Manekseka Sangkum: 30-40 years of running a country should have provided this ruling administration enough time to put this hunger issue to bed long ago! Isn't this among the ideas behind the oft-cited need for "stability" which has been enforced to the costs of human lives and limbs?
ដោយ អ៊ុំ រង្សី
2016-06-02
ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ថ្លែងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦។ RFA/Um Rainsey
RFA/Um Rainsey
មន្ត្រីរដ្ឋាភិបាល ចាត់ទុកវិស័យកសិកម្មនៅតែជាវិស័យមួយរួមចំណែកធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលប្ដេជ្ញាលុបបំបាត់ភាពអត់ឃ្លានទូទាំងប្រទេសឲ្យអស់នៅកម្ពុជា ត្រឹមឆ្នាំ២០២៥ ខាងមុខនេះ។ ចំណែកសង្គមស៊ីវិលយល់ថា កម្ពុជា នឹងពិបាកទទួលបានជោគជ័យលើទិសដៅនេះ។
ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មជនបទ អះអាងថា ដើម្បីលុបបំបាត់ភាពអត់ឃ្លានឲ្យបានត្រឹម ០% ទូទាំងប្រទេស ឲ្យបញ្ចប់ត្រឹមឆ្នាំ២០២៥ រដ្ឋាភិបាលនឹងគិតគូរលើបញ្ហាអន្តរវិស័យ៣ គឺសមភាពយេនឌ័រ បរិស្ថាន និងបម្រែបម្រួលអាកាសធាតុ។
ការលើកឡើងនេះ ធ្វើឡើងនាឱកាសបើកសន្និសីទអបអរសាទរសមិទ្ធផល ៥ឆ្នាំ កម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគត (Feed the Future) នៃកិច្ចផ្ដួចផ្ដើមរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីលុបបំបាត់ភាពអត់ឃ្លាន និងធានាសន្តិសុខស្បៀងសម្រាប់ពិភពលោក នាថ្ងៃទី២ ខែមិថុនា។
ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានប្រសាសន៍ថា នៅឆ្នាំ២០១៥ វិស័យកសិកម្មបានរួមចំណែកប្រមាណ ២៦% នៃផលិតផលសរុបក្នុងស្រុក។ ជាងនេះ ប្រជាជន ៨៥% រស់នៅជនបទ ក្នុងនោះប្រជាជន ៦០% កំពុងប្រកបរបរកសិកម្ម ហើយមេគ្រួសារនៃគ្រួសារក្រីក្រជាកសិករមានរហូតដល់ ៧៥%។ ដូច្នេះរដ្ឋាភិបាលយល់ថា ការអភិវឌ្ឍវិស័យកសិកម្មមានសារសំខាន់ ក្នុងការឈានទៅកាត់បន្ថយភាពអត់ឃ្លាន។
លោក យឹម ឆៃលី បន្តថា ដើម្បីលុបបំបាត់ភាពអត់ឃ្លានឲ្យបានត្រឹម ០% ទូទាំងប្រទេសឲ្យបញ្ចប់ត្រឹមឆ្នាំ២០២៥ នោះ រដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៣សំខាន់ ព្រមទាំងពង្រឹងលើផ្នែកផលិតកម្មកសិកម្ម បច្ចេកទេស និងសហការនឹងស្ថាប័នពាក់ព័ន្ធ៖ «ទីមួយ យុទ្ធសាស្ត្រជាតិគាំពារសង្គមសម្រាប់ជនក្រីក្រ និងងាយរងគ្រោះ។ ទី២ យុទ្ធសាស្ត្រសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងទី៣ យុទ្ធសាស្ត្រភូមិមួយផលិតផលមួយ សម្រាប់អភិវឌ្ឍឆ្នាំ២០២៥ ខាងមុខ»។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) មានប្រសាសន៍ថា ការដាក់ចេញទិសដៅរបស់រដ្ឋាភិបាល គឺត្រឹមត្រូវ។ ប៉ុន្តែលោកកត់សម្គាល់ថា តាមរយៈការអនុវត្តគម្រោង ៥ឆ្នាំលើកម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគត ដែលសហរដ្ឋអាមេរិក បានផ្តល់ជំនួយប្រមាណ ៥៥លានដុល្លារ ឃើញថា ភាពអត់ឃ្លាន និងគ្រោះរាំងស្ងួតនៅកម្ពុជា នៅតែជាក្តីព្រួយបារម្ភ។ លោកយល់ថា ដើម្បីសម្រេចទិសដៅនេះ កម្ពុជា គួរបង្កើនការអភិវឌ្ឍវិស័យកសិកម្មបើកទូលាយចំពោះការវិនិយោគឯកជនលើវិស័យកសិកម្ម ពិសេសផ្ដោតការអភិវឌ្ឍលើស្ត្រីជនបទ៖ «ខ្ញុំជាសេដ្ឋវិទូ មិនមែនជាអ្នកជំនាញកសិកម្មទេ ប៉ុន្តែខ្ញុំយល់ថា វិស័យកសិកម្ម គឺជាបញ្ហាស្មុគស្មាញ។ យើងត្រូវការឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ទៅលើកសិករ ពិសេសកសិករខ្នាតតូច ហើយទាមទារឲ្យមានការបើកទូលាយចំពោះការវិនិយោគឯកជនផ្នែកវិស័យកសិកម្ម សហការជាមួយដៃគូអភិវឌ្ឍន៍ជាច្រើន ដើម្បីបង្កើនការអភិវឌ្ឍវិស័យកសិកម្ម»។
ចំណែកអ្នកសម្របសម្រួលគម្រោងថ្នាក់ជាតិនៃអង្គការ World Fish លោក គីម មីរ៉ាតូរី យល់ថា កម្ពុជា នឹងពិបាកទទួលបានជោគជ័យ ប្រសិនបើកម្ពុជា មិនបានអភិវឌ្ឍផ្នែកអភិបាលកិច្ចលើគ្រប់វិស័យមានប្រសិទ្ធភាព៖ «ខ្ញុំយល់ថា ភាពក្រីក្រមិនមែនបណ្ដាលមកតែពីវិស័យកសិកម្មប៉ុណ្ណោះទេ ផ្នែកអភិបាលកិច្ចល្អ ក៏ជាចំណែកមួយ។ ចឹងវាសំខាន់លើការគ្រប់គ្រង មានការចូលរួមប៉ុណ្ណា សហការគ្នាប៉ុណ្ណា ដូច្នេះទិសដៅនេះ សម្រេច ឬមិនសម្រេច សំខាន់ការអនុវត្ត»។
របាយការណ៍សន្ទស្សន៍ភាពស្រេកឃ្លានសកលឆ្នាំ២០១៥ ដែលចេញផ្សាយនៅខែតុលា បង្ហាញថា ប្រទេសកម្ពុជា ទទួលបានពិន្ទុ ២២,៦ ដែលត្រូវនឹងចំណាត់ថ្នាក់លេខ ៦០ ក្នុងចំណោមប្រទេសទាំងអស់ ១១៧។ ពិន្ទុនេះបង្ហាញថា កម្ពុជា បានកាត់បន្ថយភាពស្រេកឃ្លានប្រមាណ ៥០% ចាប់តាំងពីឆ្នាំ២០០០ មក។ តែទោះជាយ៉ាងណា ចំណាត់ថ្នាក់នេះមានន័យថា ស្ថានភាពស្រេកឃ្លានរបស់កម្ពុជា ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរនៅឡើយ។
បើទោះជាយ៉ាងណា នាឱកាសបើកសន្និសីទអបអរសាទរសមិទ្ធផល ៥ឆ្នាំ កម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគត (Feed the Future) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អះអាងថា សហរដ្ឋអាមេរិក អាចនឹងបង្កើនថវិកាលើសពី ៥៥លានដុល្លារសម្រាប់គម្រោងស្ដីពីសន្តិសុខស្បៀងសម្រាប់អនាគតរយៈពេល ៥ឆ្នាំនៅកម្ពុជា ផងដែរ៕
1 comment:
the US has the food stamp now called SNAP for almost half a century now and they still talk about children go hungry every night .. some grocery stores , charity organizations and churches are all collecting food donation from the public every where one turns to look and every night on the news , they are still talking about hunger and poverty in the US....what gives ?
Post a Comment