅ​ឯ​ព្រះ​បរម​រាជ​វាំង​ក្រុង​ចតុម្មុខ​មង្គល ក្នុង​ព្រះបរមនាម​ថា​​ព្រះករុណា​ «ព្រះ​​មហា​កាញ្ចន​កោដ្ឋ»។ ព្រះ​អង្គ​​ជា​ព្រះ​មហាក្ស័ត្រិយ៍​អង្គ​ទី​៦​​នៃ​ព្រះរាជ​អាណាចក្រ​កម្ពុជា​ឯករាជ្យ។
ព្រះរាជ​ប្រវត្តិ
សម្ដេច​ព្រះ​ នរោត្ដម សុរាម្រឹត ព្រះ ​អង្គ​ព្រះរាជ​សម្ភព​នា​​​ថ្ងៃ​សៅរ៍ ៨ រោច ខែ​ផល្គុណ ​ឆ្នាំ​មមែ ​សប្តស័ក ព.ស.២៤៣៨ ត្រូវនឹង​ថ្ងៃ​​ទី​០៦​ ខែ​មីនា​ គ.ស.​១៨៩៦ នា​ព្រះមហា​ប្រាសាទ​ខេមរិន្ទ្រ ព្រះ​បរម​រាជវាំង​ក្រុង​ភ្នំពេញ​ចតុម្មុខ​មង្គល។ ព្រះ​អង្គ​ ទ្រង់​ជា​ព្រះបុត្រា​នៃ​សម្ដេច​​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណឫទ្ធិ នរោត្ដម សុទ្ធារស និង​​សម្ដេច​ព្រះ​រាជ​អយ្យិកា ខត្តិយ​កល្យាណ៍​រាជ​សុតាភគវតី នរោត្ដម ផង៉ាង៉ាម
ការ​សិក្សា
ព្រះ​អង្គ​បាន​ចូល​សិក្សា​អក្សរសាស្ត្រ​ខ្មែរ​នៅ​ទី​សំណាក់​នួនមុនីរាម, សាលា François Garnier, អនុ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ នៅ​ភ្នំពេញ និង​នៅ​សាលា Lycée Chasseloup-Laubat នៃ​ឯ​ព្រៃ​នគរ។
 ការ​ចូល​បម្រើ​រាជការ
មុន​ពេល​ឡើង​គ្រង​រាជ្យ​ជា​ព្រះ​មហាក្ស័ត្រិយ៍​នៃ​ព្រះ​រាជអាណាចក្រ​កម្ពុជា ព្រះ​អង្គ​បាន​ធ្វើ​ជា​ទី​ប្រឹក្សា​ផ្ទាល់​នៃ​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ សិរីសុវត្ថិ ពី​ឆ្នាំ​១៩១៨ ដល់ ១៩២៥។ ពី​ឆ្នាំ​១៩២៧ ដល់ ១៩២៩ ព្រះ​អង្គ​បាន​ធ្វើ​ជា​ប្រធាន​តុលាការ​នៃ​ព្រះ​បរម​រាជ​វាំង។
 ព្រះ​យស
  • ១២ សីហា ១៩៣១ ព្រះ​អង្គ​បាន​ឡើង​ជា ស្ដេច​ក្រុម​ឃុន វិសុទ្ធ​ខត្តិយ​វរ្ម័ន
  • ២៥ មេសា ១៩៤១ ព្រះ​អង្គ​បាន​ឡើង​ជា សម្ដេច​ព្រះ​បរម​រាជ​វិសុទ្ធ​ខត្តិយ​វរ្ម័ន ជយ​មហារាជ បតមាសា
ការ​ឡើង​គ្រង​រាជ្យ
ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​ នរោត្ដម សុរាម្រឹត ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះករុណា ព្រះ​បាទ សម្ដេច​ព្រះនរោត្តម សីហនុ បន្ទាប់​ពី​ព្រះ​អង្គ​បាន​ដាក់​រាជ្យ​សម្បត្តិ​នា​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​១៩៥៥។

