សាលាឧទ្ធរណ៍កោះហៅលោក កឹម សុខា ករណីមិនចូលខ្លួនទៅបំភ្លឺនៅសាលាដំបូង
ដោយ សុ ជីវី
2016-06-28
លោក កឹម សុខា (ដើរមុខ) ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នាស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ បន្ទាប់ពីប្រជុំផ្ទៃក្នុងបក្ស នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦។
RFA/Morm Moniroth
សាលាឧទ្ធរណ៍ កោះហៅលោក កឹម សុខា ឲ្យចូលរួមសវនាការនៅសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ករណីដែលលោកបដិសេធមិនចូលខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ។
មេធាវីម្នាក់ក្នុងចំណោមក្រុមមេធាវីការពារឲ្យប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺលោក សំ សុគង់ មានប្រសាសន៍ថា សវនាការនោះបន្ទាប់ពីក្រុមមេធាវីបានដាក់បណ្ដឹងមួយទៅសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ កាលពីថ្ងៃទី១៧ ខែមិថុនា។ ក្រុមមេធាវីការពារ បានស្នើមោឃភាពនីតិវិធីរបស់សមត្ថកិច្ច និងរបស់សាលាដំបូងរាជធានីភ្នំពេញ។ លោក សំ សុគង់ ឲ្យដឹងទៀតថា មកដល់ពេលនេះ ក្រុមមេធាវីកំពុងសិក្សាផ្នែកច្បាប់ និងរង់ចាំការសម្រេចរបស់លោក កឹម សុខា ដែរ ថាតើនឹងចូលខ្លួន ឬមិនចូលខ្លួន៖ «នៅសាលាឧទ្ធរណ៍ ភាសាច្បាប់គេថាជាសំណុំរឿងមុនអង្គសេចក្ដី ពាក់ព័ន្ធនឹងបណ្ដឹងរបស់ក្រុមមេធាវីការពារទៅសភាស៊ើបសួរនៃសាលាឧទ្ធរណ៍។ សាលាឧទ្ធរណ៍ នឹងសម្រេចតែពីរទេ គឺយល់ព្រមមោឃភាពនីតិវិធីតាមការស្នើសុំ ឬមួយក៏សាលាឧទ្ធរណ៍ហ្នឹងច្រានចោល»។
ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់លោក កឹម សុខា ថាបានប្រព្រឹត្តបទល្មើសជាក់ស្ដែង បន្ទាប់ពីលោកបានបដិសេធមិនចូលខ្លួនទៅបំភ្លឺចំនួន ២លើកក្នុងសំណុំរឿងសញ្ចារកម្ម ពាក់ព័ន្ធនឹងនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
ករណីចោទប្រកាន់ពីបទល្មើសជាក់ស្ដែងនេះ លោក កឹម សុខា បានសម្រេចទៅស្នាក់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ អស់រយៈពេលជាងមួយខែមកហើយ។ ម្យ៉ាងទៀត ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានសម្រេចមិនចូលប្រជុំសភា ដោយទាមទារឲ្យគណបក្សកាន់អំណាច ទម្លាក់ចោលការចោទប្រកាន់នានា ចំពោះសកម្មជន និងមន្ត្រីបក្សនេះ ដោយរួមទាំងសំណុំរឿងលោក កឹម សុខា និងអ្នកពាក់ព័ន្ធផង៕
No comments:
Post a Comment