A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Tuesday, 31 May 2016
ពលរដ្ឋខេត្តស្ទឹងត្រែងបារម្ភពលរដ្ឋឡាវប្រើថ្នាំបំពុលយកត្រីនៅតាមដងទន្លេក្បែរព្រំដែន
ដោយ ម៉ែន សុធីរ
2016-05-30
ត្រីងាប់នៅក្បែរទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) ក្នុងខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ជាប់ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា។ រូបថតថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦
រូបភាពដោយក្រុមយុវជនការពារសង្គម និងបរិស្ថាន
ពលរដ្ឋរស់នៅឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បារម្ភការប្រើថ្នាំពុលចាប់ត្រីដោយប្រជាជនឡាវ នៅទន្លេមេគង្គលើជាប់ព្រំដែនប្រទេសទាំងពីរ ដែលប៉ះពាល់ដល់មច្ឆជាតិកាន់តែធ្ងន់ធ្ងរនារដូវត្រីពង។ ការបារម្ភនេះ បន្ទាប់ពីពលរដ្ឋច្រើនគ្រួសារ ប្រទះឃើញត្រីងាប់អណ្ដែតទឹកជាបន្តបន្ទាប់ច្រើនគីឡូក្រាម ចាប់តាំងពីពាក់កណ្ដាលខែឧសភា រហូតបច្ចុប្បន្ន ហើយពួកគាត់បានរើសត្រីនោះមកបរិភោគបណ្ដាលឲ្យពុល។
ពលរដ្ឋរស់នៅឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ អះអាងថា ការដាក់ថ្នាំបំពុលត្រី និងប្រើឧបករណ៍ល្មើសច្បាប់ផ្សេងៗនៅទន្លេមេគង្គលើដោយប្រជាជនឡាវ កំពុងប៉ះពាល់ដល់ពូជត្រីកម្រនៅតំបន់នោះ និងប៉ះពាល់សុខភាពប្រជាពលរដ្ឋដែលបានបរិភោគត្រីគេបំពុល។
ពលរដ្ឋរស់នៅឃុំអូរស្វាយ ថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ចាប់ពីពាក់កណ្ដាលខែឧសភា មក ពលរដ្ឋច្រើនគ្រួសាររស់នៅឃុំអូរស្វាយ រើសបានត្រីដែលគេបំពុលក្នុងមួយគ្រួសារចាប់ពី ១គីឡូក្រាមដល់ជាង ១០គីឡូក្រាមនៅខ្សែទឹកខាងលើនៃកន្ទុយកោះស្តាំ ខាងលិចភូមិវ៉ើងខាម ខេត្តចំប៉ាសាក់ ប្រទេសឡាវ។ ត្រីដែលរើសបាននោះ ដូចជាត្រីឆ្ពិន និងត្រីក្អែក ជាដើម។
លោកកត់សម្គាល់ថា ពលរដ្ឋបរិភោគត្រីដែលគេបំពុលនោះ កើតអាការៈចុកពោះ ក្អួតចង្អោរ និងវិលមុខ តែពុំមានពលរដ្ឋណាស្លាប់ឡើយ។ លោកថា ពលរដ្ឋរស់នៅឃុំព្រះរំកិល មួយចំនួន ក៏បរិភោគត្រីដែលឡាវ បំពុលនេះដែរ៖ «ដឹងគ្រប់គ្នាចឹងទៅក៏មិនសូវហ៊ានហូបអីដែរ។ មុនហូបប្រុងប្រយ័ត្នមើលច្បាស់លាស់។ ឥឡូវនៅមិនទុកចិត្ត ព្រោះអីត្រីពុលសម្បូរ»។
