A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Saturday, 4 June 2016
លោក កឹម សុខា បន្តបដិសេធមិនចូលបំភ្លឺតាមដីការបស់តុលាការក្រុងភ្នំពេញ
ដោយ ថា កិត្យា
2016-06-03
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ (រូបកណ្ដាល) ថ្លែងក្នុងសន្និសីទកាសែតនៅមុខទីស្នាក់ការកណ្ដាលបក្សសង្គ្រោះជាតិ ចាក់អង្រែលើ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth
ប្រធានស្ដីទីបក្សប្រឆាំង លោក កឹម សុខា បន្តបដិសេធមិនចូលបំភ្លឺតាមការកោះហៅរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះឡើយ។ អ្នកច្បាប់យល់ថា ការបដិសេធនេះ គឺសមស្របតាមច្បាប់ ព្រោះលោក កឹម សុខា មានអភ័យឯកសិទ្ធិតំណាងរាស្ត្រ។
ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅមុខទីស្នាក់ការ នៅថ្ងៃទី៣ ខែមិថុនា អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ពន្យល់ថា មូលហេតុដែលលោក កឹម សុខា មិនចូលខ្លួនបំភ្លឺនៅតុលាការក្រុងភ្នំពេញ នោះ គឺសំអាងថា លោក កឹម សុខា ជាតំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា៖ «ឯកឧត្ដម កឹម សុខា បញ្ជាក់ម្ដងហើយម្ដងទៀតថា លោកជាអ្នកតំណាងរាស្ត្រ លោកមានអភ័យឯកសិទ្ធិ ដូច្នេះថ្ងៃទី១៤ ខែមិថុនា លោកមិនទៅទេ។ យើងកំពុងសិក្សាផ្លូវច្បាប់ជាមួយក្រុមមេធាវី ដើម្បីស្វែងយល់ពីការអនុវត្តច្បាប់ តើការអនុវត្តនោះត្រឹមត្រូវ ឬក៏យ៉ាងណា?»។
ការឆ្លើយបដិសេធម្តងទៀតនេះ គឺបន្ទាប់ពីចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ថាន់ ឡេង បានចេញដីកាមួយកាលពីយប់ថ្ងៃទី២ ខែមិថុនា ដើម្បីកោះហៅលោក កឹម សុខា ឲ្យចូលបំភ្លឺនៅថ្ងៃទី១៤ ខែមិថុនា ខាងមុខ ដើម្បីសាកសួរពីដំណើររឿងបដិសេធក្នុងការមិនចូលខ្លួនទៅបំភ្លឺតុលាការក្នុងនាមជាសាក្សីកាលពីថ្ងៃទី២៦ ខែឧសភា។
មេធាវីដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿងសាលាក្ដីខ្មែរក្រហម លោក ហុង គឹមសួន បានបង្ហាញការយល់ឃើញថា ការចោទប្រកាន់ និងកោះហៅលោក កឹម សុខា ដែលមានតួនាទីជាតំណាងរាស្ត្រមានអភ័យឯកសិទ្ធិនេះ គឺមិនត្រឹមត្រូវឡើយ។ ដូច្នេះ ការបដិសេធមិនចូលខ្លួនបំភ្លឺតាមបង្គាប់តុលាការនេះ គឺជារឿងសមស្រប៖ «អភ័យឯកសិទ្ធរបស់តំណាងរាស្ត្រនោះ គឺមានសិទ្ធិក្នុងការការពារខ្លួនគាត់អោយរួចផុតពីការចោទ ការចាប់ ការឃុំ ការឃាត់ទាំងឡាយដែលធ្វើការចោទប្រកាន់គាត់នោះ អ៊ីចឹងនៅក្នុងពេលនេះគាត់នៅក្នុងតួនាទីជាតំណាងរាស្ត្រ ហើយបែរជាមិនមែនបទល្មើសព្រហ្មទណ្ឌជាក់ស្ដែងមជ្ឈិម ឬឧក្រិដ្ឋនោះទេ»។