ពិធី​រាជាពិសេក បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ​នៃ​ព្រះ​បរម​រាជ​វាំង​ ចតុម្មុខ​ ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​១៩៥៥ ដោយ​ទ្រង់​មាន​ព្រះ​បរម​នាម​ថា៖ «ព្រះករុណា​ព្រះបាទ​ សម្ដេចព្រះ​ នរោត្ដម សុរាម្រឹត វិសុទ្ធ​មហា​ខត្តិយ​វង្ស វិសិដ្ឋ​ហរិពង្ស គុណា​តិរេក ធម្ម​ចរិយោត្ដម បរម​បពិត្រ ព្រះ​ចៅ​ព្រះរាជ​អាណាចក្រ​កម្ពុជា»
គ្រឿង​ឥស្សរិយយស
  • គ្រឿង​រាជ​ឥស្សរិយយស​នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ១៩៤១
  • មេដាយ​នានា​នៃ​រជ្ជកាល​ព្រះ​ករុណា​ព្រះ សិរីសុវត្ថិនិង​ព្រះ សិរីសុវត្ថិ មុនីវង្ស​ ថ្នាក់​ទី​១
  • គ្រឿង​រាជ​ឥស្សរិយយស​រាជវង្ស​ចក្រី នៃ​រាជ​អាណាចក្រ​ស្យាម
  • គ្រឿង​រាជ​ឥស្សរិយយស​ដំរី​រាប់​លាន និង​ដំរី​ស​នៃ​ព្រះ​រាជ​អាណាចក្រ​លាវ
  • គ្រឿង​រាជ​ឥស្សរិយយស​នៃ​ប្រទេស​អណ្ណាម
  • គ្រឿង​​ឥស្សរិយយស​អគ្គ​មហា​ធិរិ​ធោមា នៃ​ប្រទេស​ភូមា
  • គ្រឿង​​ឥស្សរិយយស​នៃ​ប្រទេស​វៀតណាម
  • គ្រឿង​​ឥស្សរិយយស Legion of Honour នៃ​ប្រទេស​បារាំង ១៩៣៩
រាជ​អភិសេក
ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​ នរោត្ដម សុរាម្រឹត ទ្រង់ ​បាន​រៀប​អភិសេក​ជាមួយ សម្ដេច​ព្រះមហាក្សត្រយានី ព្រះ​ស៊ីសុវត្ថិ មុនីវរ្ម័ន កុសុមនារីរតន៍ សិរីវឌ្ឍនា ដែល​ជា​ព្រះ​រាជ​បុត្រី​នៃ​ព្រះ​ករុណា ព្រះបាទ សម្ដេច​ព្រះ សិរីសុវត្ថិ មុនីវង្ស នៅ​ឯ​ប្រាសាទ​ខេមរិន្ទ្រ ព្រះ​បរមរាជវាំង​ក្រុង​ចតុម្មុខ នា​ឆ្នាំ​១៩២០។
ព្រះ​ករុណា ទាំង​ពីរ​ព្រះ​អង្គ​មាន​ព្រះ​រាជ​បុត្រ​មួយ​ព្រះ​អង្គ គឺ៖ ព្រះ​ករុណា ព្រះបាទ សម្ដេច​ព្រះ​ នរោត្ដម សីហនុ (ប្រសូត ៣១ តុលា ១៩២២)។
ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​ នរោត្ដម សុរាម្រឹត ទ្រង់​មាន​ព្រះ​ជាយា​ចំនួន​ពីរ​ព្រះ​អង្គ​ទៀត​គឺ៖
– អ្នក​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ដួង មធួរេត (ប្រសូត ១៨៩៦) (មិន​មាន​ព្រះ​រាជ​បុត្រ)
– ឃុន​ទេព​កញ្ញា​សោភា យ៉េប គឹមអាន (ប្រសូត ២៥ ឧសភា ១៩២៥) (មាន​ព្រះរាជ​បុត្រ​ចំនួន​បី​ព្រះ​អង្គ​)
  1. ព្រះ​អង្គ​ម្ចាស់ នរោត្ដម វេជ្ជរ៉ា (ប្រសូត ១៧ សីហា ១៩៤៦)
  2. ស្ដេច​ក្រុម​ឃុន នរោត្ដម សិរីវុឌ្ឍ (ប្រសូត ០៨ មិថុនា ១៩៥១)
  3. ព្រះ​អង្គ​ម្ចាស់ នរោត្ដម ប្រៃយ៉ាសុភណ្ឌ (ប្រសូត ១៨ វិច្ឆិកា ១៩៥៤)
 សុវណ្ណគត
ព្រះបាទ សម្ដេច​ព្រះ​ នរោត្ដម សុរាម្រឹត ទ្រង់ ​ព្រះ​សុវណ្ណគត​នា​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​១៩៦០ ក្នុង​ព្រះ​ជន្ម​៦៤​ព្រះ​វស្សា។ ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​អង្គ​ត្រូវ​បាន​ប្រារព្ធ​យ៉ាង​អធិក​ អធម​តាម​បូរាណ​រាជ​បវេណី​នៃ​ព្រះ​មហាក្សត្រិយ៍​ខ្មែរ ដោយ​ប្រារព្ធ​ចាប់​ពី​ថ្ងៃ​សៅរ៍ ១៣​រោច ខែ​ស្រាពណ៍ ដល់​ថ្ងៃ​សៅរ៍ ៦​កើត ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព.ស.​២៥០៣ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ដល់​២៧ ខែ​សីហា គ.ស.​១៩៦០។
តាម​រូប​ភាព​ឯកសារ​មួយ​ចំនួន យើង​ឃើញ​ថា ព្រះរាជ​ពិធី​​ព្រះ​បរម​សព​ព្រះ​អង្គ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​គន្លង​រាជ​ បវេណី​បុរាណ​រៀង​មក ស័ក្ដិសម​ព្រះកិត្តិយស​ជា​ស្ដេច​ផែន​ដី ដោយ​មាន​ពិធី​ដង្ហែ​ព្រះ​កោដ្ឋ​ព្រះ​បរម​សព​ទៅ​ដាក់​នៅ​ទី​ព្រះមេរុ ដើម្បី​ធ្វើ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ជា​ដើម។
ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត ទ្រង់​មាន​ព្រះ​បរមមរណនាម​ថា​ ព្រះ​​មហា​កាញ្ចន​កោដ្ឋ”៕

2 comments:

Anonymous said...

He did nothing to protect khmer territory, nor the benefit for khmer people. So sad and so ashamed.

Anonymous said...

3:06 am, you know nothing. He was the one who issued a letter of protest against the ceding of Koh Tral to Vietnam, whereas your hero-traitor Hun Sen was the one who officially gave Koh Tral to Vietnam under the 1985 treaty that he signed with Vietnamese FM Nguyen Co Thach.