A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Wednesday, 29 June 2016
គ.ជ.ប នឹងចាប់ផ្ដើមចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅខែកញ្ញា
ដោយ ម៉ម មុនីរតន៍
2016-06-28
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សាកល្បងចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ នៅសង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥។ RFA/Rann Samnang
RFA/Rann Samnang
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកំណត់ជាផ្លូវការហើយ ដោយយកខែកញ្ញា គឺជាថ្ងៃក្នុងការចុះឈ្មោះបោះឆ្នោតសម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧។ អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើកិច្ចការលើការបោះឆ្នោត យល់ឃើញថា ការបោះឆ្នោតតាមប្រព័ន្ធទំនើប គឺម៉ាស៊ីនកុំព្យូទ័រនេះ អាចជឿទុកចិត្តបាន និងផ្ដល់ភាពត្រឹមត្រូវជាងមុន។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងនឹងបញ្ចេញម៉ាស៊ីនកុំព្យូទ័រជាង ២ពាន់គ្រឿងនៅតាមការិយាល័យទាំងជាង ១.៦៣៣ឃុំ-សង្កាត់នៅទូទាំងប្រទេស ដើម្បីបម្រើឲ្យការចុះឈ្មោះបោះឆ្នោតដែលនឹងត្រូវចាប់ផ្ដើមក្នុងរយៈពេល ៣ខែខាងមុខទៀតនេះ។
មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ឲ្យដឹងនៅថ្ងៃទី២៨ ខែមិថុនា ថា គ.ជ.ប កំពុងពន្លឿនកិច្ចការរបស់ខ្លួនទាំងដំណើរការចុះឈ្មោះ និងជ្រើសរើសអ្នកបម្រើការសម្រាប់ការចុះឈ្មោះ។ លោកបន្តថា បើពិនិត្យលើលទ្ធភាព គឺ គ.ជ.ប ត្រូវការបុគ្គលិកជាង ៧ពាន់នាក់នៅតាមការិយាល័យទូទាំងប្រទេស។ លើសពីនេះទៀត ក្នុងអាណត្តិនេះ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងប្រើប្រាស់បញ្ជីចុះឈ្មោះបោះឆ្នោតថ្មីទាំងស្រុង។ លោកបន្តថា «ទី១ គឺអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលអាចយកទៅជាមួយបាន។ ទី២ បើសិនជាមានអត្តសញ្ញាណប័ណ្ណខ្មែរហើយ ប៉ុន្តែខុសអាសយដ្ឋានកន្លែងយើងចុះឈ្មោះ ហើយនិងនៅក្នុងអត្តសញ្ញាណប័ណ្ណ នោះត្រូវទៅស្នើសុំលិខិតបញ្ជាក់ទីលំនៅ ឬកន្លែងស្នាក់នៅពីអាជ្ញាធរដែលយើងកំពុងតែរស់នៅហ្នឹង»។
លោក ហង្ស ពុទ្ធា ឲ្យដឹងថា មកដល់ពេលនេះ ទាំងសហគមន៍អឺរ៉ុប ដែលសន្យាផ្ដល់ម៉ាស៊ីនកុំព្យូទ័រ និងអង្គការ យូអ៊ិនណុប (UNNOP) ដែលជាអ្នកដេញថ្លៃលើសម្ភារៈប្រើប្រាស់ទាំងនេះ បានផ្ដល់ព័ត៌មានជាក់លាក់ហើយ យ៉ាងយូរបំផុតក្នុងពាក់កណ្ដាលខែកក្កដា នេះ នឹងត្រូវបញ្ជូនមកដល់។
ជុំវិញដំណើរការនៃការចុះឈ្មោះសម្រាប់ការបោះឆ្នោតក្នុងអាណត្តិនេះ លោក ហង្ស ពុទ្ធា ពន្យល់ថា អ្នកដែលចុះឈ្មោះបាន ត្រូវបំពេញលក្ខខណ្ឌដូចជា៖
- ទី១ ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
- ទី២ បើពុំមានអត្តសញ្ញាណប័ណ្ណទេ ត្រូវទៅស្នើសុំលិខិតបញ្ជាក់ទីលំនៅដែលកំពុងស្នាក់នៅ
- និងទី៣ បើពុំមានទាំងអត្តសញ្ញាណប័ណ្ណ និងលិខិតបញ្ជាក់ទីលំនៅទេ អ្នកចុះឈ្មោះបោះឆ្នោត អាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការចុះឈ្មោះបោះឆ្នោតក៏បាន។
ក្រៅពីនេះ ចំពោះព្រះសង្ឃវិញ បើពុំមានអត្តសញ្ញាណប័ណ្ណទេ ព្រះសង្ឃអាចប្រើប្រាស់សំបុត្រកំណើត ឬស្នើសុំលិខិតបញ្ជាក់ពីគ្រូចៅអធិការវត្ត ទៅអាជ្ញាធរឃុំ-សង្កាត់ដែលព្រះសង្ឃកំពុងគង់នៅបាន។
អង្គការមិនមែនរដ្ឋាភិបាលយល់ឃើញថា ច្បាប់បោះឆ្នោតថ្មីនេះមានភាពងាយស្រួលចំណុចខ្លះដល់អ្នកបោះឆ្នោត។ ច្បាប់បោះឆ្នោតចាស់ គឺកំណត់ឲ្យអ្នកបោះឆ្នោតត្រូវទៅបោះនៅទីលំនៅកំណើត ប៉ុន្តែច្បាប់ថ្មីនេះវិញ មិនតម្រូវដូចនេះឡើយ។ ពលរដ្ឋចំណាកស្រុក គឺអាចបំពេញលក្ខខណ្ឌមួយចំនួន ហើយមានសិទ្ធិបោះឆ្នោតនៅទីតាំងដែលកំពុងស្នាក់នៅបាន។
ទាក់ទិនករណីនេះ លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច (Nicfec) យល់ឃើញថា ផ្អែកតាមប្រព័ន្ធនៃការចុះឈ្មោះបោះឆ្នោតថ្មីនេះ អាចធានាឲ្យការបោះឆ្នោតក្នុងអាណត្តិនេះមានភាពត្រឹមត្រូវ និងសុក្រឹតជាងមុន។ លោករំពឹងថា ប្រព័ន្ធចុះឈ្មោះតាមម៉ាស៊ីនកុំព្យូទ័រនេះ គឺពិបាកលួចកែទិន្នន័យ និងលែងបន្លំឯកសារបានដូចមុនទៀត។ លោកបន្តថា «ប្រព័ន្ធចុះឈ្មោះបែបទំនើបតាមម៉ាស៊ីនកុំព្យូទ័រនេះ វាគួរឲ្យទុកចិត្តបានជាង ៩០ភាគរយ ទី១។ ទី២ ប្រព័ន្ធនេះមានការរៀបចំគ្រប់គ្រងទិន្នន័យច្បាស់លាស់ឥតដូចប្រព័ន្ធមុនទេ»។
បើទោះជាបែបណា លោក សំ គន្ធាមី យល់ឃើញថា ថ្វីបើប្រព័ន្ធបោះឆ្នោតដែលកម្ពុជា នឹងចាប់អនុវត្តក្នុងជំហានដំបូងនេះ អាចជឿទុកចិត្តបានមែន។ យ៉ាងណានេះគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ។ ក្នុងន័យនេះលោកបញ្ជាក់ថា មានបញ្ហាផ្សេងទៀតដែលកម្ពុជា ត្រូវប្រឈមមុខ និងអាចនឹងជះឥទ្ធិពលមិនល្អដល់ដំណើរការបោះឆ្នោត។
ជារួម អ្នកជំនាញលើកិច្ចការបោះឆ្នោតថ្លែងថា បញ្ហាចម្បងក្នុងចំណោមឧបសគ្គដទៃទៀតនោះ គឺពលរដ្ឋចំណាកស្រុកប្រមាណ ១លាននាក់ អាចនឹងបាត់បង់សិទ្ធិបោះឆ្នោតនៅក្នុងអាណត្តិនេះ។
ឆ្លើយតបរឿងនេះ លោក ហង្ស ពុទ្ធា បញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតបម្រើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ គឺមានរយៈពេល ៣ខែខាងមុខទៀត ដែលអាចផ្ដល់លទ្ធភាពឲ្យពលរដ្ឋចំណាកស្រុកមានពេលចុះឈ្មោះបាន។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងប្រើប្រាស់កុំព្យូទ័រចំនួន ២.៤០០គ្រឿងក្នុងចំណោម ១.៦៣៣ឃុំ-សង្កាត់។ តាមគម្រោង ក្នុងមួយការិយាល័យ ត្រូវប្រើម៉ាស៊ីនកុំព្យូទ័រ ១គ្រឿង ប៉ុន្តែបើឃុំ-សង្កាត់ណាមានអ្នកចុះឈ្មោះលើសពី ៧ពាន់នាក់ឡើងទៅ គឺ គ.ជ.ប នឹងប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រចំនួន ២គ្រឿងសម្រាប់បម្រើឲ្យការចុះឈ្មោះបានទាន់ពេលវេលា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment