A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Monday, 6 June 2016
មេធាវីអះអាងថាសំណុំរឿងលោក ស៊ុត ឌីណា ស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយ
ដោយ ម៉ម មុនីរតន៍
2016-06-05
ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា (អាវខ្មៅ) ត្រូវបានតុលាការបញ្ជូនចេញពីតុលាការ នៅល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦។ RFA/Rann Samnang
RFA/Rann Samnang
មេធាវីការពារក្ដីឲ្យអតីតឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង ថ្លែងថា សំណុំរឿងរបស់លោក ស៊ុត ឌីណា នៅពេលនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលនៃនីតិវិធីស៊ើបអង្កេតរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនៅឡើយ។ លោក ស៊ុត ឌីណា ដែលត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស រងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយក្នុងពេលបំពេញការងារ។
លោក ហុក ផល្លា ជាមេធាវីការពារក្តីឲ្យលោក ស៊ុត ឌីណា ឲ្យដឹងថា រហូតមកដល់ពេលនេះ ការជូនដំណឹងក្នុងការជំនុំជម្រះពីតុលាការជុំវិញសំណុំរឿងព្រហ្មទណ្ឌមួយនេះ ក្នុងនាមលោកជាមេធាវីការពារក្ដី គឺនៅមិនដឹងជាផ្លូវការនៅឡើយទេ។
ការអះអាងដូចនេះរបស់លោក ហុក ផល្លា ស្របពេលអតីតឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា កំពុងជាប់ឃុំនៅពន្ធនាគារព្រៃសអស់រយៈពេលជិត ២ខែមកហើយ។ ការឃុំខ្លួនបណ្ដោះអាសន្ននេះ គឺគិតចាប់ពីថ្ងៃចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី៤ ខែមេសា។
លោក ហុក ផល្លា ជាមេធាវីការពារក្ដីនិយាយថា លោកបានដាក់ពាក្យដើម្បីស្នើសុំជំនុំជម្រះចាប់តាំងពីកូនក្តីរបស់ខ្លួនត្រូវបានតំណាងអយ្យការចោទប្រកាន់ និងចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញចេញដីកាឃុំខ្លួនភ្លាម កាលពីថ្ងៃទី៧ មេសា មកម្ល៉េះ។ ក៏ប៉ុន្តែលោកអះអាងថា ភាពយឺតយ៉ាវនេះប្រហែលជាសំណុំរឿងក្តីនេះ កំពុងស្ថិតក្នុងជំហាននៃការស៊ើបអង្កេតបន្តរបស់ចៅក្រមនៅឡើយ។ លោកបន្តថា «នីតិវិធីតទៅហ្នឹង លោកចៅក្រមតុលាការគាត់នឹងដំណើរការស៊ើបចំពោះអ្នកដែលពាក់ព័ន្ធ ប៉ុន្តែគាត់មិនអាចជម្រាបជូនលោកថាអ្នកណាខ្លះដែលគាត់នឹងត្រូវហៅមកសួរនាំ»។
វិទ្យុអាស៊ីសេរី ពុំទាន់អាចសុំការបំភ្លឺជុំវិញសំណុំរឿងនេះបានទេពីមន្ត្រីតុលាការក្រុងភ្នំពេញ នៅថ្ងៃទី៥ ខែមិថុនា។
បើទោះជាបែបណា អ្នកវិភាគសង្គម និងអង្គការមិនមែនរដ្ឋាភិបាលយល់ឃើញថា បញ្ហានេះអាចផ្ដើមចេញពីជម្លោះផ្ទៃក្នុងនៃរឿងនយោបាយ ឬក៏ប្រហែលបណ្ដាលមកពីទំនាស់ផលប្រយោជន៍ច្រើនជាងប្រព្រឹត្តអំពើពុករលួយរបស់លោក ស៊ុត ឌីណា។ បញ្ហានេះ អ្នកឃ្លាំមើលសង្គមរិះគន់ថា ការប្រើពេលដ៏យូរក្នុងការស៊ើបអង្កេត មុនលើកសំណុំរឿងនេះទៅជំនុំជម្រះនោះ វានឹងនាំឲ្យប៉ះពាល់សិទ្ធិជនត្រូវចោទ ដែលធានាដោយច្បាប់។ អ្នកច្បាប់ពន្យល់ថា យោងគោលការណ៍ស្ដីពីសិទ្ធិជាសកលស្ដីពីការឃុំខ្លួននេះរបស់អង្គការសហប្រជាជាតិ បានកំណត់ទិសដៅនៃការជំនុំជម្រះយ៉ាងឆាប់ក្នុងដំណាក់កាលជនដែលកំពុងឃុំខ្លួន ហើយសវនាការនេះ ត្រូវធ្វើឡើងនៅចំពោះមុខចៅក្រមជំនុំជម្រះដែលឯករាជ្យថែមទៀតផង។ រយៈពេលយ៉ាងយូរនៃការឃុំខ្លួន ត្រូវធ្វើឡើងនៅចន្លោះពី ៤ខែទៅ ៦ខែ។
លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន និងឃុំនៅក្នុងអង្គភាពនេះរយៈពេល ៤៨ម៉ោង មុនបញ្ជូនមកតុលាការក្រុងភ្នំពេញ។ ក្រោយការសាកសួរ និងមុនបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស នៅថ្ងៃទី៧ មេសា នោះ ព្រះរាជអាជ្ញារងលោក មាស ច័ន្ទពិសិដ្ឋ សម្រេចចោទប្រកាន់ ២បទល្មើស គឺរំលោភអំណាច និងបទប្រព្រឹត្តអំពើពុករលួយប្រឆាំងលោក ស៊ុត ឌីណា។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ (LICADHO) យល់ឃើញថា បញ្ហានេះប្រហែលជាខ្វែងគំនិតគ្នាក្នុងហេតុផលការងារច្រើនជាងបទចោទដូចតុលាការរកឃើញ។ លោកបន្តថា «ខ្ញុំគិតថារឿងលោក ស៊ុត ឌីណា នេះ វាជារឿងទំនាស់ផលប្រយោជន៍ច្រើនជាង។ នៅក្នុងបញ្ហាដែលលោកទៅធ្វើទូតនៅកូរ៉េហ្នឹងណា»។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ដែលចាត់ការក្នុងសំណុំរឿងនេះ ធ្លាប់អះអាងថា ACU រកឃើញថា អតីតមន្ត្រីទូតរូបនេះមានលុយជាង ៧លានដុល្លារ និងមានមាសជិត ១៣គីឡូក្រាម។ ក្រៅពីនេះ នៅមានដីប្រមាណ ១០កន្លែងផ្សេងទៀត។
បើទោះជាបែបណា ក្រុមគ្រួសាររបស់លោក ស៊ុត ឌីណា បានច្រានចោលចាប់តាំងពីដំណាក់កាលចាប់ខ្លួនថា បទចោទទាំងនេះ គឺខុសពីការពិតទាំងស្រុង។ មិនតែប៉ុណ្ណោះ វិវាទនេះគឺជាទំនាស់ផ្ទៃក្នុងការងារ និងជារឿងនយោបាយប៉ុណ្ណោះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment