A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Saturday, 13 August 2016
អាជ្ញាធរខេត្តកំពង់ធំព្រមានចាត់វិធានការចំពោះមន្ត្រីណាដែលបណ្ដោយឱ្យមានបទល្មើសព្រៃឈើ
ដោយ សូត សុខប្រាថ្នា
2016-08-13 rfa
ប្រជាសហគមន៍ព្រៃឡង់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ចុះល្បាតព្រៃនៅក្នុងតំបន់ព្រៃឡង់ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦។ រូបថតសហគមន៍ព្រៃឡង់
រូបថតសហគមន៍ព្រៃឡង់
អាជ្ញាធរខេត្តកំពង់ធំ ព្រមានចាត់វិធានចំពោះមន្ត្រីពាក់ព័ន្ធមួយចំនួនដែលធ្វេសប្រហែសបណ្ដោយឱ្យសកម្មភាពកាប់បំផ្លាញព្រៃឈើ និងការដឹកជញ្ជូនឈើនៅតែបន្តកើតមាន។ វិធានការទាំងនោះ គឺត្រូវពិន័យរដ្ឋបាល ឬត្រូវអនុវត្តតាមច្បាប់តែម្ដង ពិសេសចំពោះមន្ត្រីទាំងឡាយណាដែលរកឃើញថា បានឃុបឃិតគ្នាជាមួយក្រុមឈ្មួញ។ ទោះជាយ៉ាងនេះក្ដី មន្ត្រីសហគមន៍ការពារព្រៃឡង់ មិនមានជំនឿចំពោះវិធានការនេះឡើយ។
អាជ្ញាធរខេត្តកំពង់ធំ បានដាក់បទបញ្ជាទៅគ្រប់គណៈបញ្ជាការឯកភាពស្រុក និងមន្ត្រីជំនាញដែលពាក់ព័ន្ធឱ្យត្រួតពិនិត្យលើការងាររបស់ខ្លួនឡើងវិញ ដោយមិនត្រូវធ្វេសប្រហែស ឬឃុបឃិតជាមួយក្រុមជនល្មើសកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានដីព្រៃដោយខុសច្បាប់ និងសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់មួយចំនួននៅក្នុងខេត្តកំពង់ធំ ពិសេសចេញពីតំបន់ព្រៃឡង់។ ការបញ្ជាក់ជំហរបែបនេះធ្វើឡើងក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពខេត្ត និងស្ថាប័នពាក់ព័ន្ធចំពោះការត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសព្រៃឈើកាលពីថ្ងៃទី៨ ខែសីហា។
អ្នកនាំពាក្យសាលាខេត្តកំពង់ធំ លោក គង់ វិមាន មានប្រសាសន៍នៅថ្ងៃទី១១ ខែសីហាថា នេះជាការព្រមានចុងក្រោយចំពោះមន្ត្រីពាក់ព័ន្ធទាំងអស់ឱ្យយកចិត្តទុកដាក់លើការងាររបស់ខ្លួន ដោយមិនត្រូវធ្វេសប្រហែស ឬឃុបឃិតជាមួយក្រុមជនល្មើសឡើយ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តនឹងចាត់វិធានការលើមន្ត្រីពាក់ព័ន្ធទាំងនោះ ហើយដាក់ទោសទណ្ឌតាមច្បាប់តែម្ដង៖ «បើសិនជាជំនាញមិនបានយកចិត្តទុកដាក់ទេ ឯកឧត្ដមអភិបាលខេត្តនឹងបង្ក្រាបមន្ត្រីពាក់ព័ន្ធ។ បាទ! នេះជាប្រសាសន៍របស់ឯកឧត្ដមអភិបាលខេត្ត ហើយលោកនឹងមិនយោគយល់ទៀតទេ»។
លោកឱ្យដឹងទៀតថា អាជ្ញាធរនឹងដាក់បណ្ដាញ ឬក្រុមចល័តដើម្បីតាមដានសកម្មភាពអនុវត្តន៍ច្បាប់របស់មន្ត្រីពាក់ព័ន្ធ ព្រមទាំងសហការជាមួយពលរដ្ឋដើម្បីរាយការណ៍មកថ្នាក់ខេត្តផ្ទាល់តែម្ដងលើករណីបទល្មើសព្រៃឈើដែលបានកើតមានឡើង។
កាលពីខែកក្កដា កម្មករអារឈើនៅតំបន់ព្រៃឡង់ ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ ម្នាក់ឱ្យដឹងថា ប្រពន្ធនិងកូនៗរបស់អធិការស្រុកសណ្ដាន់ គឺលោក អួង ម៉ូលី គឺជាមេខ្លោងដែលជួលពលរដ្ឋទៅកាប់ឈើនៅតំបន់ព្រៃមួយនេះ។ សកម្មភាពនេះធ្វើឡើងជាប្រព័ន្ធ ដោយពួកគាត់អះអាងថា ក្រុមគ្រួសារអធិការស្រុករូបនេះ បានបង់ប្រាក់ប្រចាំខែមួយចំនួនទៅស្ថាប័នពាក់ព័ន្ធជាថ្នូរការចូលទៅកាប់ និងដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់ ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានលោក អ៊ួង ម៉ូលី ទាត់ចោលដោយលើកឡើងថា ជាការបង្ខូចកិត្តិយសក្រុមគ្រួសាររបស់លោកទៅវិញ។
សកម្មជនការពារព្រៃឡង់ នៅស្រុកសណ្ដាន់ ម្នាក់ លោក ជុំ យីន ឱ្យដឹងថា ក្រោយពេលរាជរដ្ឋាភិបាលដាក់តំបន់ព្រៃឡង់ ជាព្រៃជម្រកសត្វ ឬជាព្រៃការពារកាលពីដើមខែឧសភា បទល្មើសមួយចំនួនបានថយចុះ ប៉ុន្តែបច្ចុប្បន្នសកម្មភាពបទល្មើសបានកើតឡើងវិញដដែល។ លោកបារម្ភថា ប្រសិនអាជ្ញាធរបណ្ដោយឱ្យបទល្មើសនៅតែកើតឡើងបន្តទៀត តំបន់ព្រៃអភិរក្សមួយនេះនឹងមានតែឈ្មោះប៉ុណ្ណោះ៖ «កាលដំបូងឡើយ យើងសប្បាយចិត្តជាមួយមន្ត្រីអនុរក្សក្នុងការការពារ និងថែរក្សាបានល្អ ប៉ុន្តែចុងក្រោយយើងសោកស្ដាយខ្លាំងបំផុត»។
កាលពីដើមខែឧសភា រាជរដ្ឋាភិបាលសម្រេចដាក់បញ្ចូលតំបន់ព្រៃឡង់ ទាំង ៤ខេត្ត រួមមានខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និង ខេត្តស្ទឹងត្រែង លើទំហំដីជាង ៤០ម៉ឺនហិកតារជាតំបន់ព្រៃជម្រកសត្វ។
ទោះបីយ៉ាងណាក៏ដោយ អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្ដាញសហគមន៍ព្រៃឡង់ លោក សេង សុខហេង គឺមិនមានជំនឿទៅលើវិធានការរបស់អាជ្ញាធរខេត្តកំពង់ធំ ឡើយ ពីព្រោះកន្លងមកវិធានការរបស់អាជ្ញាធរ និងរាជរដ្ឋាភិបាលរាប់មិនអស់ ប៉ុន្តែបទល្មើសនៅតែអាចដំណើរការបានយ៉ាងល្អដដែល៖ «សូម្បីតែកន្លងមកយើងឃើញថ្នាក់រដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីគាត់ព្រមានតែមិនដែលឃើញធ្វើបានផង ធ្វើតែមួយក្ដាំង ធ្វើបានតែតូចតាចអ៊ីចឹងទៅ»។
លោកយល់ថា ដើម្បីឱ្យសារព្រមានចាត់វិធានការរបស់មន្ត្រីរាជរដ្ឋាភិបាលមានប្រសិទ្ធភាព ពួកគេត្រូវអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ហើយត្រូវដកតួនាទីមន្ត្រីណាដែលធ្វើការមិនកើត ព្រមទាំងត្រូវដាក់ទោសទណ្ឌដល់មន្ត្រីរបស់ខ្លួនដែលពាក់ព័ន្ធបទល្មើសព្រៃឈើ។ ជាងនេះទៀត រដ្ឋត្រូវផ្ដល់សិទ្ធិអំណាចដល់ប្រជាសហគមន៍ការពារព្រៃឈើ និងត្រូវលុបបំបាត់រាល់ទម្រង់អំពើពុករលួយជាដើម៕
Subscribe to:
Post Comments (Atom)
1 comment:
Ah Kwack Hun Sen and his CPP ministers are needed to be destroyed by the majority of Khmer people around the country.
Post a Comment