អាជ្ញាធរខេត្តមណ្ឌលគិរីកោះហៅមនុស្ស៤នាក់ទៅបំភ្លឺរឿងបញ្ចេញមតិតាមហ្វេសប៊ុក
ដោយ រដ្ឋា វិសាល
2016-05-17 rfa
សហគមន៍ជនជាតិដើមភាគតិច នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាន់បដាទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ថតបង្ហោះក្នុងហ្វេសប៊ុក (Facebook)។
Photo provided
នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំប៊ូស្រា កោះហៅតំណាងសហគមន៍ជនជាតិដើមភាគតិចព្នង រស់នៅឃុំប៊ូស្រា ចំនួន ៤នាក់ ទៅបំភ្លឺពាក់ព័ន្ធថតរូបលើកបដាបង្ហោះក្នុងបណ្ដាញព័ត៌មានសង្គមគាំទ្រសកម្មជនសិទ្ធិមនុស្សអង្គការអាដហុក និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារ។
សកម្មជនសហគមន៍ជនជាតិដើមភាគតិចព្នង ២នាក់ បានចូលទៅឆ្លើយបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប៊ូស្រា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ពាក់ព័ន្ធលិខិតអញ្ជើញចំនួនពីរផ្សេងគ្នារបស់មន្ត្រីនគរបាលប៉ុស្តិ៍ដើម្បីបំភ្លឺករណីលើកបដាបញ្ចេញមតិបង្ហោះក្នុងបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក (Facebook)។
តំណាងសហគមន៍ទាំង ២នាក់ គឺលោក ក្រើង តុលា និងលោក ក្លាង ភូ ប៉ុន្តែមិនមានការឃាត់ខ្លួនអ្នកទាំងពីរក្នុងការហៅទៅសាកសួរនេះទេ។
តំណាងសហគមន៍ម្នាក់ក្នុងចំណោម ៤នាក់ គឺលោក ក្រើង តុលា កត់សំគាល់ថា ការកោះហៅនេះទាក់ទិនសមាជិកសហគមន៍ប្រមាណ ១០០នាក់ ជួបជុំគ្នាថតរូបលើកបដាបញ្ចេញមតិពាក់ព័ន្ធការចាប់ខ្លួនមន្ត្រីការពារសិទ្ធិមនុស្សអង្គការ និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីដើមខែឧសភា។ លោកបន្តថា ប៉ូលិសបានសាកសួរពីមន្ត្រីអង្គការសង្គមស៊ីវិលនៅពីក្រោយការលើកបដានេះ ក៏ប៉ុន្តែសហគមន៍បដិសេធមិនមានមន្ត្រីអង្គការសង្គមស៊ីវិលញុះញង់បញ្ហានេះទេ៖ «នេះជារឿងធម្មតាដើម្បីបំពេញភារកិច្ចរបស់គាត់ យើងអត់បានជេរប្រមាថគាត់ទេ។ ខ្ញុំគិតថា អត់បញ្ហាប្រជាពលរដ្ឋនៅតែធ្វើ បើនិយាយពីផ្លូវច្បាប់យើងអត់មានខុសទេ»។
កាលពីថ្ងៃទី១០ ខែឧសភា មន្ត្រីប៉ូលិសឃុំប៊ូស្រា បានទូរស័ព្ទហៅតំណាងសហគមន៍ឃុំប៊ូស្រា គឺលោក ក្លាង ភូ និងលោក ស្រើញ ទិច ចំនួនពីរលើក គឺទៅបំភ្លឺនៅផ្ទះអនុប្រធានប៉ុស្តិ៍មួយលើក និងនៅប៉ុស្តិ៍នគរបាលឃុំមួយលើក។ ដោយឡែកមន្ត្រីប៉ូលិសបានកោះហៅតំណាងសហគមន៍ ២នាក់ទៀតគឺលោក ក្រើន តុលា និងលោក ឃុត ចាន់រ៉ា ឲ្យទៅបំភ្លឺ នៅប៉ុស្តិ៍នគរបាលឃុំនៅថ្ងៃទី១៧ ខែឧសភា ក៏ប៉ុន្តែលោក ឃុត ចាន់រ៉ា ជាប់រវល់ ទើបលោក ក្លាង ភូ ចូលខ្លួនទៅជំនួស។
ទាក់ទិនការកោះហៅនេះ នាយនគរបាលប៉ុស្តិ៍ប៊ូស្រា លោក សឿន សុភ័ក្រ បញ្ជាក់ថា នេះជាតួនាទីរបស់លោកដែលធ្វើតាមបទបញ្ជារបស់ស្នងការប៉ូលិសដើម្បីសាកសួរពីគោលបំណងសហគមន៍ទាក់ទិនការលើកបដានេះ។ លោកថា សមត្ថកិច្ចមិនបានគំរាមកំហែង ឬរំលោភសិទ្ធិជនជាតិដើមអ្វីនោះឡើយ៖ «ហៅសហគមន៍មកបំភ្លឺគាត់មានបំណងអ្វី? គាត់ធ្វើស្អីៗ អ៊ីចឹងអត់មានបញ្ហាអ្វីទេ គាត់អត់មានធ្វើអ្វីទេ»។
បដាដែលសហគមន៍ប៊ូស្រា ថតរូបបង្ហោះក្នុងបណ្ដាញព័ត៌មានសង្គមមានខ្លឹមសារថា "យើងខ្ញុំប្រជាសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី តែងតែដឹងគុណ និងគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានិច្ច។ ប៉ុន្តែសូមសម្ដេចដោះលែងមន្ត្រី គ.ជ.ប និងសកម្មជនការពារសិទ្ធិមនុស្សឲ្យមានសេរីភាពដោយគ្មានលក្ខខណ្ឌ។ យើងខ្ញុំប្រជាសហគមន៍មានការសោកស្ដាយចំពោះសកម្មជនការពារសិទ្ធិមនុស្សដែលរងការចោទប្រកាន់ដោយអយុត្តិធម៌"។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា ចាត់ទុកការកោះហៅនេះថា ជាការគំរាមកំហែង និងរំលោភសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ។ លោកថា ការលើកបដាថតរូបបង្ហោះក្នុងបណ្ដាញសង្គមរបស់សហគមន៍ មិនបានប៉ះពាល់សិទ្ធិបុគ្គលណាផ្សេងឡើយ៖ «ហាក់មានការបំពានច្បាប់រដ្ឋធម្មនុញ្ញ និងរំលោភសិទ្ធិបញ្ចេញមតិប្រជាពលរដ្ឋ និងសហគមន៍។ ប៉ុន្មានថ្ងៃមុនគេហៅពីរនាក់ ប៉ុន្តែគាត់មិនចូលទេ ព្រោះគ្មានលិខិតអញ្ជើញ»។
មន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក ៤រូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុនី្ន ព្រមទាំងមន្ត្រី គ.ជ.ប ១រូប គឺលោក នី ចរិយា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ កោះហៅមកសាកសួរតាំងពីថ្ងៃទី២៧ ខែមេសា និងឈានដល់ឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៨ ខែមេសា រួចបញ្ជូនមកតុលាការនៅល្ងាចថ្ងៃទី៣០ ខែមេសា ពាក់ព័ន្ធនឹងអំពើពុករលួយជុំវិញការចោទប្រកាន់របស់អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ រហូតដល់ថ្ងៃទី២ ខែឧសភា តុលាការសម្រេចបញ្ជូនពួកគេទៅឃុំខ្លួនបណ្ដោះអាសន្ន ក្រោមបទចោទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី៕
1 comment:
Human right in the nation start to shrink now . Any expression of idea or wear wrong color of cloth in Monday was considered as a conspiracy to put down or make trouble to government.what else we Khmer still have it .If you are not in their ludicrous party ,every move as sex secret or word onn the conversation need to be carefully craft, soon before you have legitimate sex with your legal wife you need to alert the authority first and don't talk "i love you honey" or something ,if the police hear it, they will take you to jail without any court order .Like the western civilization fun talk said shoot first and ask you later . What the hell is this ? DEMOCRACY ?
Post a Comment