ដោយ សាន សែល
2016-08-13 rfa
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សាកល្បងចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ នៅសង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥។ RFA/Rann Samnang
RFA/Rann Samnang
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងនៅក្នុងវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មាននៅថ្ងៃទី១២ ខែសីហា ថា ជនណាក៏ដោយ មិនថាជនបរទេស ឲ្យតែមានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ពិសេសមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺអាចមានសិទ្ធិចុះឈ្មោះបោះឆ្នោតបាន។
មន្ត្រីផ្នែកអង្កេតនៃគណៈកម្មាធិការដើម្បីបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel) លោក ស៊ិន ទិត្យសីហា យល់ស្របនឹងការលើកឡើងនេះ។ លោកពន្យល់ថា បើតាមនីតិវិធីចុះឈ្មោះបោះឆ្នោត ក្រុមចុះឈ្មោះបោះឆ្នោតមិនមានភារកិច្ចត្រួតពិនិត្យមើលថា តើអត្តសញ្ញាណប័ណ្ណដែលទទួលបាននឹងជាអត្តសញ្ញាណប័ណ្ណក្លែងក្លាយបានដោយរបៀបណា តាមរយៈអ្វីនោះទេ?
លោក ស៊ិន ទិត្យសីហា៖ «ច្បាប់ចង្អុលបង្ហាញថា បើសិនគាត់មានគ្រប់លក្ខខណ្ឌ គេអាចអនុញ្ញាតឲ្យចុះឈ្មោះបោះឆ្នោតបាន។ ប៉ុន្តែនៅមានរយៈពេលមួយទៀត គឺពេលបិទផ្សាយបញ្ជីបោះឆ្នោតដំបូងដែលគេនឹងធ្វើនៅពេលដែល គ.ជ.ប បញ្ចប់ការចុះឈ្មោះបោះឆ្នោត ហើយរៀបចំបញ្ជីបោះឆ្នោតជាលើកដំបូង គេទុកសិទ្ធិឲ្យប្ដឹង ពេលឃើញឈ្មោះក្នុងបញ្ជី ហើយគ្មានគ្រប់លក្ខខណ្ឌ គាត់មិនគ្រប់អាយុ គាត់មិនមែនជាជនជាតិខ្មែរ ខ្វះលក្ខខណ្ឌទីលំនៅ ជាឧទាហរណ៍»។
មន្ត្រីរបស់ខុមហ្វ្រែល រូបនេះ បន្ថែមទៀតថា គេអាចប្ដឹងជំទាស់ទៅក្រុមប្រឹក្សាឃុំ សង្កាត់ ហើយបើក្រុមប្រឹក្សាឃុំ សង្កាត់ ដោះស្រាយមិនពេញចិត្ត អាចប្ដឹងទៅ គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញ។ ការប្ដឹងនេះ គឺទាមទារឲ្យសមត្ថកិច្ចពិសេស គ.ជ.ប លុបឈ្មោះអ្នកនឹងចេញពីបញ្ជីចុះឈ្មោះបោះឆ្នោត បើសិនអ្នកប្ដឹងមានអំណះអំណាងថា អ្នកនឹងមិនមានសញ្ជាតិខ្មែរ។
ការចុះឈ្មោះបោះឆ្នោតនឹងចាប់ផ្ដើមនៅថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ បើតាមគ.ជ.ប ប្រជាពលរដ្ឋ អាចមានសិទ្ធិចុះឈ្មោះបោះឆ្នោតបាន លុះត្រាតែមានបំពេញលក្ខខណ្ឌដូចតទៅ ពលរដ្ឋត្រូវមានសញ្ជាតិខ្មែរ មានអាយុ ១៨ឆ្នាំឡើងទៅ គិតត្រឹមថ្ងៃបោះឆ្នោត មានលំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់ ដែលសាម៉ីខ្លួនត្រូវបោះឆ្នោត មានឯកសារបញ្ជាក់អត្តសញ្ញាណ ទាំងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការចុះឈ្មោះបោះឆ្នោត ត្រូវបង្ហាញខ្លួនដោយផ្ទាល់នៅចំពោះមុខក្រុមប្រឹក្សាចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលនៃការចុះឈ្មោះបោះឆ្នោត មិនស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារ ឬត្រូវដកសិទ្ធិបោះឆ្នោត និងមិនមែនជាជនវិកលចរិត ឬមិនស្ថិតនៅក្រោមអាណាព្យាបាលទូទៅ ដោយមានលិខិតបញ្ជាក់ពីក្រសួង ស្ថាប័នមានសមត្ថកិច្ច៕
No comments:
Post a Comment