មេឃុំអូរស្វាយ លោក រ័ត្ន ស៊ុន ទទួលស្គាល់ថា អ្នកនេសាទឡាវ ប្រើថ្នាំពុលចាប់ត្រីនៅតំបន់ជាប់ព្រំដែនទឹកប្រទេសទាំងពីរ ហើយលោកបានធ្វើរបាយការណ៍ករណីនេះទៅអាជ្ញាធរស្រុករួចហើយ។ លោក រ័ត្ន ស៊ុន ពុំអាចបញ្ជាក់ពីតួលេខពលរដ្ឋប៉ុន្មានគ្រួសារពុលត្រីនោះឡើយ ដោយសារបាតុភាពនេះកើតមានក្នុងចន្លោះគ្រួសារនីមួយៗ។ លោកកត់សម្គាល់ថា មកទល់ពេលនេះ មានបុរសចំណាស់ម្នាក់ដែលបានបរិភោគត្រីគេបំពុលនោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ៖ «ឃើញគេចាប់ត្រីមកក៏យើងប្រមូលប្រជាពលរដ្ឋមក យើងបំផ្លាញត្រីហ្នឹង យើងបង្ហាញភស្តុតាងហេតុដែលត្រីមានជាតិពុលហ្នឹង ហើយយើងបានបំផ្លាញត្រីហ្នឹងមិនឲ្យពលរដ្ឋលក់ដូរ និងហូបចុកទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងនាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង លោក ប៉ែន ឈុនឌី ដើម្បីសុំការអធិប្បាយករណីនេះបានទេនៅថ្ងៃទី៣០ ឧសភា ព្រោះទូរស័ព្ទលោកមិនអាចទាក់ទងបាន។
កាលពីខែមេសា ឆ្នាំ២០១៦ ឆ្មាំអភិរក្សទន្លេនៃឃុំអូរស្វាយ ប្រទះឃើញទូកនេសាទឡាវ ជាច្រើនគ្រឿង ប្រើថ្នាំពុលចាប់ត្រីនៅតំបន់ព្រំដែនប្រទេសទាំងពីរ ឋិតនៅដៃទន្លេមេគង្គលើ នៃកន្ទុយកោះស្តាំ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ជាប់ខេត្តចំប៉ាសាក់ ប្រទេសឡាវ។ បន្ទាប់មក ប្រជាជនឡាវ បានរត់គេចខ្លួនពេលឃើញឆ្មាំអភិរក្សរបស់កម្ពុជា បន្សល់ទុកសម្ភារៈនេសាទមួយចំនួនសម្រាប់បំពុលត្រី។
មន្ត្រីសម្របសម្រួលគម្រោងសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) ខេត្តស្ទឹងត្រែង លោក ឯក ចំរើន យល់ថា មន្ត្រីជំនាញគួរស៊ើបអង្កេតពីហេតុផលបណ្ដាលឲ្យកើតមានបាតុភាពនេះ ដើម្បីជាភស្តុតាងសម្រាប់រៀបចំឯកសារអន្តរាគមន៍ទៅអាជ្ញាធរឡាវ។ លោកថា បន្ទាប់ពីកើតមានករណីនេះ អាជ្ញាធររដ្ឋាភិបាលគួរផ្សព្វផ្សាយឲ្យពលរដ្ឋប្រុងប្រយ័ត្ននៅពេលបរិភោគត្រី៖ «ជំនាញជលផលត្រូវស្នើសុំដល់ប្រមុខរដ្ឋាភិបាល ឬអាជ្ញាធរខេត្តស្ទឹងត្រែង ដើម្បីឲ្យមានការទំនាក់ទំនងគ្នារវាងប្រទេសជាប់គ្នា ដើម្បីមានវិធានការ ឬសំណូមពរទាក់ទងបាតុភាពហ្នឹង»។
អ្នកជំនាញជលផលកត់សម្គាល់ថា ជាទម្លាប់ ការនេសាទរបស់ប្រជាជនខ្មែរ និងប្រជាជនឡាវ រស់នៅអមសងខាងទន្លេមេគង្គ អាជ្ញាធរនៃប្រទេសទាំងពីរមិនបានអនុវត្តតំបន់ព្រំដែនរដ្ឋបាលទាក់ទងការនេសាទឆ្លងដែនឡើយ ហើយប្រជាជនឡាវ ច្រើនឆ្លងដែនមកនេសាទនៅទន្លេរបស់កម្ពុជា ដោយសារការនេសាទរបស់ប្រជាជនឡាវ នៅតំបន់កោះហួសាហុង ឬច្រកសាហុង និងកោះដនសាដាម ខេត្តចំប៉ាសាក់ ប្រទេសឡាវ ត្រូវបានរដ្ឋាភិបាលឡាវ បិទការនេសាទទាំងស្រុង ដើម្បីសាងសង់ទំនប់វារីអគ្គិសនីដនសាហុង៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment