A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Saturday, 4 June 2016
បក្សប្រឆាំងនិងសង្គមស៊ីវិលស្នើឱ្យអាជ្ញាធរខេត្តកំពង់ចាមបង្ហាញតម្លាភាពជុំវិញការដឹកឈើ
ដោយ សូត សុខប្រាថ្នា
2016-06-03
គំនរឈើប្រណីតដែលឈ្មួញបម្រុងដឹកចេញទៅលក់នៅប្រទេសវៀតណាម ហើយត្រូវរថយន្តក្រឡាប់នៅចំណុចភូមិជ្រៃឡើង ឃុំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៣ មករា ឆ្នាំ២០១៦។
Photo provided
មន្ត្រីសង្គមស៊ីវិល ព្រមទាំងមន្ត្រីគណបក្សប្រឆាំងនៅខេត្តកំពង់ចាម ស្នើឱ្យអាជ្ញាធរខេត្តបង្ហាញពីតម្លាភាពជុំវិញការដឹកជញ្ជូនឈើប្រណិតជាច្រើនម៉ែត្រគូប មកធ្វើអគាររដ្ឋបាលសាលាខេត្ត។ ការស្នើនេះ បន្ទាប់ពីមានលិខិតរបស់អភិបាលខេត្តកំពង់ចាម ស្នើឱ្យអភិបាលខេត្តចំនួនបី រួមមានអភិបាលខេត្តមណ្ឌលគិរី ក្រចេះ និងត្បូងឃ្មុំ ជួយសម្រួលក្នុងការដឹកជញ្ជូនឈើប្រណិតជាង ២០ម៉ែត្រគូប ដើម្បីយកមកធ្វើជាគ្រឿងសង្ហារិមក្នុងអគាររដ្ឋបាលថ្មីមួយខ្នងសម្រាប់ធ្វើការងារ។
មន្ត្រីសង្គមស៊ីវិល និងមន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម បារម្ភពីការដឹកជញ្ជូនឈើប្រណិតខុសផែនការ ប្រសិនបើអាជ្ញាធរខេត្តមិនបានបង្ហាញពីតម្លាភាពទេនោះ។ ពួកគេថា ក្នុងលិខិតគប្បីកំណត់កាលបរិច្ឆេទដឹកជញ្ជូនឈើឱ្យបានច្បាស់លាស់ ជៀសវាងក្រុមអ្នកដឹកជញ្ជូនឆក់ឱកាសដើម្បីរកស៊ីឈើខុសច្បាប់បន្ថែមទៀត។
សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម គណបក្សសង្គ្រោះជាតិ លោក សាន សឿង មានប្រសាសន៍នៅថ្ងៃទី៣ ខែមិថុនា ថា អគាររដ្ឋបាលសាលាខេត្តគឺកំពុងកសាងថ្មីមួយខ្នងប្រាកដមែន។ លោកបន្តថា សមាជិកក្រុមប្រឹក្សាខេត្តគណបក្សប្រឆាំងថែមទាំងបានអនុម័តយល់ព្រមគម្រោងសាងសង់នោះទៀតផង ប៉ុន្តែរាល់តម្លៃ និងការចាយវាយលើសម្ភារៈយ៉ាងណានោះ គឺពួកគាត់មិនបានដឹងឡើយ ហើយក៏មិនបានដឹងថា ក្រុមហ៊ុនណាអ្នកម៉ៅការសាងសង់ដែរ។ បន្ថែមពីនេះ សមាជិករបស់ខ្លួនមិនបានដឹងពីគម្រោងស្នើសុំដឹកឈើប្រណិតពីខេត្តមណ្ឌលគិរី ទេ ពីព្រោះសមាជិកក្រុមប្រឹក្សាខេត្តគណបក្សប្រឆាំង គឺអាជ្ញាធរខេត្តគណបក្សប្រជាជនកម្ពុជា មិនអនុញ្ញាតឱ្យមន្ត្រីរបស់ខ្លួនចូលជាសមាជិកគណៈកម្មការលទ្ធកម្ម។
