A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Saturday, 28 May 2016
សហជីពសេរីកម្មករអំពាវនាវឲ្យកម្មករកូដកម្មមិនចូលធ្វើការបើមានការចាប់ខ្លួនលោក កឹម សុខា
ដោយ ខែ សុណង
2016-05-27
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីគម្រប់ខួប១២ឆ្នាំនៃការស្លាប់របស់លោក ជា វិជ្ជា នៅជិតវត្តលង្កា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។
RFA/Brach Chev
សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវឲ្យកម្មករកម្មការិនីប្រើប្រាស់សិទ្ធិរបស់ខ្លួនធ្វើកូដកម្ម មិនចូលធ្វើការក្នុងករណីចាប់ឬឃាត់ខ្លួន លោក កឹម សុខា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមនៃគណបក្សសង្គ្រោះជាតិ ដែលកំពុងមានអភ័យឯកសិទ្ធិសភា។ ប៉ុន្តែការអំពាវនាវធ្វើកូដកម្មនេះ ត្រូវបានមន្ត្រីក្រសួងមហាផ្ទៃព្រមានចាត់វិធានការ។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការដល់ក្រុមសហជីពកម្មករ ប្រសិនបើមានការធ្វើកូដកម្មណាមួយដែលផ្ទុយពីច្បាប់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានឆ្លើយតបថា លោកគាំទ្រចំពោះការជួបជុំរបស់កម្មករធ្វើកូដកម្ម ប៉ុន្តែស្នើឲ្យគោរពទៅតាមច្បាប់សហជីព ពុំនោះទេសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់៖ «ធ្វើអ្វីក៏ដោយអោយតែឋិតនៅក្របខ័ណ្ឌច្បាប់។ ច្បាប់សហជីពមានហើយ។ អ្វីក៏ដោយយើងទៅតាមផ្លូវច្បាប់ទៅមុនធ្វើកូដកម្មយើងត្រូវធ្វើយ៉ាងម៉េច? ក្នុងករណីដែលមិនគោរពតាមច្បាប់ទេគឺសមត្ថកិច្ចនឹងដោះស្រាយតាមផ្លូវច្បាប់»។
សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មានមួយនៅថ្ងៃទី២៧ ឧសភា អំពាវនាវឲ្យកម្មករត្រៀមខ្លួនប្រើសិទ្ធិរបស់ខ្លួនធ្វើកូដកម្ម ដើម្បីជំរុញឲ្យមានការអនុវត្តច្បាប់ពាក់ព័ន្ធនឹងអភ័យឯកសិទ្ធិសភាតំណាងរាស្ត្រ។
ប្រធានសហជីពសេរីកម្មករ លោក ជា មុនី មានប្រសាសន៍ថា លោកប្រកាសឲ្យកម្មករធ្វើដូច្នេះ ព្រោះមានសំណួរជាច្រើនពីពួកគេដែលគាំទ្រគណបក្សសង្គ្រោះជាតិ បន្ទាប់ពីតុលាការបង្គាប់ឲ្យចាប់ខ្លួន លោក កឹម សុខា៖ «បច្ចុប្បន្នយើងមានច្បាប់មានព្រះមហាក្សត្រដូច្នេះយើងចង់ធ្វើអ្វីមួយឲ្យវាត្រូវតាមច្បាប់ឧទាហរណ៍ថាបើយើងចង់ចាប់អ្នកតំណាងរាស្ត្រណាមួយដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្ដែងដែលមានចែងយើងអាចចាប់គាត់ភ្លាមៗបាន ប៉ុន្តែបើបទល្មើសនោះមិនមែនជាបទល្មើសព្រហ្មទណ្ឌត្រូវតែធ្វើយ៉ាងណាដោះអភ័យឯកសិទ្ធិ គាត់ឲ្យអស់ទៅ។ ហើយចាប់គាត់ទៅតាមសម្រួលទៅអាហ្នឹងវាអត់មានការឈឺចាប់ដល់ប្រជាពលរដ្ឋឬកម្មករកម្មការិនីដែលគាំទ្រ»។
ការព្រមានធ្វើកូដកម្មនេះ បន្ទាប់ពីតុលាការកាលពីថ្ងៃទី២៦ ឧសភា បង្គាប់ឲ្យចាប់ខ្លួន លោក កឹម សុខា ដោយចោទប្រកាន់ពីបទល្មើសជាក់ស្ដែង នៃការមិនចូលបំភ្លឺតាមដីកាកោះរបស់តុលាការក្នុងនាមជាសាក្សី ក្នុងរឿងសញ្ចារកម្ម ពាក់ព័ន្ធនឹងអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។
កាលយប់ថ្ងៃទី២៦ ឧសភា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្ដីថ្លែងការណ៍មួយ និងបង្គាប់ឲ្យមន្ត្រីនគរបាលយុត្តិធម៌ ស្វែងរកចាប់ខ្លួនលោក កឹម សុខា មកចំពោះមុខអយ្យការសាលាដំបូងរាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេតបទល្មើសជាក់ស្ដែង ស្របតាមខ្លឹមសារមាត្រា៨៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលចែងអំពីនិយមន័យបទឧក្រិដ្ឋ ឬមជ្ឈិមជាក់ស្ដែង។
ការចេញសេចក្ដីប្រកាសរបស់សាលាដំបូង គឺបន្ទាប់ពីសមត្ថកិច្ចប្រដាប់ដោយអាវុធគ្រប់ដៃប្រមាណ២០នាក់ បានសម្រុកចូលទីស្នាក់ការកណ្ដាលបក្សសង្គ្រោះជាតិ ដោយមិនបញ្ជាក់ពីមូលហេតុ។ ប៉ុន្តែភ្លាមៗក្រុមសមត្ថកិច្ចប្រដាប់អាវុធនេះ បានត្រឡប់ចេញវិញ ក្រោយមានការសួរនាំរកដីកា។ មុនហេតុការណ៍នោះ រថយន្តរបស់លោក កឹម សុខា ដែលប្រពន្ធរបស់លោកកំពុងធ្វើដំណើរពីគណបក្សត្រឡប់ទៅផ្ទះ ក៏ត្រូវបានសមត្ថកិច្ចប្រដាប់ដោយអាវុធមួយក្រុមស្ទាក់ឃាត់តាមផ្លូវនរោត្តម ក្បែរសាលាពញាហុក តែបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ ក្រោយពិនិត្យមើលក្នុងរថយន្តមិនឃើញលោក កឹម សុខា។
ថ្វីបើមានការព្រមានធ្វើកូដកម្មប្រឆាំងការចាប់ខ្លួនលោក កឹម សុខ នៅថ្ងៃដដែលនេះ កញ្ញា ធី សុវណ្ណថា ម្ចាស់គណនេយ្យហ្វេសប៊ុក ល្បីឈ្មោះម្នាក់ បានសរសេរលើហ្វេសប៊ុករបស់ខ្លួនថា បើមានបាតុកម្មប្រឆាំងការចាប់ខ្លួនលោក កឹម សុខា នាងនឹងដឹកនាំបាតុកម្មគាំទ្រចំណាត់ការរបស់តុលាការវិញ។
ច្បាប់ស្ដីពី សហជីព ទើបបង្កើតត្រង់មាត្រា១៣ ដែលចែងអំពីលក្ខខណ្ឌតម្រូវសម្រាប់លក្ខន្តិកៈ ចំណុចទី៥ ចែងថា លក្ខខណ្ឌតម្រូវឲ្យមានការបោះឆ្នោតជាសម្ងាត់ដោយសំឡេងយ៉ាងតិច ៥០% បូក១ នៃសមាជិកដែលចូលរួមកិច្ចប្រជុំសម្រេចធ្វើកូដកម្ម។ ចំណែកមាត្រា៨៩ អំពើបង្ខិតបង្ខំឲ្យចូលរួមធ្វើកូដកម្ម ចែងថា ត្រូវព្រមានជាលាយលក្ខអក្សរចំពោះបុគ្គលដែរតាមគ្រប់មធ្យោបាយបង្ខិតបង្ខំឲ្យកម្មករនិយោជិកឲ្យចូលរួមធ្វើកូដកម្ម ឬរារាំងកម្មករ និយោជិកដែលមិនមែនជាកូដករមិនឲ្យធ្វើការងាររបស់ខ្លួនត្រូវពិន័យប្រាក់មិនលើសពី ៥លានរៀល៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment