A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 26 June 2016

កសិករ​ខេត្ត​ស្ទឹងត្រែង​បារម្ភ​អំពី​ហ្វូង​ដង្កូវ​បំផ្លាញ​ដំណាំ

កសិករ​ខេត្ត​ស្ទឹងត្រែង​បារម្ភ​អំពី​ហ្វូង​ដង្កូវ​បំផ្លាញ​ដំណាំ
ដោយ ម៉ែន សុធីរ
2016-06-25

ដង្កូវ ស្ទឹងត្រែង ​៨៥៥
កសិករ​រស់​នៅ​ឃុំ​សាមឃួយ ក្នុង​ខេត្ត​ស្ទឹងត្រែង លោកស្រី ថាត់ សោភា ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី អំពី​ដង្កូវ​ស៊ី​ដំណាំ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៦។
 RFA/Men Sothyr



កសិករ​នៅ​ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង បារម្ភ​ពី​ហ្វូង​ដង្កូវ​ម្យ៉ាង​ដែល​កំពុង​បំផ្លាញ​ដំណាំ​ពួកគាត់​អស់​ជា​ច្រើន​ហិកតារ។ អ្នក​ភូមិ​ក៏​អំពាវនាវ​ឲ្យ​ក្រសួង​កសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​រក​មធ្យោបាយ​កម្ចាត់​ហ្វូង​ដង្កូវ​ទាំង​នោះ ខណៈ​ពួកគាត់​កំពុង​ត្រៀម​សាប​ព្រោះ​ធ្វើ​ស្រែ។ ពួកគាត់​ចាត់​ទុក​ដង្កូវ​ហ្វូង​ទាំង​នោះ​ថា ជា​សត្វ​ល្អិត​លំបាក​នឹង​រក​ថ្នាំ​កម្ចាត់ និង​បង្ការ​ដោយសារ​វា​ពួន​ក្នុង​រន្ធ​ដី។

កសិករ​នៅ​ឃុំ​សាមឃួយ ឃុំ​ស្ដៅ និង​ឃុំ​កំផុន ស្រុក​សេសាន កំពុង​រក​មធ្យោបាយ​កម្ចាត់ និង​បង្ការ​ដង្កូវ​ហ្វូង ដែល​បំផ្លាញ​ដំណាំ​ពួកគាត់​អស់​ជា​ច្រើន​ហិកតារ រយៈពេល​ជាង ២​សប្ដាហ៍​មក​ហើយ។ កសិករ​មួយ​ចំនួន​បាន​ទិញ​ថ្នាំ​បាញ់​កម្ចាត់ តែ​ពុំ​មាន​ប្រសិទ្ធភាព​ដោយសារ​តែ​ហ្វូង​ដង្កូវ​នោះ​លាក់​ខ្លួន​ក្នុង​រន្ធ​ដី​នៅ​ពេល​ថ្ងៃ និង​រក​ស៊ី​ចំណី​ពេលយប់។

កសិករ​ម្នាក់​ក្នុង​ចំណោម​កសិករ​ច្រើន​ទៀត រស់​នៅ​ឃុំ​សាមឃួយ គឺ​លោកស្រី ផាត់ សោភា កត់សម្គាល់​ថា សត្វ​ដង្កូវ​ហ្វូង​ទាំង​នោះ​បាន​បំផ្លាញ​ដំណាំ​អ្នក​ភូមិ​ស្ទើរ​គ្រប់​ក្រុម​គ្រួសារ មាន​ពោត សណ្ដែកបាយ ស្រូវ និង​ដំឡូង​មី​ជាដើម។ លោកស្រី​ថា អ្នក​ភូមិ​ពុំ​មាន​តួលេខ​ស្ដីពី​ទំហំ​ផ្ទៃ​ដី​ដែល​សត្វ​ដង្កូវ​ហ្វូង​បំផ្លាញ​ដាំ​ដំណាំ​ពួកគាត់​នោះ​ទេ ខណៈ​កសិករ​ខ្លះ​ដាំ​ពោត ចាប់​ពី​កន្លះ​ហិកតារ​ដល់ ៥​ហិកតារ និង​ខ្លះ​ដាំ​ស្រូវ​តាម​ចន្លោះ​ព្រៃ និង​មាត់​ទន្លេ ត្រូវ​ដង្កូវ​បំផ្លាញ​ពុំ​អាច​ប្រមូល​ផល​បាន។ លោកស្រី​បារម្ភ​ថា ប្រសិនបើ​ស្ថាប័ន​ជំនាញ​មិន​រក​មធ្យោបាយ​កម្ចាត់​ដង្កូវ​នេះ​ឲ្យ​ទាន់​ពេល​ទេ ស្រូវ​ពូជ​អ្នក​ភូមិ​ត្រៀម​សាប​ព្រោះ អាច​នឹង​ប្រឈម​ដង្កូវ​ហ្វូង​ទាំង​នោះ​បំផ្លាញ៖ «ពលរដ្ឋ​គាត់​បារម្ភ​នៅ​ភូមិ​គេ គេ​សាប​មុន​វា​ស៊ី​អស់​ហើយ ទម្រាំ​យើង​សាប​ក្រោយ​រឹត​តែ​ណាស់​ហើយ។ គេ​ដាំ​គេ​ចង់​បាន​ពោត​លក់ ដើម្បី​យក​លុយ​ទុក​ឆ្នាំ​ក្រោយ។ តែ​ឥឡូវ​ដង្កូវ​ស៊ី​អស់​ហើយ​ឆ្នាំ​ក្រោយ​ក៏​អត់​មាន​លុយ»។