លោកថា បញ្ហានេះអាចធ្វើឱ្យដំណើរការដឹកជញ្ជូនឈើប្រណិតនឹងមិនមានតម្លាភាព៖ «យើងមិនបើកផ្លូវឱ្យគណបក្សមួយទៀតបានចូលរួមក្នុងកិច្ចការហ្នឹងខ្ញុំជឿថា មិនមានតម្លាភាពទេ។ មិនដឹងថា យកឈើហ្នឹងមកប្រើប្រាស់ចំគោលដៅទាំងអស់ ឬបង្វែរទៅណា»។
លិខិតរបស់អភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី៦ ខែឧសភា ដោយស្នើអាជ្ញាធរខេត្តចំនួនបី រួមមានខេត្តមណ្ឌលគិរី ក្រចេះ និង ខេត្តត្បូងឃ្មុំ ដើម្បីសម្រួលដល់ការដឹកជញ្ជូនឈើចំនួន ២៥ម៉ែត្រគូប ក្នុងនោះឈើប្រណិតប្រភេទបេង ២០ម៉ែត្រគូប និងឈើស្រឡៅចំនួន ៥ម៉ែត្រគូប។ សំណើរបស់អភិបាលខេត្តកំពង់ចាម លោក លន់ លឹមថៃ បញ្ជាក់ថា ឈើទាំងនោះគឺយកមកធ្វើគ្រឿងសង្ហារិមបំពាក់អគាររដ្ឋបាលមួយខ្នង ដែលកំពុងសាងសង់សម្រាប់ធ្វើការងារ។ សំណើនេះ អាជ្ញាធរខេត្តទាំងបីបានយល់ព្រម ហើយចាត់មន្ត្រីសមត្ថកិច្ច និងមន្ត្រីជំនាញជួយសម្រួលទៀតផង។
ទាក់ទងបញ្ហានេះ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តកំពង់ចាម លោក ជីម លាវ មិនបានមានប្រសាសន៍យ៉ាងណាទេ ដោយថាជាប់រវល់ក្នុងសិក្ខាសាលា។
តែយ៉ាងណាក្នុងលិខិតរបស់អាជ្ញាធរខេត្តបញ្ជាក់ថា ឈើទាំងនោះគឺពួកគេប្រមូលទិញពីប្រជាពលរដ្ឋ ហើយស្នើសុំដឹកជញ្ជូនចំនួនបីជើងប៉ុណ្ណោះ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា អាជ្ញាធរខេត្តគប្បីធ្វើការងារនេះ ដោយតម្លាភាពជៀសវាងផ្ដល់ឱកាសដល់ជនល្មើសដើម្បីយកលិខិតនោះទៅរកស៊ីឈើកាន់តែច្រើន ប្រៀបដូចពាក្យចាស់ថា ត្រីងៀតឆ្លៀតពងនោះ ពីព្រោះការដឹកជញ្ជូនឈើបច្ចុប្បន្នគឺពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈើដែលរាជរដ្ឋាភិបាលកំពុងចាត់វិធានការ៖ «ដើម្បីឱ្យមានតម្លាភាពសាលាខេត្ត ត្រូវតែលើកឡើងពីតម្រូវការឈើហ្នឹង ហើយដាក់ឱ្យមានការចូលរួមដេញថ្លៃផ្គត់ផ្គង់ពីសំណាក់ក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណរកស៊ីឈើហ្នឹងទៅ»។
ទោះបីយ៉ាងណា មន្ត្រីក្រុមប្រឹក្សាខេត្តគណបក្សប្រឆាំងនឹងយកបញ្ហានេះ ទៅពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំថ្នាក់ខេត្តនៅពេលខាងមុខ ដើម្បីធានាឱ្យបាននូវតម្លាភាពជូនប្រជាពលរដ្ឋ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment