ស្ថានទូតសហរដ្ឋអាមេរិកជំរុញឲ្យបក្សជាប់ឆ្នោតទាំងពីរវិលមករកការចរចាឡើងវិញជាបន្ទាន់
ដោយ ចេង ម៉េងជូ
2016-05-26
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) ថ្លែងក្នុងសន្និបាតអប់រំរបស់សមាគមអតីតនិស្សិតអាហារូបករណ៍សហរដ្ឋអាមេរិក នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥។
RFA/Cheng Mengchou
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាជំរុញឲ្យបក្សជាប់ឆ្នោតទាំងពីរ វិលមករកតុចរចាឡើងវិញជាបន្ទាន់ដើម្បីបញ្ចប់វិបត្តិនយោបាយបច្ចុប្បន្ន។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនផ្សព្វផ្សាយនៅទំព័រហេ្វសប៊ុក(FACEBOOK)នៅល្ងាចថ្ងៃទី២៦ ឧសភា នេះ ស្ថានទូតសហរដ្ឋអាមេរិកបង្ហាញក្ដីបារម្ភអំពីព្រឹត្ដិការណ៍នយោបាយដែលរដ្ឋាភិបាល បានប្រើកម្លាំងប្រដាប់អាវុធសម្រុកចូលទីស្នាក់ការគណបក្សសង្គ្រោះជាតិដោយពុំបានបញ្ជាក់ពីមូលហេតុច្បាស់លាស់។
ស្ថានទូតសហរដ្ឋអាមេរិក ចាត់ទុកការប្រើកម្លាំងប្រដាប់អាវុធនេះថា ជាជំហានដ៏គ្រោះថ្នាក់។ នៅថ្ងៃដដែលនេះ ស្ថានទូតសហរដ្ឋអាមេរិកប្រាប់ពលរដ្ឋរបស់ខ្លួន ឲ្យនៅឆ្ងាយពីបរិវេណទីស្នាក់ការបក្សប្រឆាំង តាមបណ្ដោយផ្លូវព្រះនរោត្ដម។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ជេ រ៉ាមែន (Jay Raman) ថ្លែងបែបនេះនៅក្នុងបណ្ដាញទំនាក់ទំនងធ្វីទ័រ (Twitter) នៅថ្ងៃទី២៦ ឧសភា ក្រោយពីកម្លាំងប្រដាប់អាវុធបានឡោមព័ទ្ធទីស្នាក់ការកណ្ដាលបក្សសង្គ្រោះជាតិ និងស្ទាក់ឃាត់នៅលើផ្លូវនរោត្តម ក្បែរសាលាពញាហុក។
ស្រដៀងគ្នានេះ ស្ថានទូតប្រទេសស៊ុយអែត(SWEDEN) ប្រចាំកម្ពុជា នៅថ្ងៃទី២៦ ឧសភា នេះ ក៏បានសរសេរនៅលើទំព័រហ្វេសប៊ុក(Facebook) របស់ខ្លួនជំរុញពលរដ្ឋរបស់ខ្លួនឲ្យចៀសវាងធ្វើដំណើរទៅទីតាំងដែលមានការប្រមូលផ្ដុំមនុស្សច្រើន ខណៈស្ថានការណ៍នយោបាយកាន់តែតានតឹង៕
1 comment:
As the avocate and champion of the universal democracy, and a supreme signatory of the 1991 Peace Accords, the US should lead the rest of the Signatories to help the Khmer people.
Post a Comment