សាលាក្រុងព្រមានបក្សប្រឆាំងពីការប្រកាសចូលរួមក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ
ដោយ អ៊ុង សេរីវុទ្ធ
2016-08-12
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងទៅកាន់អ្នកគាំទ្រ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។
Photo: RFA
សាលារាជធានីភ្នំពេញហាមគណបក្សសង្គ្រោះជាតិ មិនឲ្យចូលរួមយុទ្ធនាការថ្ងៃច័ន្ទខ្មៅ ដោយចាត់ទុកសកម្មភាពរបស់បក្សប្រឆាំងថា អាចជាការបង្កចលាចលក្នុងសង្គម។
គណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី៨ ខែសីហា បានប្រកាសចូលរួមយុទ្ធនាការពណ៌ខ្មៅ ដើម្បីតស៊ូមតិឲ្យដោះលែងសកម្មជននយោបាយ មន្ត្រីសិទ្ធិមនុស្សដែលកំពុងជាប់ឃុំ។
លិខិតសាលារាជធានីភ្នំពេញ ចុះនៅថ្ងៃទី១២ សីហា ស្នើដល់គណបក្សសង្គ្រោះជាតិ ឲ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពពាក់ព័ន្ធនឹងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដោយសាលាក្រុងចាត់ទុកការប្រកាសចូលរួមរបស់បក្សប្រឆាំងនេះ គឺជាការបំផុស ញុះញង់ កៀរគរកម្លាំងអង្គការក្រៅរដ្ឋាភិបាល និងពលរដ្ឋ ដែលជាទង្វើខុសច្បាប់ បង្កចលាចលក្នុងសង្គម និងផ្ទុយពីការណែនាំរបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល។
បន្ថែមពីនេះសាលាក្រុងបញ្ជាក់ថា បើបក្សប្រឆាំងនៅតែបន្តសកម្មភាពនេះ គណបក្សត្រូវទទួលខុសត្រូវមុខច្បាប់ជាធរមាន។
ឆ្លើយតបនឹងការហាមប្រាមនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បញ្ជាក់ថា គណបក្សមិនធ្វើសកម្មភាពដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈទេ។ លោកចោទសួរតបទៅវិញថា គ្រាន់តែនៅក្នុងទីស្នាក់ការ ហើយពាក់អាវពណ៌ខ្មៅ ឬអ្នកណាចង់ពាក់អាវពណ៌ស ពណ៌ក្រហមជាដើម ជាទង្វើខុសច្បាប់ដែរឬយ៉ាងណា?៖ «ខ្ញុំគ្រាន់តែជូនថា ឥឡូវហ្នឹងសកម្មភាពទាំងឡាយណា ដែលយើងធ្វើ ដូចថាអ្នកណាចង់មានសមានចិត្ត សម្ដែងការមិនពេញចិត្តអី ឬយើងចង់ធ្វើសកម្មភាពអីយ៉ាងម៉េច គឺការធ្វើហ្នឹង នៅក្នុងទីស្នាក់ការបក្សសង្គ្រោះជាតិនៅចាក់អង្រែទេ។ វាមិនប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនៅខាងក្រៅ ដែលធ្វើឲ្យមានការព្រួយបារម្ភដល់អាជ្ញាធរមានសមត្ថកិច្ចនៅភ្នំពេញ ដូច្នេះសមត្ថកិច្ចកុំព្រួយបារម្ភ»។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ធ្លាប់ឲ្យអាស៊ីសេរី ដឹងថា បក្សប្រឆាំងនឹងចូលរួមយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដោយប្រមូលផ្តុំនៅទីស្នាក់ការកណ្ដាលគណបក្ស និងមានការថ្លែងសារជាដើម៕
No comments:
Post a Comment