ដោយ ប្រាជ្ញ ចេវ
2016-06-04
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងនៅក្នុងទីស្នាក់ការគណបក្សនាសង្កាត់ចាក់អង្រែលើ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។
RFA/Brach Chev
លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងប្រឈមនឹងការចាប់ខ្លួននោះ បានផ្ញើសារទៅអ្នកមានអំណាចថា កុំអាងមានអំណាចធ្វើឲ្យគេឈឺចាប់។ ប្រសាសន៍របស់លោក កឹម សុខា នៅពេលនេះ ត្រូវបង្ហោះនៅក្នុងគណនេយ្យហ្វេសប៊ុក (Facebook) របស់អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថ្ងៃទី៤ ខែមិថុនា នៅស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងពេលលោកជួបអ្នកគាំទ្រមកពីខេត្តព្រៃវែង។
លោក កឹម សុខា សង្ឃឹមថា ខ្មែរនឹងភ្ញាក់ខ្លួនងាកមកដោះស្រាយបញ្ហាឡើងវិញ នៅពេលអ្នកមានអំណាចឈប់យកអំណាចរបស់ខ្លួនមកធ្វើបាបគេ។ ប៉ុន្តែលោកមិនបញ្ជាក់ថា តើគេនោះជារូបលោក ឬជាអ្នកណានោះទេ៖ «បើខ្លួនធ្វើឲ្យអ្នកដទៃឈឺចាប់ប៉ុណ្ណា តើពេលគេធ្វើទុក្ខបុកម្នេញទៅលើយើង គ្រួសារ តើយើងឈឺចាប់ប៉ុណ្ណា? កុំអាងតែខ្លួនមានអំណាចធ្វើឲ្យគេឈឺចាប់ឥតឈប់ឈរ»។
នេះជាការបង្ហាញខ្សែវីដេអូ លើកទី១ របស់លោក កឹម សុខា បន្ទាប់ពីមានការប៉ុនប៉ងចាប់ខ្លួនលោកពីក្រុមសមត្ថកិច្ច កាលពីថ្ងៃទី២៦ ខែឧសភា។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា គ្មានអ្នកមានអំណាចណា ឬគណបក្សនយោបាយណាគាបសង្កត់លោក កឹម សុខា ទេ គឺលោក កឹម សុខា ជាអ្នកបង្កើតរឿងអាស្រូវស្នេហាដោយខ្លួនឯង។
លោក កឹម សុខា ត្រូវតុលាការចោទប្រកាន់ថា បានប្រព្រឹត្តបទល្មើសជាក់ស្ដែង បន្ទាប់ពីមិនបានចូលបំភ្លឺនៅតុលាការតាមការកោះហៅចំនួនពីរដង។ លោកនៅតែបន្តបដិសេធមិនចូលបំភ្លឺតាមការកោះហៅរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះឡើយ៕
No comments:
Post a Comment