A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Sunday, 26 June 2016
ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យនិងមេធាវីជួបពិភាក្សាគ្នាជុំវិញគម្រោងសំណង
ដោយ ខែ សុណង
2016-06-24
ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ជួបជុំគ្នាក្នុងវេទិកាថ្នាក់តំបន់ដើម្បីពិភាក្សាជុំវិញការទាមទារសំណងសមូហភាព និងសំណងជំងឺចិត្ត កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។
RFA/Cheu Sideth
ជនរងគ្រោះដែលតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីនៃសាលាក្ដីខ្មែរក្រហម ជាង ១០០នាក់ បានមកជួបជុំគ្នាដើម្បីយល់ដឹងអំពីការវិវឌ្ឍន៍នៃការកាត់ក្ដីជនជាប់ចោទ នួន ជា និង ខៀវ សំផន ក្នុងសំណុំរឿង ០០២ វគ្គ ២។ ក្រៅអំពីការស្វែងយល់នៃការវិវឌ្ឍន៍សាលាក្ដី បញ្ហាសំណងគឺជាប្រធានបទសំខាន់មួយដែលគេលើកយកមកពិភាក្សាដើម្បីប៉ះប៉ូវផ្លូវចិត្តរបស់ជនរងគ្រោះ។
អង្គភាពគាំពារជនរងគ្រោះនៃសាលាក្ដីខ្មែរក្រហម បានបើកឲ្យមានវេទិកាថ្នាក់តំបន់មួយ ផ្ដល់ឱកាសឲ្យជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងមេធាវីរបស់ខ្លួន ពិភាក្សាជុំវិញការទាមទារសំណងសមូហភាព និងសំណងជំងឺចិត្ត។
ប្រធានអង្គភាពគាំពារជនរងគ្រោះ លោក ហង្ស វណ្ណៈ មានប្រសាសន៍នៅថ្ងៃទី២៤ មិថុនា ថា ដំណើរការនៃការពិភាក្សាអំពីបញ្ហាសំណងមកដល់បច្ចុប្បន្ននេះ អង្គភាពទទួលបាន ១៧គម្រោងដែលជាសំណើរបស់ជនរងគ្រោះជិត ៤ពាន់នាក់ដែលតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី។
លោកថា ជាឱកាសពិភាក្សារវាងមេធាវីនិងកូនក្ដីបន្តទៀតដើម្បីយកសំណូមពរបង្កើតជាគម្រោងសំណង។ ដូច្នេះអង្គភាពនឹងស្វែងរកគម្រោងទាំងឡាយណាដែលអាទិភាពហើយនឹងផ្ដល់ប្រយោជន៍ដល់ជនរងគ្រោះឲ្យបានច្រើន៖ «សំណួរសួរថា តើយើងសងប៉ុន្មានដើម្បីឲ្យគ្រប់គ្រាន់ចម្លើយគឺថា សងម៉េចក៏អត់គ្រាន់ដែរ។ ឧទាហរណ៍ថា ជនរងគ្រោះមានឪពុកម្ដាយគាត់ស្លាប់ បើឪពុកម្ដាយគាត់ស្លាប់យើងត្រូវសងប៉ុន្មាន? បើគាត់ទារ ១ម៉ឺនសួរថា តម្លៃជីវិតនៃឪពុកម្ដាយគាត់ត្រឹម ១ម៉ឺនហ្នឹង? អ្នកដែលស្លាប់ទៅហើយចង់សងយ៉ាងម៉េចក៏អត់គ្រប់គ្រាន់ដែរ។ ប៉ុន្តែយើងព្យាយាមបង្កើតគម្រោងសំណងដើម្បីឲ្យជនរងគ្រោះយល់ថា អ្វីដែលគាត់បាត់បង់មិនធ្វើព្រងើយកន្តើយទេ អ្វីៗដែលយើងធ្វើនេះគឺដើម្បីកាត់បន្ថយ ឬមួយក៏លុបបំបាត់នូវផលវិបាកផ្សេងៗដែលធ្វើឡើងក្រោយសាលាក្ដីខ្មែរក្រហម»។
គម្រោងចំនួន ១៧ ត្រូវបានស្នើឡើងពាក់ព័ន្ធ ៣ផ្នែក គឺការស្ដារយុវនីតិសម្បទា ការអប់រំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ និងការចងចាំដែលគម្រោងសំណងនេះបានដាក់ស្នើទៅអង្គជំនុំជម្រះសាលាដំបូងដើម្បីពិចារណាក្នុងសំណុំរឿង ០០២ វគ្គ ២។
ជនរងគ្រោះដែលតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី លោកស្រី សែម ហឿន មកពីស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ថ្លែងថា លោកស្រីទាមទារសំណងនេះគឺដើម្បីរកយុត្តិធម៌ដល់ក្រុមគ្រួសារលោកស្រីដែលបាត់បង់ឪពុក និងបងប្រុស ៤នាក់ ក្រៅអំពីការកាត់សេចក្ដីផ្ដន្ទាទោសដល់ជនជាប់ចោទ៖ «ចង់ឲ្យសាលាក្ដីដាក់ទោសមួយជីវិតតែម្ដង ព្រោះប្រជាជនឈឺចាប់មួយពិភពលោកហ្នឹង គាត់ឈឺថាអត់ដែលថា អារម្មណ៍គាត់ស្បើយពេលណាទេសូម្បីតែគាត់ចាប់ប្រកបការងារអីក៏គាត់និយាយពីជំនាន់នេះប្រាប់កូនចៅនៅបឹង ស្រែ នៅចម្ការ និយាយរឿងអស់ហ្នឹងឲ្យកូនស្ដាប់អ៊ីចឹងទៅ ឲ្យកូនជួយរំលែកទុក្ខ ដោយដឹងថា របបនេះវាឃោរឃៅប៉ុណ្ណា?»។
ក៏ប៉ុន្តែអ្នកនាំពាក្យនៃសាលាក្ដីខ្មែរក្រហម លោក នេត ភក្ត្រា បានឲ្យដឹងថា យោងតាមការវាយតម្លៃស្ថានភាពជីវភាពរបស់ជនជាប់ចោទ ពុំមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការជួលមេធាវីនិងមានថវិកាសម្រាប់ចេញសំណងនោះទេ បើទោះជាច្បាប់ចែងថា សំណងត្រូវចេញដោយជនជាប់ចោទក៏ដោយ។ បញ្ហានេះទាមទារឲ្យអង្គភាពគាំពារជនរងគ្រោះដើរតួសម្របសម្រួលស្វះស្វែងរកការគាំទ្រថវិកាពីអង្គការក្រៅរដ្ឋាភិបាល មុនដាក់សំណើជូនទៅអង្គជំនុំជម្រះពិនិត្យសម្រេច។
សំណុំរឿង ០០២ វគ្គ ២ មានជនជាប់ចោទពីរូប គឺលោក នួន ជា វ័យ ៨៩ឆ្នាំ និង លោក ខៀវ សំផន វ័យ ៨៤ឆ្នាំ ដែលតុលាការនឹងបញ្ចប់ការសួរដេញដោលនៅពេលខាងមុខ ហើយគ្រោងនឹងប្រកាសសាលក្រមនៅឆ្នាំ២០១៧។ កាលពីចុងឆ្នាំ២០១៤ អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហមបានផ្ដន្ទាទោសជនជាប់ចោទទាំងពីរ ដាក់ពន្ធនាគារអស់មួយជីវិត៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment