A Change of Guard
សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican
Saturday, 28 May 2016
លោក ឈាង វុន ថាចំណាត់ការរបស់សមត្ថកិច្ចគឺដើម្បីនាំខ្លួនលោក កឹម សុខា ទៅតុលាការ
ដោយ ប្រាជ្ញ ចេវ
2016-05-26
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ផ្តល់បទសម្ភាសន៍បន្ទាប់ពីកិច្ចប្រជុំនៃគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦។ RFA/Brach Chev
RFA/Brach Chev
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន យល់ថា ចំណាត់ការរបស់សមត្ថកិច្ចលើក្បួនរថយន្តរបស់លោក កឹម សុខា និងចុះទៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ នោះ គឺដើម្បីនាំខ្លួនលោក កឹម សុខា ទៅតុលាការ ព្រោះលោក កឹម សុខា មិនបានចូលខ្លួនបំភ្លឺក្នុងនាមជាសាក្សីតាមការកោះហៅរបស់តុលាការ។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ យល់ថា ការនាំខ្លួន គឺស្មើនឹងការចាប់ខ្លួន ឬឃាត់ខ្លួន ដែលសកម្មភាពនេះជាការរំលោភលើរដ្ឋធម្មនុញ្ញមាត្រា៨០ ខណៈលោក កឹម សុខា កំពុងមានអភ័យឯកសិទ្ធិ។
តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន យល់ថា គឺលោក កឹម សុខា ជាអ្នករុញឲ្យមានស្ថានការណ៍ធ្លាក់ទៅបែបនេះ ខណៈតុលាការកោះហៅលោកធ្វើជាសាក្សីជាច្រើនដង ប៉ុន្តែលោក កឹម សុខា មិនបានចូលខ្លួនបំភ្លឺតាមដីកា។ លោក ឈាង វុន បន្តថា លោក កឹម សុខា កំពុងធ្វើឲ្យមានករណីនេះក្លាយជាបទល្មើសជាក់ស្តែងហើយ៖ «ឯកឧត្តម កឹម សុខា គាត់បង្កការលំបាកឲ្យខ្លួនគាត់ បើតាមខ្ញុំដឹង គាត់អញ្ជើញទៅជាសាក្សីទេ ហើយនៅក្នុងការងារដំបូងរបស់តុលាការគាត់ត្រូវឆ្លើយ»។
មកដល់ពេលនេះ មិនទាន់មានការពន្យល់ណាមួយពីសមត្ថកិច្ចក្រុងភ្នំពេញ ទាក់ទងចំណាត់ការនៅពេលនេះទេ។ ចំណែកអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឲ្យដឹងថា ព្រះរាជអាជ្ញាដែលកាន់សំណុំរឿងនេះ កំពុងពិនិត្យលើឯកសារ និងនីតិវិធីសម្រាប់ចំណាត់ការបន្តទៅលើលោក កឹម សុខា។
កាលពីម៉ោង ១១កន្លះថ្ងៃទី២៦ ខែឧសភា កងកម្លាំងសមត្ថកិច្ចប្រដាប់ដោយអាវុធ បានស្ទាក់ឃាត់ក្បួនរថយន្តរបស់លោក កឹម សុខា នៅលើកំណាត់ផ្លូវនរោត្តមក្បែរសាលាពញាហុក ដែលក្បួនរថយន្តធ្វើដំណើរចេញពីទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ ក្រុងភ្នំពេញ ប៉ុន្តែនៅក្នុងរថយន្តនោះ គ្មានវត្តមានលោក កឹម សុខា ទេ។ បន្ទាប់ពីគ្មានវត្តមាននៅទីនោះ សមត្ថកិច្ចប្រមាណ ២០នាក់ បានសម្រុកចូលទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នៅម៉ោងប្រមាណ ១២កន្លះថ្ងៃដដែល ដោយមិនបញ្ជាក់ពីមូលហេតុអ្វីឡើយ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ឲ្យដឹងថា ក្រុមសមត្ថកិច្ចដែលចុះមកដល់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ មិនបានបង្ហាញដីកា និងលិខិតស្នាមអ្វីទេ។ លោកបន្តថា បន្តិចក្រោយមក ក្រុមសមត្ថកិច្ចដែលប្រដាប់ដោយអាវុធ ក៏នាំគ្នាចាកចេញពីទីស្នាក់ការគណបក្សវិញ ដោយមិនបាននិយាយអ្វីទាំងអស់៖ «នាំខ្លួន! នាំខ្លួនឃាត់ខ្លួន ស្មើនឹងចាប់ខ្លួនបាត់ហើយ! ឯកឧត្តម កឹម សុខា កំពុងមានអភ័យឯកសិទ្ធិ»។
លោក យឹម សុវណ្ណ បដិសេធមិននិយាយពីវត្តមានលោក កឹម សុខា ថានៅឯណានោះទេ។ លោកក៏មិនទាន់ឲ្យដឹងថា តើគណបក្សសង្គ្រោះជាតិ នឹងធ្វើអ្វីទៀតបន្ទាប់ពីមានចំណាត់ការរបស់សមត្ថកិច្ចនៅពេលនេះ។ ប៉ុន្តែលោកស្នើទៅគណបក្សនយោបាយពាក់ព័ន្ធ ដោះស្រាយបញ្ហាដោយសន្តិវិធី។
ខណៈតុលាការកំពុងមានចំណាត់ការជាបន្តបន្ទាប់លើតំណាងរាស្ត្រ មន្ត្រីគណបក្សសង្គ្រោះជាតិ និងសកម្មជនសិទ្ធិមនុស្ស គណបក្សសង្គ្រោះជាតិ បានស្វះស្វែងរកការចរចាជាមួយគណបក្សប្រជាជនកម្ពុជា ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបវិញទេ។
ទាក់ទងរឿងនេះ មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ដែលជាសមាជិកចរចាម្នាក់នៃគណបក្សកាន់អំណាច បង្ហើបឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ពិបាកជួបចរចាជាមួយគណបក្សសង្គ្រោះជាតិ ណាស់ ព្រោះគណបក្សនេះគ្មានប្រធានក្រុមភាគតិចនៅក្នុងសភាជាផ្លូវការ ខណៈលោក សម រង្ស៊ី កំពុងមានទោស ហើយនៅក្រៅប្រទេសទៀតផង។ លោកថា លោក កឹម សុខា សព្វថ្ងៃដែលជាប្រធានស្តីទីនោះគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទៅនិយាយជាមួយលោក ស ខេង ដែលជាប្រធានក្រុមភាគច្រើននៅក្នុងសភាទេ។
មន្ត្រីគណបក្សកាន់អំណាចរូបនេះផ្តល់មតិថា គណបក្សសង្គ្រោះជាតិ ត្រូវដាក់លិខិតមកប្រធានរដ្ឋសភា បង្ហាញពីបេក្ខភាពប្រធានក្រុមភាគតិចនេះជាផ្លូវការ ទើបជជែកអាចធ្វើឡើងដោយស៊ីជម្រៅ ដែលមិនមែនជាការជជែកចែកលុយចែកឡាន៖ «គន្លឹះមានម៉ាគំនរហ្នឹង តែងតាំងអនុប្រធានទី១ រដ្ឋសភាទៅ បើថាមិនទាន់ដាក់អនុប្រធានទី១ សភាក៏មិនអីដែរ តែងតាំងប្រធានសំឡេងភាគតិចហ្នឹងឲ្យបានច្បាស់លាស់មក»។
ប៉ុន្តែអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បដិសេធការលើកឡើងរបស់លោក ឈាង វុន។ លោកថា លោក កឹម សុខា បានទទួលសិទ្ធិពេញលេញពីលោក សម រង្ស៊ី រួចហើយ ហើយនេះជាការទទួលខុសត្រូវរបស់គណបក្សសង្គ្រោះជាតិ ដូច្នេះគណបក្សប្រជាជនកម្ពុជា មិនចាំបាច់ព្រួយបារម្ភទេ៕
Subscribe to:
Post Comments (Atom)
1 comment:
Mad dog Chien Vun, your government style of chiseling the head to fit the hat is too old and repetitive for ordinary people.
Post a Comment