កាលពីថ្ងៃទី២៦ ខែឧសភា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លោក កឹម សុខា ពីបទបដិសេធក្នុងការចូលខ្លួនក្នុងនាមជាសាក្សីលើសំណុំរឿងសញ្ចារកម្ម តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ដោយអយ្យការបញ្ជាក់ថា ជាបទល្មើសជាក់ស្ដែង។
វិទ្យុអាស៊ីសេរី មិនទាន់អាចសួរនាំអំពីនីតិវិធីបន្តរបស់តុលាការ បាននៅឡើយនៅថ្ងៃទី៣ ខែមិថុនា ដោយសារអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា កំពុងជាប់រវល់បេសកកម្មនៅក្រៅប្រទេស។
ក្រៅពីបញ្ហាផ្លូវច្បាប់នោះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ក៏បានរិះគន់រដ្ឋាភិបាលដែលបានបង្កើតគណៈកម្មការស្រាវជ្រាវថ្មីមួយដែលមានតួនាទីពិនិត្យ និងធ្វើកោសល្យវិច័យលើស្នាមមេដៃពលរដ្ឋនៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិ ដែលដាក់ថ្វាយព្រះមហាក្សត្រ។
លោក យ៉ែម បុញ្ញឫទ្ធិ ចាត់ទុកចំណាត់ការរបស់រដ្ឋាភិបាលនេះ ថាជាការគំរាមកំហែងសិទ្ធិប្រជាពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ៖ «ការធ្វើកោសល្យវិច័យដោយផ្ទាល់នៅតាមមូលដ្ឋាន យើងយល់ឃើញថា ជាការគំរាមកំហែងដល់សិទ្ធិប្រជាពលរដ្ឋនៅមូលដ្ឋាន យើងមិនគាំទ្រទេ។ យើងចង់ឲ្យប្រជាពលរដ្ឋចូលរួម និងធ្វើញត្តិនៅនឹងមុខតែម្ដង ដើម្បីជៀសវាងកុំពិបាកធ្វើកោសល្យវិច័យ»។
កាលពីដើមសប្ដាហ៍នេះ តំណាងរាស្ត្រគណបក្សប្រឆាំងបានហែញត្តិដោយមានស្នាមមេដៃពលរដ្ឋជាង ១៧ម៉ឺននាក់ ដើម្បីស្នើសុំព្រះមហាក្សត្រអន្តរាគមន៍ដោះលែងមន្ត្រីសិទ្ធិមនុស្ស ៤នាក់ មន្ត្រី គ.ជ.ប ម្នាក់ រួមនឹងមន្ត្រី និងសកម្មជនគណបក្សនេះជាច្រើននាក់ទៀត ព្រមទាំងសុំបញ្ឈប់ការតាមចាប់ខ្លួនលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
រីឯអ្នកឃ្លាំមើលស្ថានភាពនយោបាយ និងជាអ្នកសិក្សាការអភិវឌ្ឍ លោក កែម ឡី មានប្រសាសន៍ថា ការបង្កើតគណៈកម្មការនេះពុំមានប្រយោជន៍សម្រាប់ដោះស្រាយបញ្ហា ឬរកឲ្យឃើញពីរឿងរ៉ាវពិតប្រាកដឡើយ វាគ្រាន់តែជារូបភាពនៃការគំរាមកំហែង។ ម្យ៉ាងទៀត លោក កែម ឡី យល់ថា គឺជាការរំលោភសិទ្ធិពលរដ្ឋ ដោយធ្វើឲ្យពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាច៕
Subscribe to:
Post Comments (Atom)
1 comment:
លោកគិមសុខាមេត្តាកំុចូលបំភ្លឺ ពួកអាតុលាការតិរិច្ឆានភ្នំពេញឲ្យសោះ សូមអរគុណ
Post a Comment