ឆ្លើយ​តប​រឿង​នេះ មន្ត្រី​កសិកម្ម​ខែត្រ​ស្ទឹងត្រែង លោក ស្វាយ ពុទ្ធារ៉ា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ថា រយៈពេល​ពីរ​សប្ដាហ៍​មក​ហើយ ដែល​ដង្កូវ​ហ្វូង​បំផ្លាញ​ដំណាំ​ពលរដ្ឋ​នៅ​ស្រុក​ចំនួន​២ គឺ​ស្រុក​ថាឡាបរិវ៉ាត់ និង​ស្រុក​សេសាន។ លោក​ថា នៅ​ស្រុក​ថាឡាបរិវ៉ាត់ ដំណាំ​ពលរដ្ឋ មាន​ស្រូវ​ពោត និង​ដំឡូង​ជាដើម​ត្រូវ​ដង្កូវ​បំផ្លាញ​អស់ ១៥​ហិកតារ ហើយ​មន្ត្រី​ជំនាញ​កសិកម្ម​បាន​ចុះ​ស្រាវជ្រាវ​បញ្ហា​នេះ​ហើយ ហើយ​បាន​ណែនាំ​បច្ចេកទេស​បង្ការ​មួយ​ចំនួន​ដល់​កសិករ​កាល​ពី​សប្ដាហ៍​មុន។ លោក​ថា កសិករ​ប៉ះពាល់​ដោយសារ​ដង្កូវ​ហ្វូង​នោះ ភាគ​ច្រើន​ជា​ដំណាំ​បន្ទាប់​បន្សំ​លក្ខណៈ​គ្រួសារ នៅ​ចន្លោះ​ដី​ទំនេរ​មាត់​ទន្លេ៖ «ចុះ​ទៅ​ផ្សព្វផ្សាយ​គាត់​នឹង​ណែនាំ​បញ្ជាក់​បន្ថែម​ពី​មូលហេតុ។ ដង្កូវ​នៅ​កន្លែង​ណា វិធានការ​យ៉ាង​ម៉េច​ហើយ ដោយសារ​គាត់​ភ្ជួរ​ដី​មិន​បាន​ច្រើន​ដង»។


ដំណាំ​ពោត​របស់​កសិករ​នៅ​ឃុំ​សាមឃួយ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ត្រូវ​ដង្កូវ​ហ្វូង​បំផ្លាញ។ រូបថត​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Men Sothyr


​កសិករ​ម្នាក់​ទៀត គឺ​លោកស្រី ថែង បែង កត់សម្គាល់​ថា ដង្កូវ​ហ្វូង​ដែល​បំផ្លាញ​ដំណាំ​មាន ៣​ប្រភេទ។ ប្រភេទ​ទី​១ ប៉ុន​ម្រាមដៃ ទី​២ ប៉ុន​ចង្កឹះ និង​ទី​៣ ប៉ុន​ចង្កឹះ​មាន​រោម។ ដង្កូវ​៣​ប្រភេទ​នោះ​ច្រើន​រក​ចំណី​ពេល​យប់ និង​ពូន​ក្នុង​រន្ធ​ដី។ លោកស្រី​កត់សម្គាល់​ថា ដំណាំ​ដែល​ដង្កូវ​ទាំង​នោះ​រាតត្បាត​ហើយ មិន​អាច​ប្រមូល​ផល​បាន​ទេ ជាក់ស្ដែង​គ្រួសារ​លោកស្រី​ដាំ​ពោត ជាង ១​ហិកតារ​ត្រូវ​ដង្កូវ​ទាំង​នោះ​បំផ្លាញ​ស្លឹក​អស់​ពុំ​អាច​ប្រមូល​ផល​បាន។ លោកស្រី​ត្អូញត្អែរ​ថា បាតុភាព​នេះ​បណ្ដាល​ឲ្យ​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​ដែល​រស់​ពឹង​ផ្អែក​លើ​កសិកម្ម៖ «ដង្កូវ​វា​ពូន​ក្នុង​ដី យប់​វា​ឡើង​ស៊ី។ បារម្ភ​អស់​លុយ អស់​ទាំង​កម្លាំង​អត់​បាន​ផល»។

​មន្ត្រី​ជំនាញ​កសិកម្ម​ពន្យល់​ថា ដង្កូវ​ហ្វូង​កើត​ឡើង​ដោយសារ​អាកាសធាតុ​ក្ដៅ​អូស​បន្លាយ​ពេល​បណ្ដាល​ឲ្យ​ពង​មេ​អំបៅ​ក្នុង​ដី​អាច​ញាស់​ចេញ​ជា​ដង្កូវ​ច្រើន ស្រប​ពេល​ដែល​កសិករ​ដាំ​ដំណាំ។ កសិករ​កត់សម្គាល់​ថា វា​ជា​លើកដំបូង​ដែល​កសិករ​ប្រទះ​ឃើញ​ដង្កូវ​ហ្វូង​ទាំង​នោះ​កើត​មាន​រដូវវស្សា​ឆ្នាំ​នេះ។  យ៉ាង​ណា​មន្ត្រី​ជំនាញ​ផ្ដល់​អនុសាសន៍​ថា ដើម្បី​ក​ម្ចាស់​ការ​រីក​រាលដាល​ដង្កូវ​ទាំង​នោះ គឺ​ត្រូវ​ជីក​ប្រឡាយ​មិន​ឲ្យ​ដង្កូវ​ឆ្លង​កាត់ ឬ​ប្រើ​ថង់​ប្លាស្ទិក​បាំង ហើយ​ជីក​រណ្ដៅ​ដើម្បី​ឲ្យ​ដង្កូវ​ធ្លាក់​ចូល និង​ត្រូវ​ភ្ជួរ​រាស់​ដី​ច្រើន​ដង​មុន​សាប​ព្រោះ។ ក៏ប៉ុន្តែ​កសិករ​មួយ​ចំនួន​យក​ពិធី​នេះ​អនុវត្ត​ពុំ​មាន​ប្រសិទ្ធភាព​នោះ​ទេ។

​អ្នក​នាំពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ឲ្យ​ដឹង​ថា អាជ្ញាធរ​ខែត្រ​បាន​ទទួល​ព័ត៌មាន​នេះ​ហើយ នឹង​បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ច្រើន​រួប​ចុះ​ពិនិត្យ ​និង​រក​មធ្យោបាយ​បង្ការ និង​កម្ចាត់​ដង្កូវ​ហ្វូង​ទាំង​នោះ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ខែត្រ​នៅ​មិន​ទាន់​មាន​របាយការណ៍​ស្ដីពី​ទំហំ​ផ្ទៃដី​របស់​កសិករ​ដែល​ប៉ះពាល់​ដោយ​ដង្កូវ​នោះ​ទេ ខណៈ​អាជ្ញាធរ​ជំនាញ​បាន​ចុះ​ផ្សព្វផ្សាយ​ពិធី​បង្ការ មិន​ឲ្យ​រីក​រាលដាល៖ «អភិបាល​ខែត្រ​បាន​ចាត់​ឲ្យ​មន្ទីរ​ជំនាញ​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​រក​ព័ត៌មាន​ទាំង​អស់​ហ្នឹង ហើយ​ឲ្យ​រដ្ឋបាល​ធ្វើ​របាយការណ៍​ពី​ស្ថានភាព​ជាក់ស្ដែង»។

​មន្ត្រី​កសិកម្ម​ខែត្រ​កំពុង​រក​មធ្យោបាយ​កម្ចាត់​ដង្កូវ​ទាំង​នោះ និង​ត្រៀម​ផ្ដល់​ថ្នាំ​កម្ចាត់​ឲ្យ​កសិករ និង​ណែនាំ​កសិករ​ឲ្យ​យល់​ដឹង​ពិធី​បង្ការ៕

No comments: