A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 29 March 2013

Civil society criticise the government for threatening Radio Free Asia សង្គម​ស៊ីវិល​រិះគន់​ការ​គំរាម​របស់​រដ្ឋាភិបាល​លើ​វិទ្យុ​អាស៊ីសេរី

Civil society criticise the government for threatening Radio Free Asia.
 
មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​មក​ពី​ស្ថាប័ន​បី​ផ្សេង​គ្នា ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា ដើម្បី​ច្រាន​ចោល​ការ​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី២៧ មីនា ដែល​ផ្សាយ​ពី "ពលរដ្ឋ​តាម​ព្រំដែន​ចោទ​ទាហាន​ថៃ​ថា​រំលោភ​យក​ទឹកដី​ខ្មែរ"។
ដោយ វណ្ណ វិចារ
2013-03-29
ឈុំ សុជាតិ ៣០៥
មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ច្រាន​ចោល​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ​២០១៣។
RFA/Vann Vicha
រូបភាព វីដេអូ និង​ព័ត៌មាន​ផ្សេងៗ​ទៀត ទាក់ទង​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ
នៅ​ក្នុង​សន្និសីទ​កាសែត ក្រុម​មន្ត្រី​ទាំង​នោះ​គំរាម​ថា នឹង​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់ បើ​សិន​ជា​អ្នក​សារព័ត៌មាន​ណា​ហ៊ាន​ផ្សាយ​ព័ត៌មាន​ដែល​ថា ថៃ រំលោភ​យក​ដី​ខ្មែរ​នៅ​តំបន់​ព្រំដែន​នោះ ដោយ​ចាត់​ទុក​ថា​ការ​ផ្សាយ​នោះ​ជា​ការ​បំពុល​បរិយាកាស​នៅ​តំបន់​តាម​ព្រំដែន និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បញ្ហា​សន្តិសុខ​ជាតិ។ ប៉ុន្តែ​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ការ​គំរាម​នេះ ជា​ការ​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា។
មន្ត្រី​ជាន់​ខ្ពស់​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ ប្រកាស​រួម​គ្នា​ថា រឿងរ៉ាវ​ព្រំដែន​ជា​រឿង​រសើប ហើយ​បញ្ហា​ព្រំដែន​មិន​អាច​អ្នក​គ្រប់​គ្នា​ចេះ​តែ​មាន​សិទ្ធិ​សេរីភាព​ បញ្ចេញ​យោបល់ ឬ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ទេ ដោយ​បញ្ហា​នេះ​ពាក់ព័ន្ធ​នឹង​រឿង​សន្តិសុខ​ជាតិ។ ប៉ុន្តែ ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ការ​ព្រមាន​នេះ​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​ទទួល​យក​ព័ត៌មាន និង​គាប​សង្កត់​សារព័ត៌មាន​ឯករាជ្យ។
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) និង​ជា​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ការ​ហាមប្រាម​របស់​រដ្ឋាភិបាល​នេះ ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​បំពេញ​ការងារ​របស់​សារព័ត៌មាន​ឯករាជ្យ។ លោក​បន្ត​ថា រាជ​រដ្ឋាភិបាល​នៅ​តែ​មាន​ភាព​រឹតត្បិត​សេរីភាព​សារព័ត៌មាន និង​បញ្ចេញ​មតិ ហើយ​ព្យាយាម​បំបិទ​មាត់​អ្នក​ដែល​ហ៊ាន​និយាយ​ពី​ចំណុច​អសកម្ម​ទាំង​ឡាយ​របស់ ​រដ្ឋាភិបាល។
លោក​បញ្ជាក់​ថា ការ​រាយការណ៍​ព័ត៌មាន​ដែល​ប៉ះពាល់​ផល​ប្រយោជន៍​គណបក្ស​កាន់​អំណាច នឹង​ត្រូវ​គំរាម​កំហែង​តាម​គ្រប់​រូបភាព៖ «ខ្ញុំ ​ស្តែកស្តោក​ណាស់ ពួក​គាត់​មិន​ព្រម​ដោះស្រាយ​បញ្ហា បែរ​ជា​បិទ​មាត់​អ្នក​និយាយ​ទៅ​វិញ។ យើង​នៅ​បន្ត​សោកស្ដាយ​នៅ​ឡើយ។ រឿង​សេរីភាព​សារព័ត៌មាន​នោះ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​គ្មាន​សិទ្ធិ​និយាយ​ថា កន្លែង​ណា​ដែល​និយាយ​បាន​កន្លែង​ណា​ដែល​និយាយ​មិន​បាន​ទេ​តែ​មាន​ច្បាប់»

ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី២៨ មីនា មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ទទូច​ស្នើ​ឲ្យ​វិទ្យុ​អាស៊ីសេរី បញ្ឈប់​ការ​ផ្សាយ​ព័ត៌មាន​ទាំង​ឡាយ​ដែល​លើក​ឡើង​ពី​ទស្សនៈ​នានា​ជុំវិញ​ ស្ថានការណ៍​ព្រំដែន ដោយ​លោក​ចាត់​ទុក​ថា ការ​ផ្សាយ​ទាំង​នេះ ជា​អំពើ​បង្ក​អសន្តិសុខ និង​ស្ថិរភាព​សង្គម។ លោក​បន្ត​ថា ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី បាន​ធ្វើ​ការ​ផ្សាយ​ព័ត៌មាន​បំផុស​ពី​ស្ថានការណ៍​ព្រំដែន​កម្ពុជា និង​ប្រទេស​ជិត​ខាង នាំ​ឲ្យ​ពលរដ្ឋ​យល់​ច្រឡំ ពិសេស​កងទ័ព​បាក់​ទឹក​ចិត្ត។
មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ បញ្ចេញ​ប្រតិកម្ម​ច្រាន​ចោល​ចំពោះ​មតិ​ប្រជាពលរដ្ឋ​នៅ​សំឡូត ដែល​លើក​ឡើង​ថា ដី​ខ្មែរ​តាម​ព្រំដែន​ក្នុង​ស្រុក​សំឡូត ដែល​កងទ័ព​ខ្មែរ​ក្រហម​គ្រប់គ្រង​ចន្លោះ​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៦ ត្រូវ​ថៃ រំលោភ​យក​មិន​តិច​ជាង ១០​គីឡូម៉ែត្រ។ លោក​បន្ត​ថា ដី​ខ្មែរ​មិន​មាន​បាត់បង់​ឡើយ សូម្បី​តែ​១​មិល្លីម៉ែត្រ ដោយសារ​ការ​ការពារ​ដ៏​រឹងមាំ​របស់​កងទ័ព​កម្ពុជា៖ «ហ៊ាន​ពលី​ជីវិត ដាច់​ខាត​មិន​ឲ្យ​បរទេស​ណា​ចូល​ឈ្លាន​ពាន​បាន​ទេ សូម្បី​តែ​១​មិល្លីម៉ែត្រ ហើយ​សូម​បដិសេធ​ព័ត៌មាន​ដែល​ផ្សាយ​នេះ»
ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន ក្រសួង​មហាផ្ទៃ លោក ហ៊ូ សុគុណ មាន​ប្រសាសន៍​ថា កម្ពុជា មិន​បាត់​ទឹកដី​ទៅ​ប្រទេស​ជិត​ខាង​ទេ ព្រោះ​កម្លាំង​នគរបាល​ខិតខំ​ការពារ​ព្រំដែន​បាន​ល្អ​ណាស់ ហើយ​លោក​មិន​អាច​ទទួល​យក​បាន​នូវ​ការ​លើក​ឡើង​ពី​ការ​បាត់​បង់​ទឹក​ដី​បាន​ ឡើយ។
រីឯ​អនុប្រធាន​កិច្ចការ​ចម្រុះ​ព្រំដែន អ្នកស្រី កុយ ពិសី ក៏​បាន​ច្រាន​ចោល​ទស្សនៈ​របស់​អ្នក​វិភាគ​បញ្ហា​សង្គម ជុំវិញ​ការ​អនុវត្ត​ការងារ​របស់​ក្រុម​មន្ត្រី​រាជ​រដ្ឋាភិបាល​ដែរ។ អ្នកស្រី​បន្ត​ថា បង្គោល​ព្រំដែន​កម្ពុជា មិន​ត្រូវ​បោះ​សារ​ជា​ថ្មី​ទេ តែ​ត្រូវ​រួម​គ្នា​រុករក​បង្គោល​ចាស់​ដែល​សល់​ពី​សម័យ​អាណានិគម ដូច​នេះ​កម្ពុជា នឹង​មិន​បាត់​បង់​ដី​ទៅ​ភាគី​ថៃ នោះ​ទ៖ «តើ​លោក​និយាយ​ ស្រាវជ្រាវ​ឯករាជ្យ​ហ្នឹង និយាយ​ឲ្យ​តែ​បាន​ឮ ថា​ខ្លួន​ចេះ​ដឹង​ពី​រឿង​ព្រំដែន ចំពោះ​អ្នក​ដែល​ធ្វើ​ព្រំដែន​មិន​ឲ្យ​តម្លៃ​ទេ អ្នក​និយាយ​នោះ​គឺ​វាយ​ប្រហារ​ទៅ​លើ​រដ្ឋាភិបាល​ដោយ​គ្មាន​ភស្តុតាង»
កុយ ពិសី ៦១០
អនុប្រធាន​កិច្ចការ​ ចម្រុះ​ព្រំដែន អ្នកស្រី កុយ ពិសី និង​មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន (ស្ដាំ) ថ្លែង​ក្នុង​សន្និសីទ​កាសែត​ច្រាន​ចោល​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ​២០១៣។ RFA/Vann Vicha
បើ​ទោះ​បី​ក្រុម​មន្ត្រី​លើក​ឡើង​ពី​ការ​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​ អាស៊ីសេរី ថា ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ក៏ដោយ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​មិន​ព្រម​ពន្យល់​ឲ្យ​ច្បាស់​ថា អ្វី​ខ្លះ​ទៅ​ជា​ចំណុច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​អ្វី​ដែល​ពលរដ្ឋ ឬ​អ្នក​សារព័ត៌មាន​មិន​គួរ​ដឹង មិន​គួរ​និយាយ​ពី​បញ្ហា​ព្រំដែន ឬ​អធិបតេយ្យ​ជាតិ​របស់​ប្រទេស​ខ្លួន​នោះ​ឡើយ។
លោក ផៃ ស៊ីផាន បាន​ព្យាយាម​ឆ្លើយ​បង្វែង​ចេញ​ពី​សំណួរ​របស់​អ្នក​កាសែត ដោយ​ភ្ជាប់​ទៅ​បញ្ហា​ផ្សេង៖ «ជម្រាប ​សួរ​ឯកឧត្តម តើ​ពលរដ្ឋ​មាន​សិទ្ធិ​ដឹង​ព័ត៌មាន​អ្វី​ខ្លះ​ពី​បញ្ហា​ព្រំដែន? ហើយ​អ្វី​ខ្លះ​ជា​ព័ត៌មាន​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ? ចម្លើយ​លោក ផៃ ស៊ីផាន៖ តាម​ធម្មតា បើ​សិន​អាជីព គេ​មិន​ឲ្យ​ទៅ​ប៉ះ​កន្លែង​ហ្នឹង​ទេ ខ្ញុំ​និយាយ​ហើយ​និយាយ​ទៀត សន្តិសុខ​ជាតិ បើ​សិន​ជា​ពលរដ្ឋ​ម្នាក់​ប្រាប់​ក្មួយ​ឯង​ថា​ម្តាយ​ក្មួយ​នៅ​ក្រមុំ តើ​ក្មួយ​ឯង​អាច​និយាយ​ប្រាប់​សាធារណជន​បាន​ទេ?»
ទោះ​ជា​យ៉ាង​ណា​ក្តី សមាជិក​គណៈកម្មាធិការ​នាយក​របស់​ក្លឹប​អ្នក​កាសែត​កម្ពុជា និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​សីលធម៌​អ្នក​សារព័ត៌មាន​កម្ពុជា លោក ពុយ គា បាន​មាន​ប្រសាសន៍​ថា អ្នក​កាសែត​មាន​ច្បាប់​មួយ ដូច្នេះ​លោក​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​អ្នក​សារព័ត៌មាន​វិញ ជា​ជាង​ការ​ប្ដឹង​ទៅ​តុលាការ។ លោក​បន្ត​ថា អត្ថបទ​ដែល​វិទ្យុ​អាស៊ីសេរី ផ្សាយ មិន​ទាស់​ខុស​អ្វី​ទេ តែ​អត្ថបទ​នេះ​ទំនង​ជា​អ្នក​សារព័ត៌មាន​ពិបាក​ទាក់ទង​មន្ត្រី​រាជ​ រដ្ឋាភិបាល ដើម្បី​ធ្វើ​ការ​បកស្រាយ​ពន្យល់​ឲ្យ​បាន​ច្បាស់។ លោក​បញ្ជាក់​ថា ការ​សម្រេច​ប្ដឹង​អ្នក​សារព័ត៌មាន វា​មិន​មាន​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ ឬ​សង្គម​ប្រជាធិបតេយ្យ​ទេ៖ «បើ ​សិន​ជា​មាន​វិធានការ​ផ្លូវ​ច្បាប់​ប្ដឹង​ទៅ​តុលាការ វា​ក្តៅ អីចឹង​យើង​គួរ​ពិនិត្យ​មើល​ឡើង​វិញ​ពី​ការ​រក្សា​កេរ្តិ៍​ឈ្មោះ​ប្រទេស​យើង ការ​ប្ដឹង​អ្នក​សារព័ត៌មាន​ប៉ះពាល់​ដល់​កិត្តិយស​នៃ​ប្រទេស»
ទាក់ទង​នឹង​ការ​ផ្សាយ​ព័ត៌មាន​នេះ រាជ​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី២ ខែ​មីនា ឆ្នាំ​២០១២ បាន​សម្រេច​បិទ​មិន​ឲ្យ​វិទ្យុ​ក្នុង​ស្រុក​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​ វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​ឯករាជ្យ​មួយ​ចំនួន​រួច​ទៅ​ហើយ ក្នុង​ហេតុផល​ថា ការពារ​មិន​ឲ្យ​ចលាចល​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់។ ការ​បិទ​កម្មវិធី​ទាំង​នោះ នាំ​ឲ្យ​មាន​ការ​រិះគន់​ជា​ខ្លាំង​ពី​សំណាក់​សង្គម​ស៊ីវិល និង​អង្គភាព​សារព័ត៌មាន។ កាល​ពី​ទើប​នឹង​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ក៏​បាន​កោះ​ហៅ​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក ​វីអូអេ (VOA) ដើម្បី​ព្រមាន​ពី​ការ​ផ្សាយ​ព័ត៌មាន​ដែរ។ តែ​វិទ្យុ​ទាំង​ពីរ​ក៏​មិន​បាន​ប្ដូរ​ជំហរ ឬ​បន្ទន់​ឥរិយាបថ​ចំពោះ​បញ្ហា​នេះ​ទេ។ នៅ​ដើម​ឆ្នាំ​២០១៣ នេះ វិទ្យុ​អាស៊ីសេរី ក៏​បាន​ផ្សាយ​ព័ត៌មាន​មួយ​ពី​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​របស់​កង​ការពារ​ ព្រំដែន តែ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​ចាត់​ទុក​ថា នេះ​ជា​ព័ត៌មាន​សន្តិសុខ​ផ្ទៃក្នុង​ប្រទេស​ជាតិ ដែល​គួរ​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឡើយ។
របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៣ របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន បង្ហាញ​ថា កម្ពុជា ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី១៤៣ ក្នុង​ចំណោម ១៧៩​ប្រទេស ផ្នែក​ខាង​សេរីភាព​សារព័ត៌មាន។ កម្ពុជា បាន​កើន​លេខ​រៀង​២៦ ដោយ​កាល​ពី​ឆ្នាំ​២០១២ អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន បាន​វាយ​តម្លៃ​ថា កម្ពុជា ស្ថិត​នៅ​លេខ​១១៧។ ការ​វាយ​តម្លៃ​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន បាន​ដាក់​ពិន្ទុ​ចាប់​ពី​លេខ​សូន្យ ដល់ ១០០ បើ​ប្រទេស​ណា​ទទួល​បាន​លេខ​តិច គឺ​ជា​ប្រទេស​ដែល​មាន​សេរីភាព​សារព័ត៌មាន​ល្អ​ប្រសើរ។
អ្នក​តាម​ដាន​បញ្ហា​សង្គម មើល​ឃើញ​ថា ក្រុម​មន្ត្រី​មិន​បាន​បើក​ចំហ​ព័ត៌មាន​នោះ​ឡើយ ដោយ​ព័ត៌មាន​ភាគ​ច្រើន​ត្រូវ​បាន​ចាត់​ទុក​ជា​ការ​សម្ងាត់ ហើយ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ក៏​ត្រូវ​ជាប់​គាំង​ទៀត។ ចំពោះ​ព័ត៌មាន​សន្តិសុខ​ជាតិ​វិញ មិន​មាន​ច្បាប់​ណា​មួយ​ចែង​ថា អ្វី​ខ្លះ​ជា​ការ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ឡើយ។ អ្នក​ច្បាប់​បង្ហាញ​ថា ព័ត៌មាន​សន្តិសុខ​ជាតិ អាច​ជា​ព័ត៌មាន​ពី​ចំនួន​ទ័ព សព្វាវុធ សម្ភារៈ​សឹក ទីតាំង​ឈរ​ជើង​របស់​ទ័ព ផែនទី​កងទ័ព ឬ​យុទ្ធសាស្ត្រ​ទ័ព ការ​ចល័ត​ទ័ព​ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

YES, YES SUE RFA 1 FOR ALL,

Anonymous said...

Why they always suing for criticizing them?